ប្រទេសចិន នៅថ្ងៃអង្គារនេះ បានបដិសេធការអះអាងរបស់មន្ត្រីអាមេរិក ដែលថា រុស្ស៊ីបានព្យាយាមស្វះស្វែងរកជំនួយយោធាពីខ្លួននៅអ៊ុយក្រែន និងបានចោទអាមេរិកថាបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ស្ថានទូតចិនប្រចាំនៅទីក្រុងឡុងដ៍ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters តាមរយៈសេចក្ដីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិក បានផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់ អំពីប្រទេសចិន ទាក់ទងនឹងបញ្ហានៅអ៊ុយក្រែន»។
ប្រភពដដែលបន្តថា៖ «ប្រទេសចិនបាននិងកំពុងដើរតួនាទីស្ថាបនាមួយក្នុងការលើកកម្ពស់ការចរចាសន្តិភាពនានា»។
ស្ថានទូតចិនបន្ថែមទៀតថា៖ «អាទិភាពកំពូលនៅពេលបច្ចុប្បន្ននេះ គឺជាការបន្ធូរបន្ថយស្ថានការណ៍ មិនមែនចាក់សាំងលើភ្លើងបន្ថែមទៀតនោះទេ និងធ្វើការដោះស្រាយការទូតជាជាងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅ»។
គួរបញ្ជាក់ថា មន្ត្រីអាមេរិកនានាបានលើកឡើងថា រុស្ស៊ីបានស្នើសុំចិនសម្រាប់ជំនួយជាឧបករណ៍យោធា បន្ទាប់ពីខ្លួនបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលករណីនេះបង្កឱ្យមានជាការព្រួយបារម្ភថា ចិនអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការជួយដល់កងកម្លាំងអ៊ុយក្រែន ដើម្បីការពារប្រទេសរបស់ពួកគេពីការឈ្លានពាន។
ទោះជាយ៉ាងណា វិមានក្រឹមឡាំង បានបដិសេធថា ខ្លួនមិនដែលលើកសំណើបែបនេះឡើងនោះទេ។
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្ដើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធមកលើអ៊ុយក្រែន តាមរយៈការចលនាទ័ពរបស់ខ្លួនចូលមកកាន់ប្រទេសក្បែរខាងមួយនេះ។
ជាការឆ្លើយតប សហភាពអឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត ក៏បានសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ីផងដែរ ពោលគឺបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន៕