អ្នកឆ្លងកូវីដ-១៩​ប្រភេទ​«អូមីក្រុង»​​មាន​ជាង​២០០​ករណី​បន្ថែម​ទៀត

អ្នកសង្ស័យថា បានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​​​អ្នកឆ្លងកូវីដ-១៩ ​ប្រភេទ»អូមីក្រុង» ចំនួនជាង ២០០ករណីបន្ថែមទៀត ដោយចំនួននេះមានការថយចុះ១ករណីប៉ុណ្ណោះ បើធៀបនឹងការប្រកាសរកឃើញរបស់ក្រសួងកាលពីម្សិលមិញ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីម្សិលមិញ បានរកឃើញមាន​អ្នក​ជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង»​ចំនួន ២៣៧​នាក់។ អ្នកជំងឺដែលរកឃើញឆ្លងថ្មីទាំងនោះ មាន ​២០៧ករណី ​ជាការរកឃើញឆ្លងចូល​ក្នុងសហគមន៍ និង​៣០ករណីទៀត ​ជាការនាំចូលពីក្រៅប្រទេស​។ ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា​​មានករណីស្លាប់ថ្មីម្នាក់ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយថ្មីមានចំនួន៣០៥នាក់ផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្រសួងបានប្រកាសរកឃើញករណីឆ្លងថ្មីចំនួន២៣៨​នាក់ និងស្លាប់ថ្មីចំនួន១នាក់ ហើយ​ករណីនាំចូលពីក្រៅប្រទេសមានចំនួន២៤នាក់ និងឆ្លងក្នុងសហគមន៍ចំនួន ​២១៤​នាក់។

ក្រសួងបញ្ជាក់ថា មកទល់ព្រឹកថ្ងៃសុក្រនេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩​ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ១២ ១១៩​ករណី។

​កម្ពុជាបាន​រកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន​ «អូមីក្រុង» ​ ​ជាលើកដំបូង កាលពីថ្ងៃទី ១៤ខែធ្នូ ឆ្នាំ២០២១ លើ​ស្ត្រី​ខ្មែរ​​ម្នាក់ ដែល​ធ្វើ​ដំណើ​រពីប្រទេស​ហ្គាណា នៃតំបន់អាហ្វ្រិក​ខាង​លិច​ មកកម្ពុជា។ 

គិតត្រឹមព្រឹកថ្ងៃសុក្រដដែលនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៣​ ៧៣៨​​នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១២៨ ៣០០នាក់ អ្នកស្លាប់​​ចំនួន​៣ ០៤៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ២១ ​០៣៥​នាក់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ