អាជ្ញាធរ​ដោះលែង​កូដករ​ណាហ្គា​ជិត​២០០នាក់ បន្ទាប់​ពី​ចាប់​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​ខណ្ឌព្រែកព្នៅ

ក្រុមកូដករណាហ្គាវើលដ៍ ស្ថិតនៅទីតាំងមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ ក្រោយសមត្ថកិច្ចចាប់បញ្ជូនមកនៅពេលដែលពួកគេចេញតវ៉ាជាថ្មី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

អាជ្ញាធរបានដោះលែងបុគ្គលិកណាហ្គាវើលដ៍ជិត២០០នាក់ឱ្យត្រលប់ទៅផ្ទះវិញ បន្ទាប់ពី​ចាប់បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក ខណ្ឌព្រែកព្នៅ ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីទៀត​ កាលពីម្សិលមិញ។

កូដករក្រុមហ៊ុនណាហ្គាវើលដ៍​ កញ្ញា សៀក បញ្ញា ឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទនេះថា អាជ្ញាធរនិងកងកម្លាំងសន្តិសុខបានរារាំងនិងចុះចាប់ក្រុមកូដករប្រមាណជិត២០០នាក់ បញ្ជូនទៅមណ្ឌលចត្តាឡី​ស័កក្នុង​ខណ្ឌព្រែកព្នៅ កាលពីរសៀល​ថ្ងៃម្សិលមិញ ខណៈ​ពួកគេចេញធ្វើកូដកម្មជាថ្មីទៀត ដើម្បីទាមទារឱ្យមានដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។

កញ្ញាបន្តថា ក្រោយពីអាជ្ញាធរចាប់បញ្ជូនពួកគាត់ទៅទម្លាក់ចោល​នៅ​​មណ្ឌលចត្តាឡីស័កនោះ រហូត​​ដល់ម៉ោង៩យប់ ទើបដោះលែងឱ្យពួកគាត់ត្រលប់ទៅផ្ទះវិញ ដោយ​​មិនមានគ្រូពេទ្យទៅ​ធ្វើតេស្តរកវីរុស​​កូវីដ-១៩នោះទេ។

កញ្ញានិយាយថា៖ «គេប្រាប់ពួកខ្ញុំឈប់ប្រមូលផ្ដុំតវ៉ាទៀត តែពួកខ្ញុំនៅតែប្រកាន់ជំហរថា បើសិនជាមិនមានដំណោះស្រាយ ពួកខ្ញុំនៅតែតវ៉ា លុះត្រាតែក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេសខាងថៅកែដោះស្រាយ និងដោះលែងតំណាងពួកខ្ញុំទាំង១១រូប ដោយគ្មានលក្ខខណ្ឌ ចូលតុចរចា និងទទួលយកបុគ្គលិកធ្វើការវិញ»។

កញ្ញាបន្ថែមថា នៅពេលសមត្ថកិច្ចនិងកងសន្តិសុខចាប់ខ្លួនពួកគាត់ដោយប្រើអំពើហិង្សាចាប់បោះចូលរថយន្តនោះ បានធ្វើឱ្យ​ពួកគាត់ឈឺចុក​ចាប់លើរាងកាយ ជាពិសេស​ស្ត្រីដែលមានផ្ទៃពោះ។

កញ្ញានិយាយថា៖ «នៅក្នុងឡានខ្ញុំ មានអ្នកពោះធំ គាត់ប្រាប់អាជ្ញាធរនិងកងសន្តិសុខថា គាត់ពោះធំ គាត់មានទម្ងន់ កុំឱ្យរុញគាត់ កុំឱ្យច្រានគាត់ គាត់ឡើងលើណា តែខាងអាជ្ញាធរគាត់នៅតែប្រើអំពើហិង្សា រុញគាត់ជាស្ត្រីដែលមានផ្ទៃពោះ ឥលូវគាត់កំពុងតែចុកពោះ កំពុងតែសម្ងំនៅខាងក្នុង ហើយការចាប់ខ្លួននេះនៅតែប្រើហិង្សាព្រៃផ្សៃដដែល»។

វីអូឌី នៅមិនទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីអ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បាននៅឡើយទេ។

គួរបញ្ជាក់ថា វិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្ដាលរាជធានីភ្នំពេញនេះ បាន​អូសបន្លាយ​រយៈ​ពេល​ជិត​១ឆ្នាំមកហើយ។ ការអូសបន្លាយនេះបាន​ឈានទៅដល់ការចាប់ខ្លួនថ្នាក់ដឹក​នាំ​និង​សកម្មជន​សហជីព ១១នាក់ ដាក់ពន្ធនាគារជាបន្តបន្ទាប់​ ចាប់តាំងពីយប់ឆ្លងឆ្នាំសកលមក ក្រោយ​ពី​ពួកគេប្រើប្រាស់សិទ្ធិធ្វើកូដកម្មអហិង្សា ទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិកម្មករ​និងសហជីព។

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជំរុញទៅអាជ្ញាធរកម្ពុជា ត្រូវចូលរួមពិភាក្សាដោះស្រាយតាមការទាមទាររបស់កូដករណាហ្គាវើលដ៍តាមផ្លូវច្បាប់ និងបញ្ឈប់ការរារាំង ធ្វើទុក្ខបុកម្នេញកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ក្រោមហេតុផលទប់ស្កាត់កូវីដ-១៩បន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ