HRW អំពាវនាវ​ជាថ្មី​ឱ្យ​ប្រទេស​ម្ចាស់ជំនួយ​ដាក់​សម្ពាធ​លើ​កម្ពុជា​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ

សកម្មជនបក្សប្រឆាំង ចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវឱ្យរដ្ឋាភិបាលនិងប្រទេសម្ចាស់ជំនួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់ចោលការចោទប្រកាន់និងដោះលែងអ្នកទោសនយោបាយកម្ពុជាដោយឥតលក្ខខណ្ឌ ខណៈមន្ត្រីរដ្ឋាភិបាលថា ការដាក់សម្ពាធឬទណ្ឌកម្មណាមួយនឹងធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាជន។

តាមរយៈរបាយការណ៍ដែលមានចំណងជើងថា «អ្នកទោសនយោបាយកម្ពុជា» ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងថា ការធ្លាក់ចុះយ៉ាងគំហុកនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​នៅតែបន្តកើតមាន ជាមួយនឹងរលកនៃការចាប់ខ្លួននិងការឃុំខ្លួននៅក្រោមហេតុផលនយោបាយ។

របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានបង្ហាញពីប្រវត្តិនិងរូបថតរបស់អ្នកទោសនយោបាយនីមួយៗដែលជាសកម្មជន ថ្នាក់ដឹកនាំគណបក្សប្រឆាំង សកម្មជនសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត និងប្រជាពលរដ្ឋសាមញ្ញ ថាជាគោលដៅនៃការបង្ក្រាបរបស់រដ្ឋាភិបាល។

របាយការណ៍បន្តថា ពួកគេត្រូវបានកាត់ទោសដោយមិនគោរពតាមស្ដង់ដារនៃការកាត់ក្ដីដោយយុត្តិធម៌ និងដោយចៅក្រមដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ក្នុងនោះរួមមាន ករណីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ, ករណីសកម្មជននយោបាយបក្សប្រឆាំង លោក ទុំ ប៊ុនថន, យុវជន គង់ រ៉ៃយ៉ា, យុវជនបរិស្ថាន, យុវជនខ្មែរថាវរៈ និងករណីអ្នកវិភាគ លោក គឹម សុខ។ ករណីបេក្ខជនតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា, លោក អ៊ុំ សំអាន, អតីតអ្នកកាសែតវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន, លោក យាង សុធារិន, អ្នកចម្រៀងរ៉េប យុវជន គា សុគន្ធ, សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី និងរួមទាំងសកម្មជនអតីតគណបក្សសង្គ្រោះជាតិជាច្រើនរូបទៀត ដែលអ្នកខ្លះត្រូវបានដោះលែងដោយសារអនុវត្តទោសក្នុងពន្ធនាគារគ្រប់ចំនួន និងអ្នកខ្លះកំពុងស្ថិតនៅក្នុងការឃុំខ្លួននៅឡើយ។

របាយការណ៍បន្តថា៖ «ខុសពីការបោះឆ្នោតលើកមុន ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១៣ វោហារសាស្ត្រនយោបាយគំរាមកំហែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើអ្នកប្រឆាំង និងគូប្រជែងនយោបាយ មិនបានធូរស្រាលនោះឡើយ។ ដោយមានជំនួយពីប្រព័ន្ធតុលាការដែលមាននយោបាយនិងពុករលួយ រដ្ឋាភិបាលកម្ពុជាបានបង្កើនការយាយីដល់អតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលកំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ដោយ​មិន​កំណត់​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ខណៈលោក សម រង្ស៊ី និង​មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀតកំពុង​និរទេស​ខ្លួន​ឯង ហើយ​ប្រឈម​នឹង​ដីកា​ចាប់​ខ្លួន​ ប្រសិន​បើ​ពួកគេ​វិល​ត្រលប់​មក​វិញ»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏បានអំពាវនាវដល់រដ្ឋាភិបាលនិងម្ចាស់ជំនួយដែលពាក់ព័ន្ធ គួរតែឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជា ដោយពង្រឹងការរិះគន់ជាសាធារណៈ និងអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ និងអ្នកផ្សេងទៀតដែលត្រូវបានឃុំខ្លួនជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា លោក កត្តា អ៊ន បានថ្លែងថា កម្ពុជាមិនមានអ្នកទោសនយោបាយនោះទេ មានតែអ្នកនយោបាយប្រព្រឹត្តកំហុសប៉ុណ្ណោះ។

លោកថា៖ «បាទ! ទីមួយ យើងឃើញហើយអត្តសញ្ញាណនិងចរិតមារយាទរបស់អង្គការ Human Rights Watch គឺជាអង្គការមួយតែងតែប្រឆាំងផ្កាប់មុខមកលើរដ្ឋាភិបាលកម្ពុជា។ របាយការណ៍ដែលអង្គការនេះចេញ មិនដែលនិយាយល្អពីកម្ពុជានោះទេ។ ទីពីរ សូមជម្រាបថា នៅកម្ពុជាពុំមានអ្នកទោសនយោបាយទេ អ៊ីចឹងយើងត្រូវញែកឱ្យច្បាស់រវាងករណីនយោបាយ ករណីរំលោភច្បាប់ និងករណីរំលោភសិទ្ធិមនុស្ស»។

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បានច្រានចោលចំពោះការចោទប្រកាន់នេះដែរ។

លោក ផៃ ស៊ីផាន ថ្លែងថា៖ «អត់មានទេអ្នកទោសនយោបាយ ពីព្រោះយើងឈរទៅលើអង្គហេតុ ហើយនិងភស្តុតាងដែលបំពានទៅលើច្បាប់ ហើយអ្នកឃាត់ខ្លួនគាត់ហ្នឹង គឺឈរទៅលើនីតិរដ្ឋ គឺការអនុវត្តច្បាប់»។

ប៉ុន្តែនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានកត់សម្គាល់ថា ទោះបីជារដ្ឋាភិបាលកម្ពុជាបានបដិសេធថា កម្ពុជាមិនមានអ្នកទោសនយោបាយក្ដី តែសហគមន៍អន្តរជាតិនៅតែចាត់ទុកថា អ្នកទាំងនោះគឺជាអ្នកទោសនយោបាយដដែល។

លោកថា៖ «យើងឃើញហើយថា វាជាទម្លាប់ ហើយជារឿងធម្មតាទៅហើយរបស់រដ្ឋាភិបាលដែលបានធ្វើការបដិសេធតាំងពីដើមថា កម្ពុជាមិនមានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយដែលជាប់ទោស។ ប៉ុន្តែគ្រាន់តែថា ជាទិដ្ឋភាពទូទៅរបស់សហគមន៍អន្តរជាតិដែលគេមើលឃើញ គេនៅតែចាត់ទុកថា អ្នកទាំងអស់ហ្នឹងជាអ្នកទោសនយោបាយ ដោយសារពាក់ព័ន្ធជាមួយស្ថានភាពនយោបាយ។ អ៊ីចឹងការបកស្រាយហ្នឹងនៅតែខ្វែងគំនិតគ្នា»។

អ្វីជាការកត់សម្គាល់ថា ការចេញផ្សាយរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះបានធ្វើឡើង ខណៈកម្ពុជាកំពុងធ្វើជាប្រធានអាស៊ាន និងខណៈដែលប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅឯសហរដ្ឋអាមេរិក នៅចុងខែមីនា ឆ្នាំ២០២២នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ