អង្គការ​សហប្រជាជាតិ​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​គោរព​សិទ្ធិសេរីភាព​ជួបប្រជុំ​ដោយ​សន្តិវិធី

ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស​ លោកស្រី មីស្យែល បាស្យេឡេត។ (Michelle Bachelet)

ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជំរុញទៅអាជ្ញាធរឱ្យគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងចូលរួមពិភាក្សាដោះស្រាយការទាមទាររបស់កូដករណាហ្គាវើលដ៍តាមផ្លូវច្បាប់។

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំលើកទី៤៩ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីឆែល ប៉ាហ្សេលែត បានបង្ហាញក្ដីកង្វល់អំពីការប្រើប្រាស់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ពីសំណាក់អាជ្ញាធរ ដើម្បីបង្ក្រាបកូដកម្មស្របច្បាប់របស់ក្រុមបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍។

លោកស្រីចាក់ទុកការបន្តបង្រ្កាបទៅលើកូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរ ដោយយកហេតុផលកូវីដ-១៩ ថានឹងធ្វើឱ្យលំហប្រជាធិបតេយ្យ និងសង្គមស៊ីវិលកាន់តែធ្លាក់ចុះ ខណៈមន្ត្រីការិយាល័យអង្គការសហប្រជាជាតិបានឃើញផ្ទាល់នូវអំពើហិង្សាថ្មីៗនេះរបស់អាជ្ញាធរ ដែលបានចាប់បង្ខំឱ្យកូដករជាស្ត្រីឡើងលើឡានក្រុងនិងដឹកចេញពីកន្លែងធ្វើកូដកម្ម។

លោកស្រី មីឆែល ប៉ាហ្សេលែត លើកឡើងថា ការការពារសេរីភាពមូលដ្ឋានមានសារៈសំខាន់ ខណៈកម្ពុជាឈានឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ នៅគ្រាដែលគណបក្សជំទាស់ធំជាងគេរបស់ប្រទេសនេះពុំត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងនៅឡើយ។

លោកស្រី មីឆែល ប៉ាហ្សេលែត លើកឡើងថា៖ «ការការពារសេរីភាពមូលដ្ឋានមានសារៈសំខាន់ណាស់ ខណៈប្រទេសកម្ពុជាឈានឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ នៅគ្រាដែលគណបក្សជំទាស់ធំជាងគេរបស់ប្រទេសនេះពុំត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែង។ ហើយថ្នាក់ដឹកនាំនិងអ្នកគាំទ្រជាច្រើនរបស់គណបក្សជំទាស់ ត្រូវរស់នៅនិរទេសខ្លួននៅក្រៅស្រុក ជាប់ឃុំ និងប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ដោយសារសកម្មភាពស្របច្បាប់របស់ខ្លួនស្របតាមច្បាប់អន្តរជាតិ»។

ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីឆែល ប៉ាហ្សេលែត អំពាវនាវដល់អាជ្ញាធរឱ្យគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងចូលរួមពិភាក្សា ដើម្បីដោះស្រាយទៅតាមការទាមទាររបស់កូដករឱ្យស្របតាមផ្លូវច្បាប់ ដោយថា កូដករត្រូវបានចាប់ឃុំខ្លួនតាមអំពើចិត្ត និងរងការបង្ខំឱ្យធ្វើតេស្តពិនិត្យជំងឺកូវីដ-១៩ជាច្រើនដង ដែលវិធានការនេះផ្ទុយពីការអនុវត្តលើសាធារណជនទូទៅ។

កាលពីថ្ងៃទី៧​ ខែមីនា ឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញបានចាប់ឱ្យកូដករណាហ្គាវើលដ៍១៨៣នាក់ទាំងបង្ខំដាក់ក្នុងរថយន្តនិងបញ្ជូនទៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ បន្ទាប់ពួកគេចេញតវ៉ាជាថ្មី។ អាជ្ញាធរក៏បានឃុំខ្លួនកូដករជិត២០០នាក់នៅមណ្ឌលចត្តាឡីស័ក រហូតដល់ថ្ងៃទី៨ ខែមីនា ទើបដោះលែងវិញ។

បើតាមសេចក្ដីប្រកាសរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក៏បានចោទប្រកាន់ក្រុមកូដករទាំងនោះថា មិនសហការផ្ដល់ព័ត៌មានទាក់ទងឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីឱ្យ​ក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ត។

អាជ្ញាធរបានព្រមានអនុវត្តវិធានការច្បាប់ ដោយពិន័យអន្តរការណ៍ជាប្រាក់ពី១ ០០០ ០០០រៀល ទៅ៥ ០០០ ០០០រៀល ហើយក្នុងករណីមិនរាងចាល នឹងពិន័យទ្វេដង។

តំណាងកូដករណាហ្គាវើលដ៍ អ្នកស្រី ណុប ទិត្យបូរ៉ាវី មានប្រសាសន៍ថា ពួកគាត់នៅតែបន្តធ្វើកូដកម្មអហិង្សា បើសិនជាក្រុមហ៊ុននិងភាគីពាក់ព័ន្ធនៅតែមិនដោះលែងថ្នាក់ដឹកនាំនិងសកម្មជនទាំង១១នាក់ រួមទាំងដោះស្រាយវិវាទការងារមួយនេះជូនពួកគាត់។

អ្នកស្រីថា៖ «ខ្ញុំសំណូមពរចង់ឱ្យខាងតុលាការច្រានចោល​បទចោទទាំងអស់លើតំណាងពួកខ្ញុំទាំង១១នាក់​ ជាពិសេសបើកឱ្យពួកយើងចូលសួរសុខទុក្ខពួកគាត់ផង។ ​ហើយសូមឱ្យស្ថាប័នពាក់ព័ន្ធគោរពតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កោះហៅក្រុមហ៊ុនមកបញ្ចប់វិវាទនេះ ហើយកុំលម្អៀងទៅលើក្រុមហ៊ុនណាហ្គាវើលដ៍ ពីព្រោះកូដករទាំងអស់ គាត់ធ្វើដើម្បីទាមទារសិទ្ធិរបស់ពួកគាត់ត្រលប់ចូលធ្វើការវិញទេ»។

ឆ្លើយតបនឹងរឿង​នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការ​អនុវត្តវិធានសុខាភិបាលលើក្រុមកូដករមិនមែនជាការរឹតត្បិតនិងរំលោភបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែវាជាការទប់ស្កាត់ការឆ្លង​រីករាលដាលកូវីដ-១៩ ខណៈកម្ពុជាជាប្រទេសមួយ ដែល​បានទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩បានល្អជាងគេក្នុងចំណោមប្រទេសដទៃទៀត។

លោកថា៖ «កម្ពុជា ការជួបជុំដោយសន្តិវិធីត្រូវផ្អែកទៅលើច្បាប់​ គោរពវិធានការរបស់សមត្ថកិច្ច ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ហើយនិងវិធានការប្រយុទ្ធប្រឆាំងកូវីដ-១៩។ អ៊ីចឹងការជួបជុំណាដែលបំពានវិធានការទាំងអស់នេះ ​បង្កភាពចលាចលក្នុងសង្គម បំផ្លាញ ឬរារាំងវិធានការប្រឆាំងកូវីដ-១៩ដែលកំពុងរីករាលដាលសព្វថ្ងៃនេះ មិនមែនជាការ​អនុវត្តសិទ្ធិសេរីភាពជួបជុំតាមផ្លូវច្បាប់ទេ»។​

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ចាត់ទុកសេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ គឺឆ្លុះបញ្ចាំងការពិត ដែលអាជ្ញាធរបានរឹតត្បិតទៅលើកូដករណាហ្គាវើលដ៍។ មួយវិញទៀត ក៏បានបង្ហាញអំពីកម្សោយការអនុវត្តច្បាប់ ក្នុងការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបង្កឱ្យមានភាពអយុត្តិធម៌នៅក្នុងសង្គម​ ខណៈរដ្ឋាភិបាលនៅតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បី​ដាក់បន្ទុកនិងរារាំងការធ្វើកូដកម្មស្របច្បាប់របស់កូដករ។

លោកបន្តថា វិវាទការងារនៅក្រុមហ៊ុនល្បែងមួយនេះ បើសិនជារដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនៅតែមិនព្យាយាមដោះស្រាយទេ កម្ពុជានឹងប្រឈមបញ្ហាជាច្រើនជាមួយសហគមន៍អន្តរជាតិ ខណៈចុងខែមីនានេះ អង្គការពលកម្មអន្តរជាតិ នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកការពិត និងត្រួតពិនិត្យ​ រួមទាំងតាមដានកាតព្វកិច្ចរបស់រដ្ឋក្នុងការអនុវត្តអនុសញ្ញាស្នូលរបស់ខ្លួន​​ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័ន។

លោកថា៖ «យើងសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនូវកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលសម្ដេចក្រឡាហោមហ្នឹង វានឹងអាចមានជាផ្លែផ្កាវិជ្ជមានណាមួយ ដើម្បីឈានទៅដល់ការបិទបញ្ចប់វិវាទការងារដែលបានអូសបន្លាយរយៈពេលជាង១ឆ្នាំមកនេះ។ អ៊ីចឹងយើងសង្ឃឹមថា ​គាត់នឹងមានវិធានការជាក់លាក់ណាមួយ ដើម្បីបិទបញ្ចប់សំណុំរឿងការងារនេះ»។

នៅថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយវិវាទនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ខណៈឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger បានអំពាវនាវជាថ្មីឱ្យ​​ភាគីពាក់​ព័ន្ធវិលចូលតុចរចា ក្នុងការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុន​មួយនេះផងដែរ។

វិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្ដាលរាជធានីភ្នំពេញនេះ បានអូសបន្លាយរយៈពេល​​ជិត១ឆ្នាំ​មក​ហើយ។ ការអូសបន្លាយនេះឈានទៅដល់ការចាប់ខ្លួនថ្នាក់ដឹកនាំនិងសកម្មជនសហជីព១១នាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់ចាប់តាំងពីយប់ឆ្លងឆ្នាំសកលមក ដោយគ្រាន់តែពួកគេប្រើប្រាស់សិទ្ធិធ្វើកូដកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិកម្មករនិងសហ​ជីព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ