មន្ត្រីថា សមត្ថកិច្ច​មិនបាន​បង្ខំ​ឱ្យ​អ្នកសារព័ត៌មាន​លុប​រូបភាព​នៅ​កន្លែង​កូដកម្ម​របស់​កូដករ​ណាហ្គា

អ្នកសារព័ត៌មានម្នាក់រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

មន្ត្រីក្រសួងព័ត៌មាន ទាត់ចោលការចោទប្រកាន់ដែលថា សមត្ថកិច្ចបង្ខំឱ្យអ្នកសារព័ត៌មាន​លុប​រូប​ភាព ខណៈ​ពួក​គេថ​ត​រូ​បពីសកម្មភាពនៃការតវ៉ារបស់​កូដករក្រុមហ៊ុនណាហ្គាវើលដ៍។

ការច្រានចោលនេះធ្វើឡើងក្រោយ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) កាលពីថ្ងៃទី១១ ខែមីនា បានថ្កោលទោស​ចំពោះសកម្មភាពរបស់កម្លាំងអាជ្ញាធររាជធានីភ្នំពេញ ដែលបានគំរាមកំហែងនិងធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅលើអ្នកសារ​ព័ត៌មាន​​នៅទីតាំងកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដោយថា បានបង្ខំ​ឱ្យ​​អ្ន​កកាសែតវីអូឌីលុបរូបភាពចោល បើមិនដូច្នោះទេ កម្លាំងអាជ្ញាធរនឹងនាំពួកគេទៅប៉ុស្តិ៍នគរបាលថែមទៀត​ផង។ ពាក់ព័ន្ធករណីនេះ ខេមបូចា បានស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ ដោយបញ្ឈប់នូវសកម្ម​ភាព​ទាំងអស់​នេះ​ជាប​ន្ទាន់។

អ្នកនាំពាក្យក្រសួងព័ត៌មាន​ លោក មាស​ សុភ័ណ្ឌ​ ប្រាប់ វីអូឌី នាព្រឹកថ្ងៃចន្ទនេះថា នៅពេលដែល​សមត្ថ​កិច្ចជំនាញកំពុងអនុវត្ត​តួនាទីនិងភារកិច្ចរបស់​ខ្លួនទៅលើកូដករណាហ្គានោះ ក៏មានអ្នកសារព័ត៌មាន​២រូបបា​ន​​ចូ​ល​​​ទៅ​ក្នុង​ក្រុមកូដករ ដែលធ្វើឱ្យ​សមត្ថកិច្ច​ស្មានតែជាកូដករ ក៏តម្រូវឱ្យ​ឡើង​រថយន្ត ដើម្បី​នាំ​ទៅធ្វើ​ចត្តាឡី​ស័ក។ លោកបន្តថា ប៉ុន្តែក្រោយការសួរនាំ ទើបសមត្ថកិច្ចដឹងថាជាអ្នកសារព័ត៌មាន ទើបមិន​តម្រូវឱ្យ​ឡើងរថយន្តទៅធ្វើចត្តាឡីស័កនោះទេ និងអនុញ្ញាតឱ្យ​ពួកគេត្រលប់ទៅវិញ។

យ៉ាងណា លោកអះអាងថា សមត្ថកិច្ច​ពុំបានគំរាមកំហែងឱ្យអ្នកសារព័ត៌មានណាម្នាក់​​លុបរូបភាពក្នុងអំឡុងពេលចុះ​យកព័ត៌មាន​នៅទីតាំងធ្វើកូដកម្ម ដូចការលើកឡើង​របស់ខេមបូចាឡើយ។

លោក មាស សុភ័ណ្ឌ ថ្លែង​ថា៖ «ការដែលអ្នកកាសែត​នោះ​លើកឡើង​​ថា ​សមត្ថកិច្ច​​គំរាម​កំហែងឱ្យ​លុប​រូបភាព​នោះ​ វាជារឿងមិនពិត​នោះទេ ហើយវាគ្រាន់តែជាការ​ចោទប្រកាន់​របស់​ពួក​គាត់​មកលើ​សមត្ថកិ​ច្ច​តែប៉ុណ្ណោះ។ អ៊ីចឹងហើយសមត្ថកិច្ចបានបញ្ជាក់ហើយថា ​រឿងនេះមិនមានការគំរាមកំហែងដូចការលើកឡើង​របស់គាត់ទេ។​ អ៊ីចឹង​យើងមិនអាចចោទ​ប្រកាន់​មកលើសមត្ថកិច្ច​ថា​ សមត្ថ​កិច្ចហ្នឹងបាន​គំរា​ម​​កំហែង​ឬធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅដល់អ្នកសារព័ត៌មានហ្នឹងឡើយ»។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បន្តថា ការអនុវត្តសិទ្ធិសេរី​ភាព​និងការអនុវត្តតួនាទីភារកិច្ចរបស់អ្នកសារ​ព័ត៌មាន ​ត្រូវបានធានាការពារដោយច្បាប់​ និង​លិខិត​បទដ្ឋានគតិយុត្តិ​ជាធរមាន​។ លោកថា ដូច្នេះ អ្នកសារ​ព័ត៌មាននៅកម្ពុជា​ត្រូវប្រើ​សិទ្ធិនេះឱ្យបានត្រឹមត្រូវតាមច្បាប់​ និងមិនគួរប្រើ​ប្រាស់​សិទ្ធិ​នេះ​ទៅបំពានដល់សិទ្ធិ​និងតួនាទីភារកិច្ចរបស់​អ្នក​ដទៃនោះឡើយ​។

នាយកប្រតិបត្តិ​ខេមបូចា លោក ណុប វី ថ្លែងថា កន្លងមក លោកសង្កេតឃើញអ្នកសារព័ត៌មានវិជ្ជាជីវៈបានបំពេញកិច្ចការរបស់ខ្លួនស្របតាមតួនាទី មានព្រំដែនកំណត់ និងមិនបានបំពានភារកិច្ចរបស់សមត្ថកិច្ចឡើយ។ លោកថា បើសិនក្រសួង​​ថា ​អ្នកសា​រព័ត៌មានទាំងនោះចោទ​ប្រកាន់​​លើសមត្ថកិច្ច នោះ​ក្រសួង​​អាចជជែកជាមួយអ្នកសារព័ត៌មានទាំងនោះ​​បាន ព្រោះ​ពួកគេមានទាំងភស្តុតាង រូបភាព និងឯក​សារ​​ពាក់ព័ន្ធ។

លោកបន្ថែម​ថា៖ «មន្ត្រី! ដូចឧទាហរណ៍សមត្ថកិច្ច ឬមួយក៏សាលាក្រុង គាត់មិនដែល[សារភាព]ថាគាត់ហ្នឹងរារាំង ឬមួយក៏ទៅគំរាមចាប់កាមេរ៉ាអ្នកថតរូប យកទៅលុបរូបទេ។ គាត់អត់ដែលទៅទទួលស្គាល់ចំពោះអ្វីដែលគាត់បានធ្វើក្នុងរឿងហ្នឹងអ៊ីចឹងទេ។ ខ្ញុំគិតថា បើសិនជាក្រសួងលោកចង់ដឹងរឿងហ្នឹងពិតប្រាកដ លោកអាចសួរផ្ទាល់ៗចំពោះអ្នកសារព័ត៌មាន ឬមួយក៏សាម៉ីស្ថាប័នសារព័ត៌មានដែលគាត់ទទួលរងនូវការបៀតបៀនតាមរយៈរូបភាពបែបហ្នឹង»។

យ៉ាងណា លោកចង់ឱ្យក្រសួងព័ត៌មានផ្ដល់ការពិភាក្សា និងផ្ដល់អនុសាសន៍ទៅអាជ្ញាធរពាក់ព័ន្ធ ជាជាងព្យាយាមបដិសេធ ហើយលើកឡើងថាជារឿងមិនពិត។ លោកបន្ថែមថា បើអាជ្ញាធរមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចុះយកព័ត៌មាននិងរូបភាពនៅកន្លែងធ្វើកូដកម្ម បាតុកម្ម និងទីតាំងដែលមានបញ្ហាផ្សេងៗដោយផ្ទាល់និងស្របតាមវិជ្ជាជីវៈទេ នោះជាចេតនាក្នុងការរឹតត្បិតដល់កិច្ចការងាររបស់អ្នកសារព័ត៌មាន។

អ្នកយកព័ត៌មានជាស្រ្ដីមួយរូបរបស់សារព័ត៌មាន វីអូឌី ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់​ថា នៅ​ពេល​ដែល​​កញ្ញា និងសហការីជាជនបរទេសម្នាក់ទៀត បានចុះយកព័ត៌​មាន​ និង​ថត​រូប​ភាព​ពី​សកម្មភាព​តវ៉ា​របស់​​កូដ​ករ​ណាហ្គាវើលដ៍ កាលពីរសៀលថ្ងៃទី១១ ខែមីនា​នោះ ក៏មាន​​សមត្ថកិច្ចស្លៀកពាក់​ស៊ីវិល​៤ទៅ​៥នាក់ បាន​បង្ខំឱ្យពួកគេលុបរូបភាពដែលថតបាន និងទាមទារសុំមើល​លិខិតបេសកកម្ម ទើប​សមត្ថ​កិច្ចអនុញ្ញាតឱ្យ​ពួកគេ​ត្រឡប់មកផ្ទះវិញ។ យ៉ាងណា​ កញ្ញាថា ខ្លួនមិនបាន​ចូលទៅក្នុងក្រុមកូដករ​ដូចអ្វីដែលសមត្ថកិច្ចលើកឡើង​ឡើយ។

កញ្ញានិយាយថា៖ «ការពិត ពួកគាត់បានដេញមិនឱ្យពួកខ្ញុំថតរូប ពួកខ្ញុំក៏ចេញ។ ប៉ុន្តែនៅពេលដែលខ្ញុំដើរចេញមកយកម៉ូតូ ពួកគាត់ប្រមាណ៤ទៅ៥នាក់ ចេញមកសួរពួកខ្ញុំថាមកពីស្ថាប័នណា? ខ្ញុំក៏ប្រាប់ និងបង្ហាញកាតសារព័ត៌មាន។ តែគាត់បានបន្ថែមសួររកក្រដាសបេសកកម្មរបស់ខ្ញុំ ក្នុងការចុះមករាយការណ៍នៅទីនោះ។ គាត់ថែមទាំងឱ្យខ្ញុំនិយាយនៅពីមុខកាមារ៉ាទូរសព្ទគាត់ ដូចជាប្រាប់ឱ្យ​ណែ​នាំ​ខ្លួន​ដូច​ខាង​លើ តែខ្ញុំមិនធ្វើតាម ព្រោះខ្ញុំគិតថាមិនសមហេតុផលក្នុងការធ្វើបែបនេះ»។

របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ CCIM ស្តីពី «ការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យប្រចាំឆ្នាំ២០២១» ដែលផ្សព្វផ្សាយ​កាលពីថ្ងៃទី១០ ខែមីនា បានរក​ឃើញ​ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីឆ្នាំមុន កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានចំនួន៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន៩៣នាក់ (មាន​៥នាក់ជាស្ដ្រី) ​ក្នុងនោះ អ្នកសារព័ត៌មានចំនួន៣២នាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយ២៤នាក់​ប្រឈមបណ្ដឹងផ្លូវច្បាប់ និង១៨នាក់ទៀតអះអាងថាបាន​ទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ