សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សំណុំរឿង​កូន​សកម្មជន​បក្សប្រឆាំង​ទុក​ជា​បានការ

កូនអតីតសកម្មជនបក្សសង្គ្រោះជាតិ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីរូបគេជាប់ពន្ធនាគារអស់រយៈពេល៤ខែនិង១៥ថ្ងៃ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ (គួយ ឡង់ឌី)

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមសាសាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោស​កុមារ កាក់ សុវណ្ណច្ឆ័យ វ័យ១៦ឆ្នាំ ដាក់​ពន្ធនាគារ​រយៈពេល៨ខែ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល២​ឆ្នាំ​ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

ការសម្រេចរបស់សាលាឧទ្ធរណ៍នាថ្ងៃនេះ ធ្វើឡើង​បន្ទាប់ពីបើក​សវនាការអសាធារណៈកាលពីថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ២០២២។

​កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់និងកាត់ទោសដាក់ពន្ធនា​គារ៨ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ»។ ប៉ុន្តែតុលាការបង្គាប់ឱ្យ​កុមាររូបនេះអនុវត្តទោស​​ក្នុងពន្ធនាគាររយៈពេល៤ខែនិង១៥ថ្ងៃ ចំណែកទោស​ដែលនៅសល់ត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ។

ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បានប្រកាសសាលដីកា ដោយសម្រេចតម្កល់​សេចក្ដីសម្រេចរបស់​សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ក្រោមហេតុផលថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។

ម្ដាយរបស់កុមារ កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចាន់ថា ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ថាជារឿងអយុត្តិធម៌ ខណៈកូនប្រុសរបស់គាត់កំពុងមានជំងឺអូទីហ្សឹមហើយ ប៉ុន្តែតុ​លាការនៅតែមិនព្រម​ទម្លាក់បទចោទប្រកាន់ទៀត។ អ្នកស្រីបន្តថា ការមិនទម្លាក់នេះក៏ជាការដាក់សម្ពាធមកលើក្រុមគ្រួសាររបស់គាត់ដែរ។

អ្នកស្រីថា៖ «ធ្វើនេះជាការដាក់គំនាបមួយ ចង់បំពាក់ស្មារតីក្រុមគ្រួសារ​ខ្ញុំ ជាពិសេសគឺខ្ញុំតែម្ដង! ព្រោះជា​ទូទៅ ពី​មួយ​សប្ដាហ៍ទៅមួយសប្ដាហ៍ ខ្ញុំតែងតែតវ៉ាឱ្យប្ដីខ្ញុំ ក៏ដូចជាបងៗនៅក្នុងពន្ធនាគារ​ទាំងអស់ ដែលជាប់​ពន្ធនាគារទាំងអយុត្តិធម៌សម្រាប់គណបក្ស CNRP ដែលត្រូវបានគេរំលាយទៅហើយ។ គេចង់ដាក់គំនាប​លើ​ក្រុម​គ្រួសារ​ខ្ញុំ​តែ​ម្ដង»។

កុមារ កាក់ សុវណ្ណច្ឆ័យ គឺជាកូនលោក ​កាក់ កុម្ភារ សកម្ម​ជនគណបក្សសង្គ្រោះជាតិ​ដែលត្រូវតុលាការរំលាយ ដែលបច្ចុប្បន្ននេះ លោកក៏កំពុងជាប់ពន្ធនាគាររយៈពេលជិត២​ឆ្នាំហើយ ក្រោមបទចោទ «ញុះញង់ និងរួមគំនិតក្បត់»។ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយសាររិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលតាមរយៈប្រព័ន្ធទំនាក់ទំនងឯកជននិងបណ្ដាញសង្គម ប៉ុន្តែកុមាររូបនេះត្រូវបានដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា​ បង្ហាញការសោកស្ដាយ និង​ចាត់​ទុក​ការ​មិន​ទម្លាក់​​​បទ​ចោទ​ទៅ​លើកុមាររូបនេះ ថាអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ លោក​បន្តថា សំណុំរឿងកុមារ កាក់ សុវណ្ណច្ឆ័យ និងសំណុំរឿងសកម្មជនផ្សេងទៀត អាច​នឹងត្រូវបានតុលាការលើកលែងនិងទម្លាក់បទចោទប្រកាន់​ លុះត្រាតែស្ថានភាពនយោបាយល្អប្រសើរវិញ។

លោកថា៖ «បើសិនជាអនុវត្តច្បាប់បានត្រឹមត្រូវ កុមាររូបហ្នឹងគឺបានដោះលែងឱ្យមានសេរីភាព មុនតាំងពីយកទៅឃុំខ្លួនម្ល៉េះ។ រឿងសាលាឧទ្ធរណ៍នេះ យើងឃើញហើយ កន្លងមក ឱ្យតែសកម្មជនសង្គម នយោ​បាយ ឬសកម្មជនបរិស្ថាន យើងឃើញថា តុលាការតែងតែតម្កល់អ៊ីចឹង វាជាវប្បធម៌ទៅហើយ។ យើងកម្រឃើញមានករណីលើកលែងចោទ ឬទម្លាក់ការចោទប្រកាន់ណាស់»។​

យ៉ាងណាក៏ដោយ កុមារ​ កាក់ សុវណ្ណច្ឆ័យ ក៏ធ្លាប់​​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្ដងរួចមកហើយ កាល​ពី​​ខែ​តុលា ​ឆ្នាំ២០២០ ពីបទ ​«ចូលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែ​លើ រាជធានីភ្នំពេញ ដោយ​​បំពានលើបម្រាម​តុលាការ។ ប៉ុន្តែកុមារា​រូបនោះត្រូវ​​បានសមត្ថ​កិច្ច​​ដោះ​លែង​វិញ ក្រោយ​​សាកសួរ​អស់រយៈពេល៤៨ម៉ោង។

ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយ​មក កុមារា​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់​មុខ​លួច​វាយពីក្រោយ បណ្ដាលឱ្យបែកក្បាលដេរ២០ថ្នេរ។ ប៉ុន្តែជាច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញមុខជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោសនៅឡើយទេ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ