អង្គការសង្គមស៊ីវិលបានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះរបាយការណ៍ដែលបង្ហាញពីការកើតឡើងយ៉ាងច្រើននៃការជួញដូរមនុស្សចូលមកកម្ពុជា ដែលធ្វើឱ្យមានការប្រើកម្លាំងពលកម្មដោយបង្ខំ អំពើទាសភាព និងទារុណកម្មនៅតាមបរិវេណអគារនានា នៅក្នុងប្រទេសកម្ពុជា។
តាមរយៈសេចក្ដីថ្លែងការណ៍រួមនៅថ្ងៃទី១០ ខែមីនានេះ អង្គការសង្គមស៊ីវិលចំនួន៣៦ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាលុបបំបាត់អំពើទាសភាពទាំងនោះពីក្នុងប្រទេស។ ការឆ្លើយតបរួមគ្នា និងការកំណត់គោលដៅច្បាស់លាស់ គឺត្រូវការជាបន្ទាន់ពីអាជ្ញាធរកម្ពុជា អង្គការជាតិនិងអន្តរជាតិ ស្ថាប័នអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងទំហំដ៏ធំនៃវិបត្តិមួយនេះ។
សេចក្ដីថ្លែងការណ៍បានសរសេរថា៖ «យើងខ្ញុំស្នើសុំឱ្យអាជ្ញាធរកម្ពុជាបំពេញការទទួលខុសត្រូវរបស់ខ្លួន ដើម្បីស៊ើបអង្កេតឱ្យបានពេញលេញនូវការរំលោភបំពាននៅក្នុងប្រទេសរបស់ខ្លួន ព្រមទាំងលុបបំបាត់រាល់ទីតាំងទាំងអស់ដែលជាប់ទាក់ទងនឹងល្បែងស៊ីសងខុសច្បាប់ និងប្រតិបត្តិការបោកបញ្ឆោត ក៏ដូចជា ការបង្ខំឱ្យធ្វើពលកម្ម ទាសភាព ឬការធ្វើទារុណកម្ម។ សូមធានាផងដែរថា អ្នកដែលជាប់បង្ខាំងខ្លួនត្រូវបានដោះលែង និងផ្ដល់សុវត្ថិភាពជូនពួកគាត់ ហើយកាត់ទោសអ្នកទទួលខុសត្រូវទាំងអស់តាមច្បាប់កម្ពុជា»។
សេចក្ដីថ្លែងការណ៍បន្តថា ផ្អែកតាមការរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងគណនីបណ្ដាញសង្គមរបស់ជនរងគ្រោះជាច្រើន ដែលចងក្រងដោយអង្គការក្នុងស្រុកនិងអន្តរជាតិ បង្ហាញថា មនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាជនបរទេស ត្រូវបានជាប់ក្នុងស្ថានភាពទាំងអស់នេះ។
ការរំលោភបំពានទាំងនេះពាក់ព័ន្ធនឹងជនបរទេសដែលត្រូវបានចាប់ជំរិត លក់ ជួញដូរ ឬត្រូវបានបោកបញ្ឆោតឱ្យទទួលបានការងារធ្វើនៅក្នុងប្រទេសកម្ពុជា។ នៅពេលមកដល់ប្រទេសកម្ពុជា ពួកគេត្រូវបានឃុំខ្លួនក្នុងបរិវេណអគារធំៗ និងត្រូវបង្ខំឱ្យធ្វើការ ដែលជាញឹកញាប់ជាការងារទាក់ទងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ដោយដាក់គោលដៅលើជនបរទេសរស់នៅខាងក្រៅប្រទេសកម្ពុជា។ បុគ្គលិកដែលរត់គេចខ្លួន បានរាយការណ៍ថា ពួកគេបានប្រឈមមុខនឹងការគំរាមកំហែងទាំងផ្លូវកាយ ផ្លូវចិត្ត និងអំពើហិង្សាដែលប្រព្រឹត្តដោយអ្នកចាប់បង្ខាំងពួកគេ។
របាយការណ៍ដដែលបង្ហាញថា ភាគច្រើននៃបរិវេណអគារទាំងនោះ គឺស្ថិតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែក៏មានការរំលោភបំពានស្រដៀងគ្នានេះ ដែលត្រូវបានគេរាយការណ៍ថា កើតឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តផ្សេងទៀតផងដែរ។
សេចក្ដីថ្លែងការណ៍រួមបានចាត់ទុកថា អ្នកសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិ បានដើរតួយ៉ាងសំខាន់ក្នុងការបើកកកាយវិបត្តិសិទ្ធិមនុស្សទាំងនេះ ក៏ដូចជាការរាយការណ៍អំពីជនរងគ្រោះ ជនល្មើស និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធក្នុងប្រតិបត្តិការទាំងអស់នេះ។ បន្ថែមពីនេះ ពួកគេថា ការពិតដ៏គ្រោះថ្នាក់មួយនេះត្រូវបានទទួលស្គាល់ដោយស្ថានទូតបរទេសជាច្រើននៅកម្ពុជា ដូចជា ស្ថានទូតឥណ្ឌូនេស៊ី វៀតណាម ថៃ ប៉ាគីស្ថាន និងប្រទេសចិនជាដើម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១កន្លងទៅ មានជនរងគ្រោះជាជនបរទេសជាង១០០នាក់ ត្រូវបានជួយសង្គ្រោះ។ លោកបានស្នើសុំឱ្យអាជ្ញាធរកម្ពុជា ចាត់វិធានការរួមគ្នា និងប្រកបដោយប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទាំងនេះ ក៏ដូចជាស៊ើបអង្កេតភាពស្មុគស្មាញ ដែលត្រូវបានលើកឡើងរវាងអាជ្ញាធររដ្ឋ និងសហគ្រាសដែលប្រព្រឹត្តបទល្មើសផ្សេងៗ។
លោកថា៖ «អ៊ីចឹងករណីទាំងអស់នេះ គឺភាគច្រើនជាបរទេសនិងបរទេស តែយកទឹកដីកម្ពុជាធ្វើជាកន្លែងដែលឆ្លងកាត់ ឬការប្រព្រឹត្តបទល្មើសទាក់ទងនឹងទាសភាពសម័យទំនើប ដែលយើងមានការព្រួយបារម្ភ។ អ៊ីចឹងហើយបានជាអង្គការសង្គមស៊ីវិលទាំងអស់ហ្នឹង សុំទទូចទាមទារឱ្យមានការលុបបំបាត់ ហើយចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីលុបបំបាត់រាល់ទង្វើអមនុស្សធម៌ ឬក៏ទាសភាពបែបទំនើបនៅលើទឹកដីកម្ពុជាយើង»។
រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង មិនទាន់អត្ថាធិប្បាយយ៉ាងណានៅឡើយទេជុំវិញរបាយការណ៍នេះ ដោយសារលោកស្រីកំពុងជាប់រវល់។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងថា អាជ្ញាធរបានចាត់វិធានការបង្ក្រាបជារឿយៗមកហើយ ដោយមិនចាំបាច់មានការអំពាវនាវនោះទេ។
លោកថា៖ «ជាសកម្មភាពដែលយើងធ្វើជារឿយៗហើយតើ! មិនចាំបាច់ទៅនេះ [អំពាវនាវ] អី! ការបង្ក្រាបបទល្មើស យើងធ្វើជាប់ជារឿយៗ មិនចាំបាច់ការអំពាវនាវពីគាត់ធ្វើអ្វី»។
កាលពីដើមខែកក្កដា ឆ្នាំ២០២១កន្លងទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍អង្កេត និងវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ស្តីពី «ការជួញដូរមនុស្សលើសកលលោក ឆ្នាំ២០២១»។ របាយការណ៍នោះបានចាត់ថ្នាក់ប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីឃ្លាំមើលទី២ (Tier 2 Watch List)។ របាយការណ៍ដដែលនេះក៏បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា មិនបានគោរពឱ្យបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សនោះទេ ហើយថា អំពើពុករលួយនៅតែបន្តរារាំងដល់ការអនុវត្តច្បាប់ នីតិវិធីព្រហ្មទណ្ឌ និងការផ្ដល់សេវាដល់ជនរងគ្រោះ៕