សាលាឧទ្ធរណ៍​ភ្នំពេញ​នឹង​បើក​សវនាការ​សំណុំរឿង ​សូកប៉ាន់សាក្សី​ លើមន្ត្រីអាដហុក​៤​នាក់​​នៅ​ចុង​ខែ​នេះ

អតីតមន្រ្តីអាដហុកលោក នី ចរិយា (ឆ្វេង) និងមន្ត្រីការពារសិទ្ធិមនុស្សអាហុក លោក ណៃ វ៉ង់ដា (កណ្ដាល) លោក យី សុខសាន្ត (ស្ដាំ)

​អយ្យការ​អមសាលាឧទ្ធរណ៍​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំជម្រះ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ៤ នាក់​ពី «បទសូក​ប៉ាន់​សាក្សី» នៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ខណៈ​សំណុំ​រឿង​បាន​អូសបន្លាយ​ពេល​ជាង ៤ ឆ្នាំ​ក្រោយ​ពី​មាន​បទបញ្ជា​ពី​នាយករដ្ឋមន្ត្រី។

យោងតាម​លិខិត​របស់​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ភ្នំពេញ​លោក អ៊ឹម សុផាន បានអញ្ជើញ​មេធាវី​ការពារក្តី​មន្ត្រីអាដហុកលោក ឡោ ជុនធី, ហួន ជុនធី, សំ ទិត្យសីហា និងស៊ីម ដាលីស ឱ្យ​ចូលរួម​សវនាការ​នៅ​វេលាម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកទាំង៤នាក់រួមមាន លោក នី សុខា, លោកស្រី លឹម មុនី លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត។ ប្រភពដដែលឱ្យដឹងថា សវនាការនេះ មានលោក ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សា លោកស្រី ខៀវ សុខា ជាចៅក្រមប្រឹក្សា លោកស្រី ទិតសុទ្ធី បូរ៉ាល័ក្ខណ៍ ជាចៅក្រមប្រឹក្សា។

កាលពី​ឆ្នាំ​២០១៦ អ្នកការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក ចំនួន ​៤​រូប គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុនី ព្រមទាំង​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម អាដហុក លោក នី ចរិយា បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​» ក្នុង​សំណុំរឿង​ នាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ អ្នក​ទាំង ៥ ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ មុននឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ កាល​ពី​ចុងខែ​មិថុនា ឆ្នាំ​២០១៧។ ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ២០២១៨ បានបញ្ជា​ទៅ​ក្រសួង​ការងារ និង​ក្រសួង​យុត្តិធម៌ឱ្យ​សហការ​ជាមួយ​តុលាការ​ ដើម្បីដោះស្រាយ​បញ្ចប់​សំណុំ​រឿង​នេះ ដើម្បី​ឲ្យ​ពួកគាត់​បាន​បំពេញ​ការងារ​របស់​ខ្លួន​បាន​ពេញ​លេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ