លោក ស ខេង ជំរុញ​ឱ្យ​មាន​ការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​នានា​បន្ថែមទៀត​ក្នុង​ខេត្តព្រះសីហនុ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia)

ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ខេត្តព្រះសីហនុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឱ្យដឹងថា បញ្ហា​សណ្ដាប់ធ្នាប់និង​សន្តិសុខដែល​បន្ត​កើត​ឡើង​ឥត​ឈប់ឈរ ​គឺជាករណីដែលតម្រូវឱ្យមានការដោះស្រាយជាបន្ទាន់។

យោងតាមវីដេអូនៃពិធីខាងលើ កាលពីថ្ងៃពុធ ដែលត្រូវបានបង្ហោះដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានធ្វើការលើកឡើងពីករណីចាប់ជំរិត ឆក់ ប្លន់ ឃាតកម្ម ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មគ្រឿងញៀន ជាដើម ខណៈដែលលោកថា ករណីទាំងនេះចាំបាច់ត្រូវតែលុបបំបាត់ឱ្យអស់មុនការបោះឆ្នោតឃុំ-សង្កាត់ឈានចូលមកដល់ក្នុងខែមិថុនាខាងមុខ។

លោក​​ថា មន្រ្តីនគរបាល​ខេត្ត​បាន​បញ្ជូន​ព័ត៌មាន​នានា​ទាក់ទងនឹង​ឧក្រិដ្ឋកម្ម​ដល់​រូបលោក ដោយលោកមើលឃើញថា ករណីទាំងនោះពិតជា​ឃោរឃៅខ្លាំងណាស់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបន្តថា៖ «ពេលខ្លះ ខ្ញុំមិនចង់មើលនោះទេ ប៉ុន្តែចៀសមិនរួច ដោយខ្ញុំត្រូវតែពិនិត្យលើករណីទាំងនោះ។ រូបភាពទាំងអស់នោះពិតជាសាហាវខ្លាំងណាស់ ហើយករណីទាំងនេះក៏កំពុងតែត្រូវបានផ្សព្វផ្សាយដល់ពិភពលោកទាំងមូលផងដែរ ថាកម្ពុជាមិនល្អ ដោយមានការលួច ឆក់ ប្លន់ ចាប់ជំរិត គំរាមគំហែង និងហិង្សាគ្រប់កន្លែង។ វា​មិនប៉ះពាល់ត្រឹមតែ​កេរ្តិ៍ឈ្មោះ​របស់ខេត្ត​ព្រះ​សីហនុតែមួយប៉ុណ្ណោះ​ទេ»។

លោក ស ខេង បន្តថា ដំបូងឡើយ វាមិន​ចាំបាច់សម្រាប់លោកក្នុងការធ្វើជាអធិបតី​ក្នុង​ពិធីនេះ​នោះ​ទេ ប៉ុន្តែវាមាន​ចំណុច​សំខាន់​មួយ​ដែល​តម្រូវ​ឱ្យ​រូបលោកត្រូវតែចូល​រួម។

លោកថា៖ «បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសឧក្រិដ្ឋកម្ម នៅតែកើតមានជាបន្តបន្ទាប់​ឥត​ឈប់ឈរ ហើយបញ្ហាទាំងនេះជះឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះខេត្តព្រះសីហនុរបស់យើង»។

លោក ស ខេង បានឱ្យដឹងទៀតថា ក្នុងករណីដែលមានការបំផ្លើសតាមប្រព័ន្ធផ្សព្វផ្សាយ និងដោយគ្មានការបំភ្លឺច្បាស់លាស់ទៀតនោះ ព័ត៌មាននេះអាចក្លាយជាការពិត ដែលធ្វើឱ្យមនុស្សគ្រប់គ្នាជឿជាក់បាន។

កាល​ពី​ខែ​មុន មានករណីជន​រងគ្រោះដែលត្រូវគេ​បង្ខំ​ឱ្យ​ធ្វើ​ការងារមួយ​រូប បាន​លើកឡើងថា ឈាម​របស់​លោកត្រូវ​បានគេបូមយកទៅលក់បន្ទាប់​ពីខ្លួន​បដិសេធ​មិន​ធ្វើ​ការឱ្យពួកគេ។

បន្ទាប់ពីមានការលើកឡើងនេះ ​​អ​គ្គ​​ស្នង​​ការ​ដ្ឋាន​​ន​​គរបា​ល​ជាតិ​​​ ថ្លែងថា ខ្លួន​បានបើកការ​ស៊ើបអង្កេត ​ហើយរកឃើញថារឿងនេះជាការប្រតិដ្ឋព័ត៌មានឡើងតែប៉ុណ្ណោះ។

ក្នុងសប្ដាហ៍នេះ សមត្ថកិច្ចថៃក៏បានរាយការណ៍ពីករណីបង្ខាំង​មនុស្ស​ឱ្យធ្វើជា​ទាសករបូម​ឈាមផ្សេងទៀតនៅកម្ពុជាផងដែរ។ ទោះជាយ៉ាងណា សមត្ថកិច្ច​កម្ពុជា​បាន​ច្រានចោលករណីនេះ ដោយ​បានចាត់ទុកថា ជា​រឿងដ៏គួរឱ្យអស់សំណើចមួយ។

លោក ស ខេង បានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយមន្រ្តីនគរបាលចិនក៏ធ្លាប់ត្រូវបានពិភាក្សាកាលពីពេលកន្លងទៅ​ ប៉ុន្តែការចរចាមិនទទួលបានលទ្ធផលនោះទេ ដោយសារតែអាជ្ញាធរចិនចង់ធ្វើការចាប់ខ្លួនដោយពួកគេផ្ទាល់នៅកម្ពុជា។

លោក​​ថា​៖ «​យើង​មិនមានការ​យល់​ស្រប​គ្នានោះ​ទេ។ ​ពួកគេ [ភាគីចិន] ​បាន​ស្នើ​ដើម្បីធ្វើការចាប់​ខ្លួនដោយផ្ទាល់។ ពួកគេមិនចង់​ត្រឹម​តែ​ផ្ដល់​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួកគេ​ថែមទាំងចង់មក​ចាប់​ខ្លួនដោយពួកគេផ្ទាល់ថែមទៀតផង។ អ្វី​ដែល​យើង​ចង់​បាននោះ គឺ​យើង​ចង់​ឱ្យ​ពួកគេ​ផ្ដល់​នូវព័ត៌មាន​ ដូចជា ​ដីកា ​ឯកសារ និង​គោលដៅ​ណា​មួយ​ដែល​ពួកគេ​កំណត់​ថា​ជា​ជន​ល្មើស ដើម្បីអាចឱ្យយើងធ្វើការចាប់ខ្លួនបាន​ដូច​អ្វីដែលយើង​កំពុងតែ​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន។ នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន»។

លោកបន្តថា​ វា​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព ហើយ​ប្រសិន​បើ​កម្ពុជា​ផ្ដល់សិទ្ធិនេះ​ដល់​ចិន នោះកម្ពុជាក៏​នឹង​ត្រូវ​ប្រគល់​សិទ្ធិដូចគ្នានេះ​ឱ្យទៅ​ប្រទេស​ផ្សេង​ទៀតផងដែរ។

លោក ស ខេង បន្ថែមថា៖ «យើង​ទាំង​អស់​គ្នាត្រូវ​តែប្ដេជ្ញា​ចិត្ត​ ដើម្បី​បញ្ចប់​បញ្ហា​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ។ នេះ​ជាការ​ប្ដេជ្ញាចិត្ត​របស់​យើង។ មុន​ការបោះឆ្នោត​ឃុំ​-សង្កាត់ឈានចូលមកដល់ យើង​ត្រូវតែខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ ដើម្បី​បញ្ចប់​ករណីទាំងនេះ។ បើទោះបីជា​វា​មិនអាចសម្រេចបាន ១០០​ភាគរយ​ ក៏យើងត្រូវតែទប់ស្កាត់កុំឱ្យ​ករណីនេះកើតឡើងក្នុងចំនួនច្រើនផងដែរ​ ព្រោះ​យើង​មើលឃើញ​ថា ​វាពិតជា​សាហាវខ្លាំង​ណាស់​»​។

ទាក់ទិន​ករណីនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ក៏បានឱ្យដឹងផងដែរថា កិច្ច​ប្រជុំមួយស្ដីពីបញ្ហា​សន្តិសុខ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​កំណត់​បញ្ហា​សំខាន់ៗ​ចំនួន៣។

លោកថា៖ «ទីមួយ ការបន្តកើតឡើងនៃឧក្រិដ្ឋកម្មចាប់ជំរិត ការឃុំខ្លួនដោយខុសច្បាប់ និងអំពើហិង្សាប្រដាប់អាវុធ។ ទីពីរ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ដែលប្រតិដ្ឋនិងបំផ្លើសព័ត៌មាន។ ទី​បី ជនដែល​បន្ត​មកប្រព្រឹត្ត​ ធ្វើឱ្យ​ខូចដល់​កិត្តិយសនិង​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋបាល​ខេត្ត»។

ទាក់ទិន​ករណីនេះ អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ នឹងធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីគ្រប់គ្រងអាជីវកម្មល្បែងស៊ីសង ខណៈដែលនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

ជាមួយគ្នានេះដែរ រដ្ឋបាល​ខេត្ត​នឹង​បង្កើត​ក្រុម​ព័ត៌មាន​ជា​ភាសា​ចិនមួយ ​ដើម្បី​បំភ្លឺ​ការពិត​ដល់​ជនជាតិ​ចិនទាំងឡាយ និង​ជួប​ជាមួយ​សមាគម​ចិនឱ្យបាន​ទៀងទាត់ផងដែរ។

លោក គួច ចំរើន ​បន្ត​ថា រដ្ឋបាល​ខេត្ត​​​នឹង​ស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​យ៉ាង​តឹងរ៉ឹង​ប្រឆាំង​នឹង​ការ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ ការ​ជួញ​ដូរ​គ្រឿង​ញៀន ឃាតកម្ម ការ​ជួញ​ដូរ​មនុស្ស ការ​ចាប់​ជំរិត និង​ជំរិត​ទារ​ប្រាក់ផងដែរ។

យោងតាមស្ថិតិដែលចេញដោយប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក សូ ជុងហូរ បានឱ្យដឹងថា ឧក្រិដ្ឋកម្មបានធ្លាក់ចុះក្នុងឆ្នាំ២០២១ រួមទាំងការថយចុះ ១៨ភាគរយនៃបទឧក្រិដ្ឋ និង ៤៨ភាគរយនៃការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏បានឱ្យដឹងផងដែរថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២នេះ យ៉ាងហោចណាស់មានសាកសពស្លាប់ដោយជាប់ខ្នោះចំនួនពីរត្រូវបានប្រទះឃើញ ខណៈដែលការបាញ់ប្រហារនិងឃាតកម្មមាន៥​ករណី និងមានការចាប់ខ្លួនមនុស្សចំនួន៦នាក់ពីបទចាប់ជំរិតផងដែរ ក្នុងខេត្តព្រះសីហនុ៕

បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Interior Minister Urges Crackdown on Sihanoukville Crime

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ