ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង»ចំនួនជាង ២០០ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ដោយសារជំងឺនេះ មានម្នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» កាលពីម្សិលមិញមានចំនួន ២០៥នាក់ ក្នុងនោះ ករណីឆ្លងចូលក្នុងសហគមន៍ ១៨៩ នាក់ ហើយនាំចូលពីក្រៅប្រទេសចំនួន ១៦ នាក់។
ក្រសួងបញ្ជាក់ថា កាលពីម្សិលមិញ ក៏មានករណីស្លាប់ថ្មីម្នាក់ដែរ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយថ្មីមានចំនួន៣២៣នាក់។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ១២ ៣០៨ នាក់។
បើតាមក្រសួងសុខាភិបាល ឱ្យដឹងថា គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៣ ៩៤៣ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ២១ ០៥១ នាក់ ខណៈអ្នកស្លាប់ចំនួន ៣ ០៤៦នាក់ និងអ្នកជំងឺព្យាបាលជាសះស្បើយចំនួន១២៨ ៦២៣ នាក់៕