សាលាដំបូងរាជធានីភ្នំពេញ បន្តបើកសវនាការដោយសួរដេញដោលមន្ត្រីនគរបាលប្រឆាំងភេរវកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ ក្នុងសំណុំរឿង«ញុះញង់» និង «រួមគំនិតក្បត់» ដែលមានជនជាប់ចោទជាអ្នកគាំទ្រ និងសកម្មជនគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ។
សវនាការនាថ្ងៃអង្គារនេះ មេធាវីការពារក្ដីជនជាប់ចោទ តំណាងអយ្យការ និងចៅក្រម បានសួរដេញដោលមន្ត្រីនគរបាលប្រឆាំងភេរវកម្មឆ្លងដែនចំនួន៣នាក់ ជុំវិញការប្រមូលភស្តុតាងយកមកដាក់បន្ទុកលើអ្នកគាំទ្រ និងសកម្មជនគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ជាង៤០នាក់ ។
អនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មឆ្លងដែន លោក ពេជ្រ សុស្ថារដ្ឋ បានលើកឡើងក្នុងអង្គសវនាការថា ភស្តុតាងដែលសមត្ថកិច្ចប្រមូលបាននោះ តាមរយៈការផុស និងចែករំលែកលើហ្វេសប៊ុក រួមទាំងយកចេញពីទូរសព្ទជនជាប់ចោទ ដូចជា ហ្វេសប៊ុកឆាត ជាដើម។
លោកបន្តថា សកម្មភាពជនជាប់ចោទដែលបានធ្វើនោះ បង្ហាញពីការគាំទ្រនិងចូលរួមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈលោក សម រង្ស៊ី នៅពេលនោះមានបំណងចង់ចូលមកកម្ពុជា ក្នុងចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបំផុសបំផុល កៀរគរ ឱ្យប្រជាពលរដ្ឋប្រមូលផ្ដុំ និងការអំពាវនាវកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាល។
លោកថា៖ «បើលោក សម រង្ស៊ី មកតែម្នាក់ វាជារឿងធម្មតាទេ! ប៉ុន្តែគាត់មកកៀរគរប្រជាពលរដ្ឋទាំងក្នុងស្រុក ទាំងអ្នករស់នៅក្រៅស្រុក មកជាមួយ ហើយទៅទទួលលោក។ គាត់បានប្រកាសដែរថា ការមកកម្ពុជា ដើម្បីចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជារដ្ឋាភិបាលស្របច្បាប់»។
ក្រោយពីមានការលើកឡើងបែបនេះ មេធាវីការពារក្ដីឱ្យជនជាប់ចោទ លោក ជូង ជូងី និងលោក សំ សុគង់ ហើយមេធាវីមួយរូបទៀត បានសួរទៅក្រុមមន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មឆ្លងដែនទាំង៣នាក់ ជុំវិញ GroupChat ដែលមានឈ្មោះ «ភ្នំពេញមាតុភូមិនិវត្តន៍» ថាតើមានគ្នាប៉ុន្មាននាក់ បង្កើតឆ្នាំណា តើអ្នកណាជាអ្នកបង្កើត ហើយថាការផ្សព្វផ្សាយនិងចែករំលែកតាមរយៈការស៊ែរលើហ្វេសប៊ុកនោះ តើជាដំណាក់កាលអនុវត្ត និងរៀបចំគម្រោងឬយ៉ាងណា។
សំណួរដែលក្រុមមេធាវីសួរទាំងអស់នោះ មន្ត្រីនាយកដ្ឋានបានឆ្លើយខ្លះ និងខ្លះទៀតថាមិនច្បាស់ ដោយវាស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រុមសន្តិសុខផ្ទៃក្នុង។
ក្រោយពីសវនាការសួរដេញដោលពេញមួយព្រឹក ចៅក្រមជំនុំជម្រះ លោក រស់ ពិសិដ្ឋ សម្រេចផ្អាក ហើយប្រកាសបន្តសវនាការនៅថ្ងៃទី២១ ខែមីនា ខាងមុខទៀត។ ក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធដំណើរវិលត្រលប់របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍៩វិច្ឆិកានេះ មានជនជាប់ចោទជាង៤០នាក់ ហើយក្នុងចំណោមជនជាប់ចោទទាំងនោះ គឺមាន៣នាក់កំពុងជាប់ពន្ធនាគារ៕












