យុវជន​មួយ​ក្រុម​កៀរគរ​ថវិកា​តាម​បណ្តាញ​សង្គម​ដើម្បី​ទិញ​ធុង​សំរាម​ដាក់​ពង្រាយ​ក្នុង​រាជធានី​ភ្នំពេញ

លោក សាន ដារ៉ាវីត ស្ថាបនិកក្រុមយុវជនសំរាម។ (រូបភាព៖ ហ្វេសបុក យុវជនសំរាម)

យុវជន​ស្ម័គ្រចិត្ត​មួយក្រុម​បាន​បង្កើត​យុទ្ធនាការ​ប្រមូល​ថវិកា​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ទិញ​ធុង​សំរាម​យក​ទៅ​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងគោលបំណង​កាត់បន្ថយ​ការបោះចោល​សំរាម​រាយ​ប៉ាយ​របស់​ប្រជាពលរដ្ឋ។

ស្ថាបនិកក្រុមយុវជនសំរាម និងជាអ្នកផ្តួចផ្តើមគំនិតប្រមូលថវិកាទិញធុងសំរាម លោក សាន ដារ៉ាវីត បានថ្លែងថា យុទ្ធនាការដាក់ពង្រាយធុងសំរាមក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមឡើងក្នុងកំឡុងដើមខែកុម្ភៈ ដែលមានរយៈពេល៧សប្តាហ៍មកហើយ​ ដោយប្រមូលថវិកាបានជិត៤០០០ដុល្លារ និងទិញបានធុងសំរាមជាង១០០ធុង។

យុវជនរូបនេះបន្ថែមថា ដើមហេតុដែលនាំឱ្យលោកមានគំនិតបង្កើតយុទ្ធនាការនេះឡើង ដោយសារលោកសង្កេតឃើញថា នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញមិនទាន់មានធុងសំរាមសំរាប់ឱ្យពលរដ្ឋបោះចោលសំរាមឱ្យបានត្រឹមត្រូវនោះទេ ដែលនាំឱ្យមានគំនរសំរាមស្អុយរលួយ នៅលាយឡំជាមួយទឹកស្អុយ នៅតាមដងផ្លូវសាធារណៈមួយចំនួន ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

លោក សាន ដារ៉ាវីត និយាយថា៖ «នៅភ្នំពេញយើងជាទូទៅអត់សូវមានមនុស្សដើរ [តាមដងផ្លូវ] ទេ! យ៉ាងហោចក៏មានអ្នកជិះកាត់ យើងមើលឃើញគំនរសំរាមជាភ្នំៗ ហើយវាអាក្រក់មើល ហើយវាហូរទឹកស្អុយខូចសុខភាព។ ខ្ញុំឃើញអាហ្នឹងយូហើយ»

បើតាមលោក សាន ដារ៉ាវីត ឱ្យដឹងថា ក្រុមការងាររបស់លោកតែងតែដឹកធុងសំរាមតាមម៉ូតូដាក់ពង្រាយជារៀងរាល់យប់ នៅចន្លោះម៉ោង៩ និងម៉ោង១០យប់។ លោកថា ការជ្រើសរើសពេលយប់ដាក់ពង្រាយធុងសំរាម ព្រោះជាពេលដែលស្ងាត់ចរាចរណ៍ ហើយពលរដ្ឋភាគច្រើនបានបញ្ចេញសំរាមតាមផ្ទះរៀងៗខ្លួនយកមកដាក់នៅតាមដងផ្លូវសាធារណៈ។ លោកថា ក្នុងរយៈពេល៧សប្តាហ៍មកនេះ ក្រុមរបស់លោក បានដាក់ពង្រាយមានធុងសំរាមប្រមាណ៩០ធុង រួចមកហើយ ដោយក្នុងធុងសំរាមមួយមានតម្លៃ ៣៥ដុល្លារ ហើយធុងទាំងនោះមិនត្រូវបានដកចេញវិញទេ​ តែស្ថិតនៅក្រោមការឃ្លាំមើលរបស់ក្រុមលោក។

យ៉ាងណាក្តី ស្ថាបនិកក្រុមយុវជនសំរាមរូបនេះ  រំពឹងថា យុទ្ធនាការមួយនេះ នឹងបានជំរុញឱ្យពលរដ្ឋកាន់តែមានការយល់ដឹងបន្ថែមទៀតពីសារៈសំខាន់នៃការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងបានចូលរួមកាត់បន្ថយសំរាមដែលរាយប៉ាយនៅតាមដងផ្លូវសាធារណៈ។

លោក សាន ដារ៉ាវីត ថ្លែងថា៖ «ខ្ញុំគិតថា ប្រជាពលរដ្ឋមួយចំនួនគាត់ចាប់ផ្តើមស្គាល់ធុងសំរាម ។ ដោយសារពីមុខមកគាត់បោះចោលតាមគ្នា នៅកន្លែងណាមានគំនរសំរាមគាត់យកទៅបោះចោល អ្នកខ្លះជិះម៉តូទៅបោះចោល។ ឥឡូវនេះគាត់ឃើញធុងសំរាមច្រើនគាត់ងាយក្នុងការស្វែងរកធុងសំរាម។ ខ្ញុំគិតថា អាចពង្រឹងនូវការយល់ដឹងរបស់គាត់បានច្រើនជាងមុន»

ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី លើកឡើងថា លោកគាំទ្រចំពោះទឹកចិត្តរបស់ក្រុមយុវជនដែលមានសកម្មភាពចូលរួមថែរក្សាបរិស្ថានក្នុងរាងធានីភ្នំពេញ។ ទោះយ៉ាងណាលោកថា អាជ្ញាធរបានសហការជាមួយក្រុមហ៊ុនទាំង៣ ដែលកំពុងប្រតិបត្តិការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយកំណត់តំបន់ដែលត្រូវដាក់ធុងសំរាមរួចរាល់ហើយថា ធុងសំរាមដែលមានក្នុងរាជធានីភ្នំពេញក្នុងពេលបច្ចុប្បន្ននេះក៏មានគ្រប់គ្រាន់ហើយដែរ។

លោក គាត រង្សី បញ្ជាក់ថា៖ «អ្វីដែលគាត់ធ្វើនេះជាទឹកចិត្តមួយនៃការជួយដល់ការដាក់ធុងសំរាម ជួយដល់ការសម្អាតរាជធានីហើយ​ តាងនាមមន្ទីរបរិស្ថានក៏សូមអរគុណគាត់ដែរ។ ប៉ុន្តែការធ្វើដូចគាត់នេះ វាមិនរុញឱ្យមានភាពជោគជ័យប៉ុន្មានទេ […] យើងមានធុងសំរាមគ្រប់គ្រាន់ហើយ ហើយក៏មានការពង្រាយតាមកន្លែងចាំបាច់ដែរ។ មិនមែនថា ចង់ឱ្យកន្លែងណាក៏ឃើញធុងសំរាមៗ ជារឿងល្អទេ»

លោក គាត រង្សី បន្តថា ដើម្បីដោះស្រាយបញ្ហាសំរាមដែលនៅកើតមាននៅរាជធានីភ្នំពេញ គឺអាជ្ញាធរ តែងតែអប់រំប្រជាពលរដ្ឋបន្ថែមពីផលប៉ះពាល់នៃកាកសំណល់ទាំងនោះមកលើសុខភាព បរិស្ថាន និងសោភណ្ឌភាពទីក្រុងជាដើម ហើយបានជំរុញឱ្យពលរដ្ឋចេះបែងចែកទុក​ដាក់​សំរាម​ឱ្យបានត្រឹមត្រូវតាមរយៈការដាក់ចញនូវសេចក្តីជូនដំណឹង និងការផ្សព្វផ្សាយជាសារសំឡេងនៅតាមមូលដ្ឋានជាបន្តបន្ទាប់។

លោកថា៖ «ក្នុងនាមរាជធានីភ្នំពេញក៏មានមន្ទីរបរិស្ថានជាសេនាធិការតែងតែលើកទឹកចិត្ត និងជំរុញធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ ហើយតែងតែចូលរួមគ្រប់សកម្មភាព និងលើកទឹកចិត្តគ្រប់បុគ្គល គ្រប់ស្ថាប័នដែលចូលរួមក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ»

ទោះយ៉ាងណា សម្រាប់លោក សាន ដារ៉ាវីត វិញសង្កេតឃើញថា ​ទោះបីអាជ្ញាធរបានរៀបចំធុងសំរាមដាក់តាមដងផ្លូវរួចហើយក្តី តែលោកថា មិនទាន់អាចបំពេញតម្រូវការនៃការចោលសំរាមរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបាននៅឡើយទេ។

លោកថា៖ «បើនិយាយទៅឃើញការពង្រាយហ្នឹងមាន តែ​វានៅខ្វះច្រើនកន្លែង ខ្ញុំក៏សម្រេចចិត្តថា ចូលរួមជួយក្នុងចំណែកមួយហ្នឹង»

ចំណែក សកម្មជនបរិស្ថាន លោក កើត សារាយ វិញមើលឃើញថា សំរាមនៅតែជាបញ្ហាមិនទាន់បានដោះស្រាយដើម្បីឈានទៅរកភាពល្អប្រសើរនៅឡើយទេ។

លោកបន្តថា កត្តាចំនួន២ដែលនាំឱ្យបញ្ហាសំរាមនៅតែកើតមានក្នុងរាជធានីភ្នំពេញ គឺដោយ​សារ​ចំណេះដឹងរបស់ពលរដ្ឋនៅមានកំរិត ហើយយន្តការនានារបស់រដ្ឋាភិបាលដែលបានដាក់ចេញដើម្បីដោះស្រាយបញ្ហាសំរាមកកស្ទះនោះហាក់មិនមានប្រសិទ្ធភាពនោះទេ។

លោក កើត សារ៉ាយ បានជំរុញឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដោយអនុវត្តចំណាត់ការ ដោយម៉ឺងម៉ាត់ដើម្បីដោះសា្រយបញ្ហាសំរាមនេះ។

លោកថា៖ «ខ្ញុំសង្ឃឹមថា [រដ្ឋាភិបាល] នឹងមានភាពបន្តឹងម៉ឺងម៉ាត់ ក្នុងការរៀបចំនិងទទួលខុសត្រូវលើបញ្ហាទាំងនោះ។ ជាពិសេសត្រូវមានថវិកាវិនិយោគជាមួយនឹងមន្រ្តីជំនាញដើម្បីឱ្យពួកគាត់មានសមត្ថភាពក្នុងការធ្វើការសម្អាត ឬរៀបចំបញ្ហាសំរាម»

កាលពីដើម​ ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្តិភាព»  ដោយដាក់បញ្ជូល កិច្ចការថែរក្សាបរិស្ថាន ដើម្បីគ្រប់គ្រងសំរាម ថែរក្សាអនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈគោលនយោបាយថ្មីនេះ រដ្ឋាភិបាលកម្ពុជារំពឹងថា នឹងជំរុញឱ្យមានការដោះស្រាយបញ្ហាកាកសំណល់គ្រប់ប្រភេទ នៅទូទាំងប្រទេស។

បើតាមឯកសារស្តីពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្តិភាព» ក៏បានតម្រូវឱ្យអជ្ញាធរពាក់ព័ន្ធរៀបចំវេទិការសាធារណៈ យ៉ាងហោចណាស់មួយដង ក្នុងមួយខែ ដើម្បីទទួលយកសំណើរបស់ប្រជាពលរដ្ឋ និងជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហានានាដែលកើតមានក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស។

របាយការណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញថា នៅកម្ពុជា​មានសំរាមជាង១ម៉ឺនតោនក្នុងមួយថ្ងៃៗ ដោយក្នុងរាជធានីភ្នំពេញមានសំរាមជិត៣ពាន់តោន ដោយការប្រើប្រាស់ប្លាស្ទិចមានប្រមាណជាង ១០លានថង់ក្នុងមួយថ្ងៃ។របាយការណ៍ដដែលបញ្ជាក់ថា បរិមាណសំរាមនៅទូទាំងប្រទេសវិញ មានជិត៤លានតោនក្នុងមួយឆ្នាំ។

យុវជន​​ សាន ដារ៉ាវីត បានចាប់ផ្ដើមបង្កើតក្រុមយុវជនស្ម័គ្រចិត្តសម្អាតបរិស្ថាន​រយៈពេលជាង៣ឆ្នាំមកហើយ ក្រោមឈ្មោះថា «យុវជនសំរាម» ហើយបានធ្វើយុទ្ធនាការសម្អាតប្រឡាយបឹងត្របែកក្នុងរាជធានីភ្នំពេញ រើសសំរាមនៅតាមតំបន់ឆ្នេរ និងកោះក្នុងខេត្តព្រះសីហនុនិងខេត្តកោះកុងជាដើម។ ក្នុងពេលថ្មីនេះៗ ក្រុមលោក សាន ដារ៉ាវីត ក៏កំពុងធ្វើសកម្មភាពរើសសំរាមនៅតំបន់ត្រើយខាងកើតនៃទន្លេនៅមុខព្រះបរមរាជវាំងនោះជារៀងរាល់សប្តាហ៍ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ