ពលរដ្ឋ​ប៉ះពាល់​ពី​គម្រោង​ផ្លូវដែក​ជំរុញ​អាជ្ញាធរ​ខណ្ឌឫស្សី​កែវ​ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី​ជូនពួកគេ

ពលរដ្ឋរងផលប៉ះពាល់ដីធ្លីក្រោមគម្រោងផ្លូវដែក ជួបជជែកស្វែងរកដំណោះស្រាយជាមួយមន្ត្រីខណ្ឌឫស្សីកែវ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានជំរុញទៅអាជ្ញាធរខណ្ឌនេះជាថ្មីទៀត ឱ្យពន្លឿនការដោះស្រាយផលប៉ះពាល់ដីធ្លីជូនពួកគេ។

អ្នកភូមិប្រហែល២០នាក់ រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ បានប្រមូលផ្ដុំនៅសាលាខណ្ឌឫស្សីកែវ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដើម្បីជំរុញទៅអាជ្ញាធរខណ្ឌ​ពន្លឿនការផ្លាស់ប្ដូរលំនៅឋានរបស់ពួកគេពីទីតាំងចាស់ទៅកាន់ប្រឡាយអូរវែង ដែលស្ថិតនៅខាងក្រោយ «វត្តទូលអស់លោក» ឱ្យបានឆាប់ ក្រោយដីតំបន់នោះត្រូវបានផ្សព្វផ្សាយលក់។

ពលរដ្ឋម្នាក់ អ្នកស្រី សាយ លាងអេង មានប្រសាសន៍ថា អ្នកភូមិសុំឱ្យអាជ្ញាធរពន្លឿនការដោះស្រាយនេះ ដោយសារពួកគាត់បារម្ភខ្លាចមិនទទួលបានដីនៅក្រោយ«វត្តអស់លោក» ដូចការសន្យារបស់អាជ្ញាធរ ម្យ៉ាងទៀតពួកគាត់កំពុងជួបបញ្ហាផ្ទះសម្បែងចាស់ទ្រុឌទ្រោមដោយសារមិនអាចជួសជុលថ្មីបាន។

អ្នកស្រីបន្ថែមថា៖ «ប្រជាសហគមន៍ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរឱ្យគាត់ជួយពន្លឿនការដោះស្រាយឱ្យបានឆាប់ ពីព្រោះផ្ទះពួកយើងខ្លះខូចច្រើនណាស់ ហើយយើងមិនអាចធ្វើថ្មីបាន អ៊ីចឹងវាពិបាក។ បើផ្ទះខ្ញុំកណ្ដៀរស៊ីចង់អស់ហើយ ជញ្ជាំង និងទ្វារអីហ្នឹង។ អ៊ីចឹងបានជាពួកខ្ញុំចេះស្នើគាត់ពន្លឿនការដោះស្រាយ»

បើតាមអ្នកស្រី សាយ លាងអេង ថាអាជ្ញាធរធ្លាប់សន្យាដោះដូរដីជូនពួកគាត់ជាគោលនយោបាយ ដោយមួយគ្រួសារទទួលបានដីទំហំទទឹង៤ម៉ែត្រ និងបណ្ដោយ១៥ម៉ែត្រ ស្ថិតនៅក្រោយវត្តទួលអស់លោក ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

អភិបាលរងខណ្ឌឫស្សីកែវ លោក លឹម សមឌី មានប្រសាសន៍ថា អាជ្ញាធរកំពុងខិតខំធ្វើកិច្ចការនេះ ដោយកំពុងចាក់ដីពុះជាដីឡូត៍សម្រាប់ចែកជូនពលរដ្ឋ។ លោកថា ការយឺតយ៉ាវក្នុងការដោះស្រាយបញ្ចប់បញ្ហានេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ហើយមន្ត្រីត្រូវរវល់លើកិច្ចការងារកូវីដវិញ។

យ៉ាងណា លោកថា ពេលនេះអាជ្ញាធរខណ្ឌក៏កំពុងជំរុញឱ្យពន្លឿនការដោះស្រាយបញ្ចប់បញ្ហាដីធ្លីជូនពលរដ្ឋដែលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែកនេះផងដែរ។

លោកបន្ថែមថា៖ «ហើយខាងយើងបានរៀបចំរបាយការណ៍ ដើម្បីស្នើសុំខាងរដ្ឋបាលរាជធានីភ្នំពេញហ្នឹងឱ្យធ្វើការពុះឡូត៍មួយជំហានសិន។ គាត់បានដាក់ប្រជុំហើយ ប៉ុន្តែគាត់បានលើកពេលវិញ ដោយសារគាត់ជួបបញ្ហាជំងឺកូវីដ-១៩ដែរ។ ការងារហ្នឹង គឺបានជំរុញរហូតទេ ខាងរដ្ឋបាលខណ្ឌយើង ហើយនិងក្រុមការងារចាក់ដីហ្នឹង យើងមិនដែលនៅស្ងៀមទេ»

បើតាមអភិបាលរងខណ្ឌរូបនេះ គឺមានពលរដ្ឋ៣២០គ្រួសារដែលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ក្នុងខណ្ឌឫស្សីកែវ ដែលនឹងត្រូវទទួលបានការដោះស្រាយ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ធ្លាប់មានប្រសាសន៍ ប្រសិនបើអាជ្ញាធរនៅតែពន្យារពេល​ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ឬមានភាពយឺតយ៉ាវបន្តទៀតនោះ នឹងធ្វើឱ្យពួកគេអស់ជំនឿលើប្រព័ន្ធគ្រប់គ្រងរដ្ឋជាមិនខាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ