ក្រសួង​រៀបចំដែនដី​ជំរុញ ACU ចាត់ការ​លើ​មន្ត្រី​ដែល​គប់គិត​ទន្ទ្រាន​ដីព្រៃលិចទឹក​តំបន់ទន្លេសាប

ព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះត្រួតពិនិត្យនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីបង្ការនិងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹកជុំវិញបឹងទន្លេសាបយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ (ហ្វេសប៊ុក៖ GRK News)

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU ឱ្យបន្តចាត់វិធានការចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងដែលបានចូលរួមប្រព្រឹត្តបទល្មើសទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។

ការជំរុញនេះធ្វើឡើង ក្រោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងតាមប្រព័ន្ធអនឡាញ ដែលមានការចូលរួមពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងស្ថាប័ន​ពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យលទ្ធផលនៃការអនុវត្តវិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប តបតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី កាលពីថ្ងៃទី១០ ខែមីនានេះ។

ប្រភពដដែលបានប្រាប់ឱ្យរដ្ឋបាលខេត្តពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់ទន្លេសាប ហើយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្រូវបន្តជួយជំរុញការអនុវត្តនីតិវិធីក្រោយពេលទទួលបានបណ្ដឹង។

ក្រសួងរៀបចំដែនដី គូសបញ្ជាក់ថា៖ «អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិលនិងកងកម្លាំងដែលបានចូលរួមប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប»។

លិខិតដដែលបញ្ជាក់ថា បានឃាត់ខ្លួនអ្នកពាក់ព័ន្ធបទល្មើសទន្ទ្រានយកដែនព្រៃលិចទឹកនៅតំបន់ទន្លេសាបចំនួន៣៤នាក់ ក្នុងនោះ ៥នាក់បានដោះលែងវិញ និងឃុំខ្លួនមនុស្ស២៩នាក់។ យ៉ាងណា ក្រសួងរៀបចំដែនដីពុំបានបញ្ជាក់ពីអត្តសញ្ញាណរបស់ជនប្រព្រឹត្តណាម្នាក់នោះឡើយ ខណៈទំហំផ្ទៃដីដែលរងការទន្ទ្រានកាន់កាប់ដោយខុសច្បាប់នោះ ក្រសួងក៏មិនបានបង្ហាញទំហំជាក់លាក់នោះដែរ។

វីអូឌី មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង និងអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានទេ នៅថ្ងៃសុក្រនេះ។

ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត សាទរចំពោះការចាត់វិធានការលើមន្ត្រីស៊ីវិលនិងកងកម្លាំងដែលចូលរួមប្រព្រឹត្តបទល្មើសទន្ទ្រានដីព្រៃលិចទឹក​តំបន់ទន្លេសាប ខណៈករណីទន្ទ្រានទាំងនេះពុំមែនទើបតែកើតឡើងនាពេលបច្ចុប្បន្នទេ។

បែបនេះក្ដី លោកថា វិធានការនិងការកំណត់ព្រំប្រទល់នៅក្នុងបឹងទន្លេសាប ធ្លាប់ត្រូវបានអាជ្ញាធរអនុវត្តរួចមកហើយ ហើយក៏មានភាពស្ងប់ស្ងាត់បទល្មើសមួយរយៈ ប៉ុន្តែក្រោយមកទៀត បទល្មើសមានច្រើនលើសដើម។

លោកបន្ថែមថា បរិបទចុងក្រោយនេះ ដែនព្រៃលិចទឹកតំបន់ទន្លេសាបត្រូវបានគេរំលោភទន្ទ្រានយកយ៉ាងធ្ងន់ធ្ងរ ខណៈពួកគេសុទ្ធតែជាអ្នកមានអំណាច និងជាបុគ្គលមានតួនាទីធំដុំ។

យ៉ាងណា លោករំពឹងថា រដ្ឋាភិបាលនឹងមានជំហរចាត់ការលើមន្ត្រីដែលគប់គិតទន្ទ្រានយកទាំងនោះឱ្យមានប្រសិទ្ធភាព បើមិនដូច្នេះទេ ដីព្រៃលិចទឹកតំបន់ទន្លេសាប​នឹងត្រូវវិនាស។

លោកថា៖ «ឱ្យតែធ្វើទៅតាមច្បាប់ដែលមានហ្នឹងទៅ គឺអ្នកទាំងហ្នឹងខ្លាចឯង! ហើយអ្នកខ្លះដែលចូលខ្លួនហើយមិនទាន់ត្រូវបានកាត់ទោស ឬមិនទាន់ត្រូវបានស្រាវជ្រាវរកឃើញ ក៏គាត់ភ័យដែរ មិនហ៊ានបន្តទៀតទេ។ បើឃើញ ចាប់ ហើយគេអនុវត្តច្បាប់មិនលែងអ៊ីចឹង។ ប៉ុន្តែបើសិនជាចាប់ហើយលែងវិញ វាមិនមានប្រសិទ្ធភាពទេ។ អ្នកហ្នឹងនឹងទៅប្រព្រឹត្តទៀត ហើយអ្នកថ្មីឃើញអ្នកចាស់ហ្នឹងរួច[ខ្លួន]មកវិញ ក៏គេនឹងបន្តទៅដែរ ព្រោះមនុស្សឥលូវនេះ តម្រូវការគេម្នាក់ៗ គេចង់បានដី គេចង់បានផលប្រយោជន៍ធំដុំអ៊ីចឹងនោះ។ អ៊ីចឹងមានតែការអនុវត្តច្បាប់ឱ្យបានតឹងតែងមួយទេ ដែលធ្វើឱ្យមានប្រសិទ្ធភាព»៕

កាលពីថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យបង្ក្រាបចំពោះការ​ទន្ទ្រានកាន់​កាប់​ដីព្រៃលិចទឹក​នៅ​ជុំវិញ​បឹងទន្លេសាប​ បន្ទាប់ពីលោក​ទទួល​បាន​របាយការណ៍ពីលោក សុខ ទូច ជុំវិញការ​​រំលោភ​កាន់​កាប់ដីព្រៃលិចទឹក​រាប់ពាន់​ហិកតា​ដោយ​ខុសច្បាប់។

មិនតែប៉ុណ្ណោះ​ លោក ហ៊ុន សែន ថែមទាំងជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យចាត់វិធានការច្បាប់ចំពោះមន្ត្រីពាក់ព័ន្ធ ពិសេសលោកបាននិយាយចំឈ្មោះអតីត​អភិបាល​ខេត្ត​​កំព​ង់ឆ្នាំ​ង ​លោក ឈួរ ចាន់ឌឿន ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​​មហា​ផ្ទៃ ក្រោយមានរបាយការណ៍បង្ហាញថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបាន​ទន្ទ្រានកាន់​កាប់​​​ដីព្រៃលិច​ទឹក​ក្នុង​ភូមិ​សាស្ត្រខេ​ត្តកំពង់ឆ្នាំង​​ ទំហំ​២ ០០០​ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ