កីឡា​ការិនី​ប៉េតង់ អ្នកស្រី កែ ឡេង ស្នើសុំ​អង្គការ​តម្លាភាព​កម្ពុជា​ដក​បទសម្ភាសន៍​របស់​ខ្លួន​ចេញ

ម្ចាស់មេដាយមាសប៉េតង់ អ្នកស្រី កែ ឡេង ទទួលប្រាក់៤ម៉ឺនដុល្លារនិងការដំឡើងឋានៈ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។

កីឡា​ការិនី​ប៉េតង់​កម្ពុជា អ្នកស្រី កែ ឡេង បាន​ស្នើ​សុំ​ឱ្យ​អង្គការ​តម្លាភាព​កម្ពុជា (TI) ដក​ចេញ និង​ហាមផ្សព្វផ្សាយ​វីដេអូ​បទសម្ភាសន៍​របស់​ខ្លួន ចេញ​ពី​វីដេអូ​សង្ខេប​មួយ ដោយ​សារ​មាន​បទសម្ភាសន៍​របស់​អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​បាន​តុលាការ​រំលាយ​ក្នុង​វីដេអូ​នោះ​ដែរ។

តាម​រយៈលិខិត​ផ្ញើទៅកាន់ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃទី៩ ខែមីនា អ្នកស្រី កែ ឡេង បានចាត់ទុកថា ការផលិតវីដេអូនេះ មានការផ្សារភ្ជាប់ច្រើនទៅនឹងសកម្មភាពនយោបាយ។ អ្នកស្រីបានស្នើសុំឱ្យដកចេញ និងហាមផ្សព្វផ្សាយវីដេអូសម្ភាសន៍របស់អ្នកស្រី ដែលគ្រោងនឹងរៀបចំកម្មវិធីសម្ពោធជាមួយវីដេអូដទៃទៀតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ អ្នកស្រីក៏បញ្ជាក់ដែរថា អ្នកស្រីនឹងមិនទៅចូលរួមនៅក្នុងពិធីសម្ពោធវីដេអូនេះនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះទេ។

អ្នកស្រីបន្តថា អ្នកស្រីបានផ្តល់បទសម្ភាសន៍ ដល់អង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រោយពីក្រុមការងារតម្លាភាពកម្ពុជាបានទាក់ទងជាច្រើនដង ដោយអ្នកស្រីយល់ថា កិច្ចសម្ភាសន៍នេះ គឺដើម្បីតែលើកកម្ពស់ និងអបអរសាទរតម្លៃស្ត្រីកម្ពុជា ដោយមិនពាក់ព័ន្ធនឹងការងារនយោបាយណាមួយនោះទេ។

វីដេអូសង្ខេបនេះ មានចំណងជើងថា «ស្ត្រីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជា ឆ្នាំ២០២១» ដែលមានសមាសភាពស្ត្រី ១០រូបចូលរួម ក្នុងនោះក៏មានសមាសភាពលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយផងដែរ។

អ្នកស្រីបានសរសេរថា«ក្នុងន័យនេះ ដោយឃើញកម្រងវីដេអូ និងវេទិកាដែលរៀបចំដោយអង្គការរបស់លោក មានការផ្សារភ្ជាប់ច្រើនទៅនឹងសកម្មភាពនយោបាយដូចបានបញ្ជាក់ខាងលើ ខ្ញុំស្នើសុំលោកនាយកប្រតិបត្តិ ដកចេញនូវវីដេអូសម្ភាសន៍របស់ខ្ញុំ និងហាមធ្វើការផ្សព្វផ្សាយទោះរូបភាពណាក៏ដោយ។ ហើយ ខ្ញុំក៏នឹងអាក់ខានក្នុងការចូលរួមពិធីសម្ពោធវីដេអូនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ»

វីអូឌីមិនអាចទាក់ទង អ្នកស្រី កែ ឡេង បានទេនៅថ្ងៃសុក្រនេះ តែជំនួយការអ្នកស្រី លោក លី សីហា បានបញ្ជាក់ថា ការស្នើសុំឱ្យដកវីដេអូបទសម្ភាសន៍នេះចេញ គឺដោយសារតែវីដេអូនេះមានភ្ជាប់នឹងសកម្មភាពនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកស្រីដែលកំពុងបម្រើការងារជាមន្ត្រីរាជការនៅក្រសួងការពារជាតិ។ បើតាមលោក លី សីហា អង្គការតម្លាភាពកម្ពុជាបានសម្រេចដកបទសម្ភាសន៍នេះចេញវិញហើយ កាលពីវេលាម៉ោង ៨ និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែមីនានេះ។

អ្នកស្រី កែ ឡេង ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់រហ័សនាមថា «វីរកីឡាការិនីប៉េតង់កម្ពុជា» បន្ទាប់ពីអ្នកស្រីបានឈ្នះមេដាយមាសជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា ចាប់ពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩។ បច្ចុប្បន្នអ្នកស្រី កែ ឡេង មានឋានៈជាឧត្តមសេនីយ៍ទោល ឬផ្កាយពីរ នៃក្រសួងការពារជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ