កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ចុង​ខែមីនា​នេះ​ត្រូវ​បាន​លើក​ពេល

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ តាមប្រព័ន្ធវីដេអូ ជាមួយនឹងវត្តមានបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ឬ Special ASEAN-US Summit ដែលគ្រោងធ្វើនៅចុងខែមីនានេះ ត្រូវបានលើកពេលជាផ្លូវការ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែមីនានេះថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែលគ្រោងធ្វើនៅសហរដ្ឋអាមេរិក នាថ្ងៃទី២៨-២៩ ខែមីនានេះ ត្រូវបានលើកពេល ដោយសារតែថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានមួយចំនួនជាប់រវល់។

យ៉ាងណាក្ដី ឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាននិងសហរដ្ឋអាមេរិក កំពុងខិតខំសម្របសម្រួល ដើម្បីកំណត់កាលបរិច្ឆេទថ្មីដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំអាស៊ានទាំងអស់។

លោកបន្តថា សម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានគាំទ្រការលើកពេលកិច្ចប្រជុំនេះ ប៉ុន្តែបានអះអាងថា កម្ពុជាប្រកាន់យកភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួល ជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងតំបន់និងអន្តរជាតិ។

លោក ជុំ សុន្ទរី បានសរសេរតាមរយៈសារអេឡិចត្រូនិចតេឡេក្រាមថា៖ «គួរឱ្យសោកស្ដាយ កាលបរិច្ឆេទដែលបានស្នើឡើង គឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំ [អាស៊ាន]​ ដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាននិងសហរដ្ឋអាមេរិកបានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទដែលសមស្របសម្រាប់ភាគីទាំងសងខាង»។

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភៈ ថាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនឹងធ្វើឡើងនៅវិមានប្រធានាធិបតីអាមេរិក (White House) នៃរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក នៅថ្ងៃទី២៨-២៩ ខែមីនានេះ។

មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មានប្រចាំវិមានប្រធានាធិបតីអាមេរិក អ្នកស្រី Jen Psaki បានប្រកាសថា ប្រធានាធិបតីអាមេរិកនឹងស្វាគមន៍​មេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ និង២៩ ខែមីនាខាងមុខនេះ។ ប៉ុន្តែលិខិតនេះបញ្ជាក់ថា អាមេរិកនឹងគោរពតាមការសម្រេចរបស់អាស៊ាន ដែលថា កិច្ចប្រជុំនេះនឹងមិនអញ្ជើញមេដឹកនាំរបបយោធាភូមា លោក មីន អ៊ុងឡាំង ចូលរួមប្រជុំកិច្ចប្រជុំកំពូលនេះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ