ស្របពេលដែលវិបត្តិនៅអ៊ុយក្រែនកាន់តែឡើងកម្ដៅ និងស្ថានការណ៍កាន់តែធ្លាក់ដុនដាបបន្ថែមទៀត ពលរដ្ឋម៉ុងហ្គោលី ដែលមានព្រំដែនគោករបស់ខ្លួនជាប់ជាមួយរុស្ស៊ីក្នុងទំហំធំ បានចាប់ផ្ដើមមានអារម្មណ៍ទទួលរងនូវសម្ពាធនៃសង្រ្គាម ដែលអាចនឹងជះឥទ្ធិពលដល់ជោគវាសនារបស់ពួកគេ តំបន់ និងពិភពលោកទាំងមូល។
ទាក់ទិននឹងករណីនេះ ពលរដ្ឋទីក្រុងអ៊ូឡានបាទ័រ (Ulaanbaatar) ដែលជារដ្ឋធានីរបស់ប្រទេសម៉ុងហ្គោលី បានលើកឡើងពីការយល់ឃើញ ក្ដីបារម្ភ និងកង្វល់របស់ពួកគេសម្រាប់ថ្ងៃអនាគត ដោយពួកគេព្រួយបារម្ភថា សង្រ្គាមនឹងជះឥទ្ធិពលដោយផ្ទាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ ដែលនឹងធ្វើឱ្យតម្លៃសម្ភារនិងគ្រឿងឧបភោគបរិភោគកើនឡើងជាលំដាប់ផងដែរ។
ដោយគូសបញ្ជាក់ពីតម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្ន ដែលកំពុងតែកើនឡើងក្នុងអត្រាដ៏គួរឱ្យព្រួយបារម្ភមួយ ពលរដ្ឋរូបនេះបានឱ្យដឹងទៀតថា ប្រទេសរបស់ពួកគេពឹងផ្អែកយ៉ាងខ្លាំងលើប្រេងឆៅរបស់រុស្ស៊ី។
តាមរយៈបទសម្ភាសន៍ ពួកគេភាគច្រើនបានពន្យល់ថា សង្រ្គាមដែលកើតឡើងនេះ គឺមិនសមហេតុផល និងមិនអាចទទួលយកបាននោះទេ ខណៈដែលពួកគេទាំងអស់សុទ្ធសឹងតែជាអ្នកគាំទ្រសន្តិភាព ដោយបានស្ដីបន្ទោសដល់ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានមួយចំនួនដែលមិនឆ្លុះបញ្ចាំងពីការពិត បង្កើតសង្រ្គាមប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមិនពិត។
ទោះជាយ៉ាងណា មនុស្សមួយចំនួនយល់ឃើញថា ជម្លោះនេះកើតឡើងនៅពេលដែលអ៊ុយក្រែនព្យាយាមដើម្បីក្លាយជារដ្ឋសមាជិកណាតូ (NATO) ជាសកម្មភាពមួយដែលរុស្ស៊ីប្រឆាំងយ៉ាងដាច់អហង្ការ។
ថ្លែងប្រាប់សារព័ត៌មាន A24 News ពលរដ្ឋទីក្រុងអ៊ូឡានបាទ័រមួយរូប លោកស្រី Tserentogtokh ថ្លែងថា៖ «ជាការពិតណាស់ យើងចង់បានសន្តិភាព។ ខ្ញុំមិនដឹងច្បាស់ថាតើសង្រ្គាមនេះធ្វើឡើងក្នុងគោលបំណងអ្វីនោះទេ។ ខ្ញុំមិនដឹងថាភាគីណាត្រូវឬខុសនោះទេ។ ជីវិតជាច្រើនត្រូវបានបាត់បង់។ កុមារជាច្រើនបានធ្លាក់ខ្លួនជាក្មេងកំព្រា។ សង្គ្រាមមិនមែនជាអ្វីដែលយើងគ្រប់គ្នាចង់បាននោះទេ។ ខ្ញុំចង់ឱ្យវាបញ្ឈប់នៅក្នុងពេលឆាប់ៗ»។
ជាមួយគ្នានេះ ពលរដ្ឋមួយរូបទៀត លោក Davaakhuu បានឱ្យដឹងផងដែរថា៖ «យើងមិនដឹងពីបញ្ហាពិតប្រាកដរវាងប្រទេសទាំងពីរ [រុស្ស៊ី អ៊ុយក្រែន] នេះទេ ហើយយើងក៏មិនអាចដឹងច្បាស់បានដែរ ដោយសារតែយើងមិនស្ថិតនៅទីនោះ។ ខ្ញុំមិនដឹងថាតើហេតុអ្វីបានជាជម្លោះនេះកើតឡើង និងបង្កឱ្យមានជាសង្គ្រាមនោះទេ។ ដូច្នេះហើយ យើងមិនអាចធ្វើការសន្និដ្ឋានបានទេ។ មួយវិញទៀត យើងក៏មិនអាចដឹងច្បាស់ថាតើព័ត៌មានដែលចុះផ្សាយតាមទូរទស្សន៍ទាំងឡាយពិតឬយ៉ាងណាផងដែរ»។
លោកបន្ថែមថា៖ «ប្រាកដណាស់ សង្គ្រាមនេះនឹងបង្កជាផលប៉ះពាល់ដល់ប្រទេសជាតិរបស់យើង។ វានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ដែលនៅពេលនេះ យើងអាចចាប់ផ្ដើមមើលឃើញពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈជាបណ្ដើរៗហើយ។ រុស្ស៊ីនិងចិនផ្គត់ផ្គង់អ្វីៗដល់យើងជាច្រើន។ យើងនាំចូលអាហារពីប្រទេសចិន អគ្គិសនីពីរុស្ស៊ី ហើយអ្វីៗគ្រប់យ៉ាងត្រូវការប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រសិនបើរុស្ស៊ីប្រឈមនឹងការហ៊ុមព័ទ្ធសេដ្ឋកិច្ច ម៉ុងហ្គោលីនឹងប្រឈមមុខនឹងបញ្ហានេះដូចគ្នា។ ចំពោះសង្គ្រាមរវាងប្រទេសទាំងពីរនេះ ខ្ញុំមិនដឹងថាភាគីណាមួយត្រូវឬខុសនោះទេ»។
ពលរដ្ឋទីក្រុងអ៊ូឡានបាទ័រមួយរូបផ្សេងទៀត យុវជន Gantulga បានបញ្ជាក់ប្រាប់ថា៖ «តាមរយៈទស្សនៈរបស់ខ្ញុំផ្ទាល់ ក្នុងនាមជាយុវជនមួយរូប ដំបូងឡើយ សង្រ្គាមហាក់ដូចជាកើតឡើងចេញពីជម្លោះមួយ ជុំវិញគោលបំណងក្នុងការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន។ រុស្ស៊ីហាក់មានគោលបំណងក្នុងការរក្សាអ៊ុយក្រែនឱ្យស្ថិតនៅក្នុងភាពឯករាជ្យដូចអ្វីដែលពួកគេធ្លាប់ធ្វើ ដោយមិនគួរចូលរួមជាមួយណាតូនោះទេ»។
យុវជនរូបនេះបន្ថែមថា៖ «រុស្ស៊ីខ្លួនឯង គឺជាប្រទេសមហាអំណាចមួយ ហើយខ្លួនកំពុងតែមានឥទ្ធិពលលើប្រទេសដទៃទៀតជាច្រើន ដែលរួមទាំងប្រទេសម៉ុងហ្គោលីផងដែរ ដោយសារតែប្រទេសមួយនេះត្រូវនាំចូលរបស់របរជាច្រើនពីប្រទេសរុស្ស៊ី។ ផលវិបាកនៃសង្រ្គាមនេះត្រូវបានរំពឹងថានឹងបង្កជាស្ថានភាពធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ុងហ្គោលី។ តម្លៃប្រេងឥន្ធនៈសម្រាប់រថយន្តដែលមានចំនួនសរុបប្រមាណជា៦០ម៉ឺនគ្រឿងក្នុងរដ្ឋធានី អ៊ូឡានបាទ័រ នឹងកើនឡើង។ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយអ្វីៗផ្សេងទៀតក៏កំពុងតែកើតមានឡើង និងផ្លាស់ប្ដូរឥតឈប់ឈរ ដែលយើងមិនអាចដឹងមុនបានផងដែរ»។
ពលរដ្ឋមួយរូបទៀត លោកស្រី Bayarmaa បានបន្ថែមថា៖ «សង្រ្គាមមិនគួរកើតមាននៅអ៊ុយក្រែននោះទេ ទោះបីជាស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ។ លោក ពូទីន [ប្រធានាធិបតីរុស្ស៊ី] មិនសមធ្វើជាប្រធានាធិបតីនៃប្រទេសធំបែបនេះនោះទេ។ តើយើងរស់នៅដោយសន្តិភាពអស់រយៈពេលប៉ុន្មានសតវត្សរ៍ហើយគិតមិនដល់ពេលនេះ? សង្រ្គាមមិនអាចកើតឡើងបាននោះទេ»។
លោកស្រីបន្តថា៖ «ប្រសិនបើលោក ពូទីន មិនអាចដោះស្រាយបញ្ហានេះបានដោយសន្តិវិធីនោះទេ គាត់គួរតែប្រគល់អំណាចគ្រប់គ្រងឱ្យទៅអ្នកផ្សេងដែលអាចដោះស្រាយវាបានដោយសន្តិវិធី។ លោក ពូទីន មិនយល់អំពីមូលហេតុច្បាស់លាស់នោះទេ។ តើលោកកំពុងតែព្យាយាមធ្វើសកម្មភាពឃោរឃៅ និងកំពុងព្យាយាមគ្រប់គ្រងពិភពលោក ឬយ៉ាងណា»?
លោកស្រី Bayarmaa និយាយបន្តទៀតថា៖ «ខ្ញុំមិនដឹងថាគាត់ចង់បានអ្វីឱ្យពិតប្រាកដនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយកំពុងតែរាយការណ៍អំពីជំហររបស់ភាគីទាំងពីរតាមរូបភាពពីរផ្សេងគ្នា។ ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមមិនគួរកើតមានឡើងនោះទេ។ ខ្ញុំសូមប្រកាន់នូវគោលជំហរមួយនេះ។ ខ្ញុំមិនគាំទ្រអ៊ុយក្រែននោះទេ ខណៈដែលខ្ញុំប្រឆាំងនឹងសង្រ្គាមដាច់ខាត»៕