ពលរដ្ឋ​អ៊ុយក្រែន​ជាង​១លាននាក់​បាន​ភៀសខ្លួន​ទៅ​ប៉ូឡូញ​គិត​ចាប់​តាំង​ពី​រងការ​ឈ្លានពាន​ដោយរុស្ស៊ី

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបើកច្រករបៀងមនុស្សធម៌ដើម្បីជួយជនស៊ីវិលផ្លាស់ទីពី Mariupol និង Volnovakha ក្នុងប្រទេសអ៊ុយក្រែន។ (ធ្វីតទ័រ៖ Russian Mission OSCE)

កងកម្លាំងការពារព្រំដែនប៉ូឡូញ (Polish Border Guard) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មានប្រជាជនចំនួន១,៤៣លាននាក់បានចេញពីអ៊ុយក្រែនចូលមកកាន់ប្រទេសប៉ូឡូញ គិតចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ប្រភពដដែលបានបន្តឱ្យដឹងតាមរយៈបណ្ដាញសង្គមធ្វីតធ័រ (Twitter) ថា កាលពីថ្ងៃពុធ មានមនុស្សប្រមាណ​១១៧ ៦០០នាក់បានឆ្លងកាត់ព្រំដែន និងប្រមាណ​២២ ០០០នាក់ផ្សេងទៀតបានឆ្លងកាត់នៅថ្ងៃព្រហស្បតិ៍។

ក្រសួងការពារជាតិរុស្ស៊ី កាលពីដើមសប្ដាហ៍នេះ ក៏បានលើកឡើងផងដែរថា យោធារបស់ខ្លួននឹងផ្អាកការបាញ់ប្រហារ ហើយអនុញ្ញាតឱ្យមាន​ច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ (Kyiv) ផងដែរ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីប្រទេសមួយនេះដោយសុវត្ថិភាព។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនមកលើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ហើយក្នុងនោះមនុស្សរាប់ម៉ឺននាក់ក៏បានព្យាយាមរត់ភៀសខ្លួនចេញជាបន្តបន្ទាប់ ស្របពេលដែលមានការផ្ទុះនិងស្នូរកាំភ្លើងក្នុងទីក្រុងធំៗមួយចំនួនកើតឡើង។

ទាក់ទិននឹងករណីនេះ សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ ក៏ធ្លាប់បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួនដែល​ព្យាយាម​ចាកចេញពីប្រទេសអ៊ុយក្រែន ឱ្យពិចារណាធ្វើសកម្មភាពនេះតាមរយៈច្រកព្រំដែនផ្លូវគោករបស់ប្រទេសហុងគ្រី រូម៉ានី និងស្លូវ៉ាគី ខណៈដែលពួកគេអាចនឹងចំណាយពេលវេលារង់ចាំតិចជាងច្រកប្រទេសប៉ូឡូញ និងម៉ុលដូវ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ