មន្ត្រី​បរិស្ថាន​ខេត្តកំពង់ឆ្នាំង​ម្នាក់​រង​ការ​ចោទប្រកាន់​ថា​ឈូសឆាយ​ដីព្រៃ​ដោយ​ខុសច្បាប់

ដីព្រៃដែលរងការឈូសឆាយពីសំណាក់ជនខិលខូច ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ (ផ្ដល់ឱ្យ)

សាលាដំបូងខេត្តកំពង់ឆ្នាំង បានកោះហៅមន្ត្រីបរិស្ថានម្នាក់នៅខេត្តនេះឱ្យចូលសវនាការនៅ២សប្ដាហ៍ខាងមុខទៀត ដើម្បីឆ្លើយបំភ្លឺលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធការឈូសឆាយដីព្រៃដោយខុសច្បាប់។

តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា បានកោះហៅលោក ម៉ឹង ហ៊ីម ជាប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឱ្យចូលសវនាការលើកទី១ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រោមបទចោទ «កាប់រានឈូសឆាយហ៊ុមព័ទ្ធដីព្រៃដោយគ្មានសិខិតអនុញ្ញាត» ដែលបានប្រព្រឹត្តនៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៩។

វីអូឌី មិនអាចរកការឆ្លើយតបពីប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តកំពង់ឆ្នាំង លោក ម៉ឹង ហ៊ីម បានទេ ពាក់ព័ន្ធករណីនេះ។

ប៉ុន្តែប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក ម៉ម ផល្លា មានប្រសាសន៍ថា លោកសុំមិនបកស្រាយពាក់ព័ន្ធសំណុំរឿងលោក ម៉ឹង ហ៊ីម នេះទេ ដោយថា រឿងនេះបានផុតសមត្ថកិច្ចរបស់មន្ទីរបរិស្ថានខេត្ត និងបានចូលដល់ដៃតុលាការទៅហើយ។

យ៉ាងណា ចំពោះការកោះហៅនេះ លោកអះអាងថា កន្លងមក លោក ម៉ឹង ហ៊ីម តែងតែចូលទៅឆ្លើយបំភ្លឺតាមការកំណត់របស់តុលាការ។

លោកបន្ថែមថា៖ «រឿងនេះ វាមិនមែនមានអីដែលគាត់មិនចូលទេ ព្រោះគាត់ធ្លាប់ចូលទៅសាលាដំបូងហ្នឹងសឹងតែរាល់ខែហើយ ទៅតាមការកោះហៅរបស់តុលាការ»

ពលរដ្ឋរស់នៅកំពង់ឆ្នាំងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព ប្រាប់វីអូឌីថា ដីព្រៃជាង៣០ហិកតានៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស កំពុងរងការឈូសឆាយថ្មីៗ និងស្នាមចាស់ខ្លះ យ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ទាន់ពេលពីសំណាក់អាជ្ញាធរពាក់ព័ន្ធឡើយ។

ឆ្លើយតបបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក ម៉ម ផល្លា បានទទួលស្គាល់ថា ពិតជាមានបទល្មើសឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ពិតមែន ប៉ុន្តែលោកថា ជាសកម្មភាពបទល្មើសចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០២១។

ប្រធានបរិស្ថានរូបនេះ អះអាងថា សកម្មភាពឈូសឆាយដីព្រៃតំបន់ការពារទាំងនោះ គឺមន្ទីរបរិស្ថានខេត្តបានចុះទប់ស្កាត់ជាបន្តបន្ទាប់ និងបានកសាងសំណុំរឿងទៅតុលាការផងដែរ។

លោកបន្ថែមថា៖ «មានន័យថា បុគ្គលទាំងអស់ហ្នឹង ពេលដែលគាត់ទៅឈូសទៅឆាយ គឺយើងទៅអត់ទាន់សកម្មភាពជាក់ស្ដែងរបស់គាត់ទេ។ អ្វីដែលយើងទៅទាន់តែស្នាមឈូសឆាយ គាត់ដាំកូនឈើ យើងដកកូនឈើនោះចេញ។ ហើយយើងបានបន្តរៀបចំនីតិវិធីដាក់បណ្ដឹងអញត្តិជន ដោយសារយើងអត់បានទៅទាន់សកម្មភាពជាក់ស្ដែង។ ហើយយើងក៏បានបន្តតាមដានរកករណីមុខសញ្ញាហ្នឹង ប្រសិនជាយើងរកឃើញ យើងនឹងដាក់បណ្ដឹងបន្តបន្ទាប់ទៀត»។

មន្ត្រីសម្រប​សម្រួល នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស (ADHOC) ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង លោក សំ ចាន់គា បានសាទរនិងគាំទ្រចំពោះតុលាការដែលមានមានចំណាត់ការចំពោះអ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីអាជ្ញាធរដែលបានរុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មករសិទ្ធិនេះ។

មន្ត្រីសិទ្ធិមនុស្សរូបនេះមើលឃើញថា កន្លងមក បទល្មើសដោយការរុករាន ការហ៊ុមព័ទ្ធយកដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ គឺមានការបើកភ្លើងខៀវពីអាជ្ញាធរ ជាពិសេសគឺមន្ត្រីជំនាញតែម្ដង។ លោកបានអំពាវនាវដល់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ត្រូវពិនិត្យនិងមានវិធានការចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនដែលជាប់ពាក់ព័ន្ធ​បទល្មើស ដើម្បីការពារដីព្រៃរបស់រដ្ឋ។

លោកបន្ថែមថា៖ «យើងក៏ស្នើសុំដែរ សុំឱ្យមន្ត្រីជំនាញដែលមានតួនាទីក្នុងការការពារទប់ស្កាត់បទល្មើសនេះ កុំឱ្យប្រព្រឹត្តអំពើខុសឆ្គងបែបហ្នឹង វាធ្វើឱ្យអាប់ឱនកិត្តិយសដល់អង្គភាពរបស់ខ្លួន។ អ៊ីចឹងខ្ញុំសង្ឃឹមថា ករណីនេះគឺជាករណីមួយធ្វើឱ្យអង្គភាព ជាពិសេសក្រសួងបរិស្ថាន លោកនឹងពិនិត្យមើលលើមន្ត្រីរបស់ខ្លួនផ្សេងៗទៀត ដើម្បីអង្គភាពរបស់ខ្លួនមានកិត្តិយស»។

កាល​ពី​ចុង​ឆ្នាំ​២០២១ អាជ្ញាធរខេត្តកំពង់ឆ្នាំង​ក៏បាន​រក​ឃើញនិង​ដក​ហូតដី​ទំហំ​៧១១ហិកតារបស់គម្របព្រៃឈើ​២០០២ ស្ថិតនៅ​​ស្រុកទឹក​ផុស មក​ទុក​ជា​សម្បត្តិរដ្ឋវិញ​ផង​ដែរ ក្រោយ​ពី​ជន​ខិល​ខូច​លួចឈូស​ឆាយធ្វើកម្មសិទ្ធិ។

មាត្រា៩៧ នៃច្បាប់ស្ដីពីព្រៃឈើ ចែងថា ការ​កាប់​រានព្រៃ ឬហ៊ុមព័ទ្ធ​កាន់កាប់ដីព្រៃ ត្រូវផ្ដន្ទាទោសពី៥ទៅ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកទុកជាសម្បត្តិរដ្ឋវិញ ដកហូតកិច្ចព្រមព្រៀង អាជ្ញាបណ្ណ លិខិតអនុញ្ញាត ​រួមទាំងកម្ទេច​ចោលវត្ថុ​តាង​ក្លែង​បន្លំ។

ចំណែក​មាត្រា១០០នៃច្បាប់ដដែលនេះ ចែងថា ប្រសិនបើបទល្មើសនោះប្រព្រឹត្តដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីយោធា និងមន្ត្រីអាជ្ញាធរផ្សេងទៀត ដោយបានធ្វើអន្តរាគមន៍ ផ្ដល់ការអនុញ្ញាតដោយផ្ទាល់ឬប្រយោល ដើម្បីជួយដល់សកម្មភាពល្មើសគ្រប់យ៉ាង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យពី១០លានរៀលទៅ១០០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ