ក្រសួង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រយ័ត្ន​វីរុស​ផ្ដាសាយបក្សី​ប្រភេទថ្មី ខណៈ​ជំងឺ​នេះ​អាច​ប៉ះពាល់​អាយុ​ជីវិត

សត្វមាន់នៅកសិដ្ឋានចិញ្ចឹមបក្សីយកស៊ុតមួយកន្លែង។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​​ជំ​ងឺ​ផ្ដាសាយ​​បក្សី​ប្រភេទ ​A/H9 (Influenza A/H9) ដែលបានរកឃើញលើទារិកាម្នាក់នៅខេត្តសៀម​រាប ​​ខណៈជំងឺ​​នេះ​​​អាច​សម្លាប់អាយុ​ជីវិត​​​មនុស្សបាន បើសិនមិនបានព្យាបាលឱ្យ​បានត្រឹមត្រូវ។

កាលពីថ្ងៃទី១១ ខែមីនា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាល បានបង្ហោះនៅលើទំព័រហ្វេសប៊ុកបញ្ជាក់ពីការរកឃើញករណីជំងឺផ្ដាសាយ​បក្សី​ ប្រភេទ ​A/H9 (Influenza A/H9) លើ​ទារិកា​​អាយុ​ជាង១ឆ្នាំ​ រស់នៅស្រុកជីក្រែង ខេត្តសៀមរាប តាមរយៈប្រព័ន្ធតាមដានជំងឺរលាកសួត​។ ទារិការូបនេះមានរោគសញ្ញា​គ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម​ ប៉ុន្តែ​អ្នក​ជំងឺ​បានសះស្បើយ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ​។

ប្រភពដដែលបន្តថា នៅក្នុងភូមិដែលទារិការស់នៅនោះមានមាន់ងាប់ជាបន្តបន្ទាប់ ចាប់តាំងពីខែកុម្ភ:​ ឆ្នាំ២០២២មក​។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះ​ថា អ្នកជំងឺដែលបានឆ្លងវីរុស​នេះអាចនឹង​ស្លាប់បាន ប្រសិន​បើ​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវនិងទាន់ពេលវេលានោះទេ។

លោកស្រីថា៖ «ប្រសិនបើឆ្លង ហើយមិនបានព្យាបាលបានត្រឹមត្រូវទេនោះ វាអាច​បង្កឱ្យមានភាពធ្ងន់ធ្ងរនិងអាចស្លាប់បានដែរ»។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ មាន​ប្រសាសន៍យ៉ាងខ្លីថា ទារិកាដែល​បានឆ្លងជំងឺផ្ដាសាយប្រភេទថ្មីនេះបានជាសះស្បើយ និងបានត្រលប់ទៅផ្ទះវិញហើយ​ កាលពី​អំឡុង​ចុងសប្ដាហ៍មុន។ យ៉ាងណា លោកថា មិនទាន់បានកត់សម្គាល់ពីភាពធ្ងន់ធ្ងររបស់ជំងឺនេះ​នៅឡើយ។

លោកថា៖ «ចុះបើខ្ញុំប្រាប់ហើយថាកូនហ្នឹងជា​ [សះស្បើយ ៣ទៅ៤ថ្ងៃ] ចេញទៅផ្ទះបាត់ហើយហ្នឹង!​ ជាទូទៅ អត់ទាន់មានអីជាហានិភ័យអីទេ»។

ថ្លែងពេលកំពុងចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខេត្តស្ទឹងត្រែង លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីប្រភេទថ្មី Influenze A/H9 នេះ។ លោកស្រី​អះអាងថា ជំងឺផ្ដាសាយបក្សីប្រភេទនេះកម្រនឹងឆ្លងណាស់ ប៉ុន្តែ​ក៏​ទាម​ទារ​​ឱ្យ​​​ពលរដ្ឋ​ត្រូវតែមាន​ការ​ប្រុងប្រយ័ត្នខ្ពស់បំផុត។

បើតាមលោកស្រី ឱ វណ្ណឌីន ជំងឺផ្ដាសាយបក្សីប្រភេទថ្មី​នេះមានអាការមិនខុសពីជំងឺកូវីដ-១៩​នោះទេ​។

ដើម្បីទប់ស្កាត់ និងបង្ការនូវការឆ្លងជំងឺផ្ដាសាយបក្សីប្រភេទថ្មីនេះ លោកស្រី ឱ វណ្ណឌីន បានក្រើនរំឭកដល់ប្រជាពលរដ្ឋ ចៀសវាងការប៉ះពាល់ជាមួយសត្វបក្សីគ្រប់ប្រភេទ ហើយកុំចូលទៅកសិដ្ឋានចិញ្ចឹមសត្វបក្សី ជាដើម។ ដោយឡែក សម្រាប់អាជីវករលក់ដូរ ឬចិញ្ចឹមសត្វបក្សី ត្រូវតែប្រើប្រាស់មធ្យោបាយការពារខ្លួនឱ្យ​​បានត្រឹមត្រូវ តាមរយៈការពាក់ម៉ាស់ និងស្រោមដៃ នៅពេលប៉ះពាល់ ហើយត្រូវតែលាងដៃជាមួយសាប៊ូក្រោយប៉ះពាល់សត្វបក្សី។

ទាក់ទងនឹងចំណីអាហារផ្សេងៗវិញ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះក៏បានណែនាំ​ដល់​ពលរដ្ឋត្រូវតែចម្អិនឱ្យបានឆ្អិនល្អ និងលាង​សម្អាតឱ្យបានស្អាត ព្រមទាំងត្រូវ​លាង​សម្អាតសម្ភារ​ប្រើប្រាស់សម្រាប់ការចម្អិនអាហារ​ជាមួយសាប៊ូឱ្យ​បានស្អាត​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ