ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ តវ៉ា​មុខ​តុលាការ​ខេត្តកោះកុង ខណៈ​តំណាង​៣នាក់​ចូលបំភ្លឺ

ពលរដ្ឋដែលអះអាងថាមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ បាននាំគ្នាតវ៉ានៅមុខសាលាដំបូងខេត្តកោះកុង ទាមទារដំណោះស្រាយដីធ្លី និងទម្លាក់ការចោទប្រកាន់លើតំណាងពួកគេ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋជាច្រើននាក់ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុក​បទុម​សាគរ ខេត្តកោះកុង ប្រមូលផ្ដុំតវ៉ាមុខសាលាដំបូងខេត្ត​នៅថ្ងៃនេះ ខណៈតំណាង​៣នាក់​របស់ពួក​គេ​ចូល​បំភ្លឺ​ចំពោះ​មុខតុលាការ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានកោះ​ហៅតំ​ណាង​ពលរដ្ឋ១៨នាក់ ដែលអះអាងថា កំពុង​មាន​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ ឱ្យ​ចូល​បំភ្លឺ​នៅ​ខែ​​មីនា ឆ្នាំ២០២២នេះ ជាបន្តបន្ទាប់ ក្រោមបទចោទដូចគ្នាគឺ «បង្ក​​ចលា​ចល និង​ធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ» ​ក្នុងភូមិសាស្ត្រខេត្តកោះកុង។

បើតាមដីកាកោះ តំណាងពលរដ្ឋដែលត្រូវចូលបំភ្លឺនៅថ្ងៃទី១៤ ខែ​មីនា​នេះ រួមមាន​​ លោក ឈឹម សាផាន ចូល​បំភ្លឺ​នៅ​ម៉ោង​​៩ព្រឹក ខណៈ​តំណាង​​​ពលរ​​ដ្ឋ​២នាក់​ រួម​មាន ​​អ្នក​ស្រី កុយ យឿន និងអ្នកស្រី លុយ ស្រីពណ៌ នឹងត្រូវចូលបំភ្លឺ​នៅម៉ោង២រសៀល។

តំណាង​ពលរដ្ឋម្នាក់ អ្នក​ស្រី ជុំ ស្រីនៅ ដែលកំពុង​ជាប់​បណ្ដឹង​នៅតុ​លាការ​ដែរ​នោះ បានឱ្យដឹងថា ប្រជាសហគមន៍​មានជម្លោះដីធ្លីប្រហែល៤០០នាក់ មកពីស្រុកស្រែអំបិល ស្រុក​​បទុម​សាគរ និង​ស្រុក​ថ្ម​បាំង បាន​នាំគ្នាឈរលើក​បដាមុខសាលាដំបូងខេត្តកោះកុង ដើម្បីគាំទ្រតំណាងពលរដ្ឋ៣នាក់ដែលចូលបំភ្លឺ និងទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើតំណាងពលរដ្ឋដែលកំពុងជាប់បណ្ដឹង។

តំណាងពលរដ្ឋរូបនេះលើកឡើងថា ក្រុមពលរដ្ឋដែលកំពុងជាប់បណ្ដឹងនៅតុលាការនោះ ពុំមានកំហុសដូចការចោទប្រកាន់ឡើយ។ អ្នកស្រីថា អ្វីដែលពួកគាត់កំពុងតវ៉ានេះ គឺគ្រាន់តែទាមទារដីធ្លីដែលបានបាត់​បង់​ដោយ​សារ​ក្រុម​ហ៊ុន​របស់​លោក លី យ៉ុងផាត់ បានរំលោភយកកាលពីឆ្នាំ២០០៦ ដោយមិនបានដោះស្រាយសំណងតែប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖ «អ្វីដែលពួកខ្ញុំធ្វើ​កន្លងមក គឺគ្រាន់តែចង់បានដំណោះស្រាយដីធ្លីប៉ុណ្ណោះ មិនបានធ្វើអ្វីខុស​ដូច​ការ​ចោទ​ប្រកាន់​ដូច​នៅក្នុងពាក្យបណ្ដឹងឡើយ»

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី រុន ភាព ដែលកំពុងជាប់បណ្ដឹងនៅតុលាការដែរនោះ​ បាន​និយាយថា​ ករណី​​ពួក​គាត់​ជាប់​បណ្ដឹង​នៅ​តុលាការ​នេះ ជា​ការគំរាមកំហែងបំបាក់ស្មារតីមិនឱ្យពួកគាត់ហ៊ានចេញតវ៉ា និងជារឿងអយុត្តិធម៌មួយសម្រាប់ប្រជាពលរដ្ឋដែលបាត់បង់ដីធ្លីផងដែរ។

អ្នកស្រី​បន្តថា​ បើទោះបីមានការគំរាមកំហែងនិងបារម្ភពីសុវត្ថិភាព ប៉ុន្តែដើម្បីដីធ្លីដែលបាត់បង់ គឺអ្នកស្រីនៅតែរក្សាជំហរបន្តតវ៉ាតទៀត។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកខ្ញុំទាំងអស់គ្នា ដោយ​សារ​ពួកខ្ញុំមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ទេ ហើយអាជ្ញាធរគួរតែដោះស្រាយដីធ្លីជូនពួកខ្ញុំឱ្យបានឆាប់ផងដែរ»

តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ មានប្រសាសន៍ថា តុលាការបានសម្រេចឱ្យពលរដ្ឋទាំង៣នាក់នោះត្រលប់ទៅលំនៅឋានវិញ ដោយមិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ ដោយសារនីតិវិធីនៃការសាកសួរមិនទានបានបញ្ចប់នៅឡើយ។

វីអូឌី មិនអាចរកការឆ្លើយតបពីតំណាងក្រុមហ៊ុនលោក លី យ៉ុងផាត់ បានទេ ចំពោះការចោទប្រកាន់នេះ។

ពាក់ព័ន្ធករណីនេះ អភិបាលស្រុកបទុមសាគរ លោក ហាក់ ឡេង ធ្លាប់ប្រាប់វីអូឌី​ថា អាជ្ញាធរស្រុកមិនបានប្ដឹងតំណាងពលរដ្ឋទាំងនោះទៅតុលាការនោះទេ។ យ៉ាងណា លោកថា មានពលរដ្ឋ៣ក្រុម​​កំពុង​តវ៉ារឿងដីធ្លី ដោយអះអាងថា ក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ រំលោភយក ខណៈដែល​ក្រសួង​រៀបចំ​ដែន​ដី និងរដ្ឋបាលខេត្តកោះកុង បាន​ចេញលិខិត​បដិសេធ​មិន​ដោះស្រាយជូនពួកគេជាច្រើនដង​ ដោយសារ​តែ​​ក្រុមពលរដ្ឋ​​ទាំង​​នោះទ​ទួល​បាន​កា​រ​ដោះស្រាយពីអាជ្ញាធរ​រួច​ជា​យូរឆ្នាំមកហើយ។

អភិបាល​ស្រុករូបនេះអះអាងថា ដីដែល​ក្រុម​ពលរដ្ឋ​កំពុង​តវ៉ាទាមទារនោះជា​ដី​ឯកជន​របស់​រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ។

មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព ដែលកំពុងឃ្លាំមើលករណីនេះ មានប្រសាសន៍ថា អាជ្ញាធរនិងអ្នកមានលុយមានអំណាចតែងតែប្រើប្រព័ន្ធតុលាការ និងបទចោទដូចជាបទ «បង្កចលាចល និងធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ» បទ​ «បរិហារបង្កាច់កេរ្តិ៍ និងបរិហារជាសាធារណៈ» និងបទ «ញុះញង់» ជាដើម ដើម្បីប្រឆាំងពលរដ្ឋមានជម្លោះដីធ្លី។

មន្ត្រីសមាគមរូបនេះបន្តថា ការប្រើប្រាស់ប្រព័ន្ធតុលាការដាក់សម្ពាធ​លើព​លរដ្ឋ ដើម្បីគំរាមកំហែង គឺមិនអាច​ដោះស្រាយបញ្ហាបានឡើយ និងមិនអាចធ្វើឱ្យពលរដ្ឋឈប់តវ៉ានោះដែរ ផ្ទុយ​ទៅវិញ ​រឹតតែ​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​ឈឺចាប់ និងអស់ជំនឿលើការដឹកនាំរបស់​រដ្ឋាភិបាលទៅវិញ។

លោកបន្ថែមថា៖ «ហើយការប្រើប្រាស់ប្រព័ន្ធតុលាការនេះទៀតសោត វារឹត​តែធ្វើឱ្យប្រជាពលរដ្ឋមានការឈឺចាប់​កាន់​តែ​ខ្លាំង​ឡើង ហើយមើលឃើញពីភាពអយុត្តិធម៌សង្គម ភាពមិនទទួលខុសត្រូវក្នុងការដឹកនាំរបស់ស្ថាប័នរដ្ឋ ដែលមានសិទ្ធិសម្រេចចិត្តនៅក្នុងជួររដ្ឋាភិបាល ហើយមិនអាចបញ្ចប់បានទេ ដរាបណាយើងមិនធ្វើការដោះស្រាយក្នុងយន្តការណាមួយដែលធ្វើឱ្យពួកគាត់ទទួលយកបាននោះ»

កាលពីថ្ងៃទី៨ ខែកុម្ភៈ​​ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយ​ការណ៍​មួយដោយរកឃើញ​ថា ​ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួនជិត២ម៉ឺនគ្រួសារ (១៧ ០៣៣​) បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​វិវាទ​ដីធ្លី​ ដែល​​មាន​ទំហំជាង៥០ ០០០​ហិកតា (៥២ ៦០១,៨៧ហិកតា)។

អាដហុក​ ឱ្យដឹងទៀតថា មានពលរដ្ឋរងគ្រោះដីធ្លី១៥៧​នាក់កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ​ពីតុលាការ ខណៈជនរងគ្រោះ ១៧នាក់ទៀត​កំពុងឃុំ​ខ្លួន​បណ្ដោះអាសន្នក្នុងពន្ធនាគារ ដោយសារការតវ៉ាទាម​ទារដីធ្លីរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ