របាយការណ៍​ធាងត្នោត៖ រដ្ឋាភិបាល​នៅតែ​បន្ត​បណ្ដេញ​សហគមន៍​ចេញ​ពី​លំនៅឋាន អំឡុង​រីករាលដាល​កូវីដ-១៩

ពលរដ្ឋខ្មែរឥស្លាមមួយចំនួនបានតាំងទីលំនៅជាបណ្ដោះអាសន្នក្រោយរងការបណ្ដេញចេញមិនឱ្យរស់នៅលើផ្ទះបណ្ដែតទឹក ស្ថិតនៅភូមិចុងកោះ ក្នុងសង្កាត់ជ្រោយចង្វា ក្បែរច្រាំងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ (ទុយ អេងលី)

របាយការណ៍​ថ្មីមួយបង្ហាញថា រដ្ឋាភិបាលនៅមិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់សហគមន៍ ដែលស្នើសុំឱ្យបញ្ឈប់នូវ​ការបណ្ដេញ​ពួកគាត់ចេញ​ពីលំនៅឋាននោះទេ ខណៈការបណ្ដេញ​ចេញដោយបង្ខំនៅតែកើតមាន បើទោះជា​ស្ថិតក្នុង​ពេលរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។

អង្គការសមាគមធាងត្នោត នៅថ្ងៃទី១៤ ខែមីនា ម្សិលមិញនេះ បានចេញផ្សាយ​របាយការណ៍ថ្មី​មួយមាន​ចំណង​ជើងថា «ជំងឺកូវីដ-១៩ និងការផ្ដល់ជំនួយ»។ របាយការណ៍នេះត្រូវបានធ្វើឡើងដើម្បីសង្កេតទៅលើការឆ្លើយតបរបស់​រាជ​រដ្ឋា​ភិបាលក្នុងអំឡុងពេលមានការរីករាលដាល​ជំងឺកូវីដ-១៩ ចំពោះសំណើនានារបស់​សហគមន៍។

អង្គការមួយនេះអះអាងថា កាលពីឆ្នាំ២០២០ ​អំឡុងពេល​រីករាលដាលជំងឺជាសកលនេះ មាន​សហគមន៍ចំនួន៤៥ ទូទាំងប្រទេស បានស្នើទៅ​កាន់រាជ​រដ្ឋា​ភិបាល​ដើម្បីអន្តរាគមន៍ជួយដល់ពួកគេ​។

សហគមន៍ទាំងអស់នោះបានដាក់សំណើសុំកិច្ចអន្តរាគមន៍ចំនួន៥ចំណុចទៅកាន់​រដ្ឋាភិបាល ដូចជា ការផ្ដល់សម្ភារបរិក្ខារពេទ្យដល់សហគមន៍ដែលងាយរងគ្រោះ ការ​បន្ធូរបន្ថយឬពន្យារការសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការសម្រួលឱ្យមានការជួលបន្ត និង​ការព្យួររាល់ពន្ធលើការលក់ដូរ ផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពល​រដ្ឋដែលនៅផ្ទះដោយ​សារ​កូវីដ-១៩ ​និងបញ្ឈប់ការបណ្ដេញចេញដោយបង្ខំ​អំឡុងពេលដ៏លំបាកនេះ។

របាយការណ៍បានរកឃើញថា រដ្ឋាភិបាលបានឆ្លើយតបទាន់ពេលវេលាលើចំណុចខ្លះ និងមិនទាន់បានល្អទៅលើចំណុចមួយចំនួនផ្សេងទៀត។ ក្នុងនោះ ការសិក្សា​បង្ហាញថា រាជរដ្ឋាភិបាលអនុវត្តបានល្អចំពោះការផ្ដល់សម្ភារបរិក្ខារពេ​ទ្យ ការផ្ដល់ប្រាក់ឧបត្ថម្ភ និងការបង្កើត​គោលនយោបាយ​មួយចំនួន​ ដើម្បី​កាត់​បន្ថយបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អំឡុងវិបត្តិកូវីដ-១៩។

យ៉ាង​ណា ​សមាគមធាងត្នោតថា នៅមាន​ចំណុចខ្វះខាតខ្លះដែល​រាជរដ្ឋាភិបាល​មិនទាន់​បាន​បំពេញដើម្បីឆ្លើយតបនឹងវិបត្តិនេះ​ ដូចជា ប្រសិទ្ធភាពនៃជំនួយ ការមិន​បានកាត់​បន្ថយ​ថ្លៃជួលផ្ទះ និងការបន្ត​សកម្មភាពបណ្ដេញ​សហគមន៍​ចេញពីលំនៅ​ឋាន​​ ជា​ដើម។ 

អង្គការសមាគមធាងត្នោតថា៖ «រាជរដ្ឋាភិបាលមិនបានឆ្លើយតបទៅនឹងសំណើរបស់ពួកគេដែលសុំបញ្ឈប់​ការបណ្ដេញ​សហគមន៍ចេញ​ពីលំនៅឋាននោះទេ ទោះបីជាក្នុងអំឡុងពេលរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ»។

ប្រភពដដែលថា សហគមន៍ចំនួន១១ ក្នុងរាជធានីភ្នំពេញ ត្រូវបានបណ្ដេញចេញ ឬត្រូវបានជូនដំណឹងឱ្យរុះរើចេញ​ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។​ ក្រៅពីនោះ រដ្ឋាភិ​បាល​មិនបាន​ផ្អាកការបង់ថ្លៃជួលផ្ទះឬបន្ទប់ជួលនោះទេ ទោះបីជាមានការស្នើសុំពីសហគមន៍ចំនួន៣៧ ក្នុងចំណោម​សហគមន៍​ទាំង៤៥ ដែលបានផ្ដល់បទសម្ភាសន៍ក្នុងការស្រាវជ្រាវនេះក៏ដោយ​។

ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោត លោក ឯម ខេមរា ប្រាប់វីអូឌីថា នៅក្នុងរដ្ឋធម្មនុញ្ញ ពលរដ្ឋមានសិទ្ធិក្នុងការកាន់កាប់ គ្រាន់តែការកាន់កាប់មួយចំនួនគឺស្របច្បាប់ និងមួយចំនួនទៀតមិនស្របច្បាប់ ដោយពលរដ្ឋរស់នៅលើដីសាធារណៈរបស់រដ្ឋ ជាដើម។

យ៉ាងណា លោកថា បើទោះជាពលរដ្ឋរស់នៅជុំវិញបឹងដែលជាដីសាធារណៈរបស់រដ្ឋក៏ដោយ តែមានបទប្បញ្ញត្តិ និងគោលនយោបាយរបស់រដ្ឋាភិបាលដែលតម្រូវឱ្យដោះស្រាយបញ្ហាសម្រាប់សហគមន៍ដែលមិនទាន់រៀបរយ មិនមានប្លង់កម្មសិទ្ធិ​។ លោកថា គោលការណ៍សិទ្ធិមនុស្ស ច្បាប់ជាតិនិងអន្តរជាតិ មិនអនុញ្ញាតឱ្យមានការបណ្ដេញចេញទាំងបង្ខំ ពោលគឺត្រូវជូនដំណឹងជាមុន និងទុកពេលវេលាឱ្យពួកគាត់រុះរើលំនៅឋានឱ្យបានសមរម្យ។

លោក ឯម ខេមរា ថា៖ «ហើយ [រដ្ឋាភិបាល] ត្រូវធានាថា ការជម្លៀស ឬការបណ្ដេញចេញអីហ្នឹង មិនស្ថិតនៅក្នុងអំឡុងពេលដែលមានការលំបាក។ ឧទាហរណ៍ដូចជាចំរដូវភ្លៀង ជាពិសេសចំពេលកូវីដហ្នឹងតែម្ដង ព្រោះអាហ្នឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនានារបស់ពួកគាត់។ ការបណ្ដេញចេញ ដូចជាពេលដែលគាត់ទៅតាំងទីលំនៅថ្មី ឬក៏ត្រូវបានបណ្ដេញចេញអ៊ីចឹង គាត់ទៅកន្លែងថ្មី អត់មានទីជម្រក ឬផ្ទះសម្បែងសមរម្យ អត់មានទឹក អត់មានភ្លើងប្រើប្រាស់អីអ៊ីចឹងទៅ»។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា លោកមិនសូវជឿលើរបាយការណ៍របស់អង្គការសមាគមធាងត្នោតនេះឡើយ។ ​

លោកថា រាល់ការតម្រូវឱ្យពលរដ្ឋចាកចេញពីកន្លែងដែលពួកគាត់រស់នៅ​មិនស្រប​ច្បាប់ អាជ្ញាធរតែង​ទុកពេលវេលាឱ្យរុះរើត្រឹមត្រូវបំផុត ពោលគឺមិនដែលបណ្ដេញចេញដោយបង្ខំនោះទេ។

លោកថា៖ «ការលើកឡើងនេះ ខ្ញុំដូចអត់សូវជឿ! ដេញនៅកន្លែងណា? តើប្រជាពលរដ្ឋហ្នឹង លោករស់នៅប៉ុន្មានឆ្នាំនៅកន្លែងហ្នឹង? ហើយកន្លែងហ្នឹងជាកន្លែងសាធារណៈ ឬកន្លែងរបស់ឯកជន? អាហ្នឹងទាល់តែយើងដឹងអ៊ីចឹង បានយើងនេះ! […] ប៉ុន្តែជាទម្លាប់ សាលារាជធានីភ្នំពេញកម្រនឹងដេញមនុស្ស ដោយមិនបានប្រាប់នូវពេលវេលាជាក់លាក់ត្រឹមត្រូវនោះទេ»។

ប្រជាសហគមន៍មួយរូបដែលអះអាងថាត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញបណ្ដេញចេញពីលំនៅស្ថានទាំងបង្ខំ អ្នកស្រី សន ស្រីមុំ ប្រាប់ថា កាលពីខែកក្កដា ឆ្នាំ២០២០ អ្នកស្រីត្រូវបានអាជ្ញាធរបានបណ្ដេញចេញទាំងបង្ខំពីលំនៅឋាន ដែលមានទីតាំងនៅខាងក្រោយផ្សារសុវណ្ណា រាជធានីភ្នំពេញ ឱ្យមករស់នៅខេត្តកណ្ដេល។ អ្នកស្រី​បានព្យាយាមតវ៉ាដែរ តែមិន​បានជោគជ័យឡើយ ខណៈកាលនោះ អ្នកស្រីបាត់និងខូចខាតរបស់ទ្រព្យមួយចំនួន ពេលរុះរើទាំងបង្ខំថែមទៀតផង។

អ្នកស្រីបន្ថែមថា មន្ត្រីសាលាក្រុងពុំបានបញ្ជាក់ពីមូលហេតុថាតើនឹងយកដីពួកគាត់យកទៅធ្វើអីនោះទេ បន្ទាប់ពីជម្លៀសពួកគាត់ទាំង៨៧គ្រួសារចេញ។ យ៉ាងណា អ្នកស្រីថា ដីផ្ទះសម្បែងរបស់គាត់ដែលត្រូវគេបណ្ដេញនោះនៅជាប់នឹងផ្ទះរបស់អ្នកមានអំណាចម្នាក់។

អ្នកស្រីថា៖ «គេ [អាជ្ញាធរ] ប្រាប់យើងថា ឱ្យយើងរុះតាមសម្រួល គេជួយរុះ មានកម្លាំងមានអីជួយរុះជួយរើអីយើងហ្នឹង ថ្ងៃសៅរ៍​ ថ្ងៃអាទិត្យ ថ្ងៃព្រហស្បតិ៍ អីអ៊ីចឹងទៅ។ យើងនិយាយ គេជុំ [គ្នា] អ៊ីចឹងទៅ។ ដល់ពេល វាក្រឡាស់សម្ដីវិញ វាមកដូចយើងធ្វើចោរប្លន់អ៊ីចឹង! ផ្ទះប្រជាជនខ្លះ គ្នាបានអីជ្រកកោន? និយាយរួម រហេមរហាម។ ហើយមួយវឹកគេបិទ [lockdown] កូវីដហ្នឹងទៀត ក៏វាគ្មានអើតក្បាលមកមើលប្រជាជនដែលយកទៅដាក់ចោលហ្នឹងដែរ។ [អាជ្ញាធរជូនដំណឹង មុនប្រាប់ឱ្យរុះរើប៉ុន្មានថ្ងៃ?] និយាយរួម វាប្រាប់ថារុះហ្នឹងមួយអាទិត្យ បែរជាវាបង្ខំយើង មិនទាន់បានមួយអាទិត្យឯណា? បានតែបីថ្ងៃហ្នឹង គេរុះរបស់យើង»។

អ្នកស្រីបន្តថា បញ្ហាប្រឈមដែលគាត់ជួបប្រទះក្រោយការបណ្ដេញចេញឱ្យមករស់នៅខេត្តកណ្ដាល គឺនៅឆ្ងាយពីសាលារៀនសម្រាប់កូនៗ ខ្វះទឹកស្អាតប្រើប្រាស់ ហើយទឹកមានតម្លៃថ្លៃ ដោយឡែកភ្លើងអគ្គិសនីក៏មិនបានគ្រប់គ្រាន់ ស្របពេលផ្សារនៅឆ្ងាយពីផ្ទះទៀតផង។

​របាយការណ៍សមាគមធាងត្នោត បញ្ជាក់ថា ការបណ្ដេញចេញក្នុងអំឡុងពេលរីករាលដាល​ជំងឺឆ្លង ជាការគំរាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋដែលត្រូវបានគេបណ្ដេញចេញ និងពលរដ្ឋដទៃទៀត តាមរយៈការដាក់អ្នកទាំងនោះឱ្យស្ថិតក្នុងស្ថានភាពដែលងាយនឹងឆ្លងមេរោគកូវីដ-១៩។

អង្គការនេះទាមទារឱ្យរដ្ឋាភិបាលត្រូវបញ្ឈប់ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ក្នុងអំឡុងពេល​រីករាលដាលជំងឺសកលនេះ និងគួររៀបចំបង្កើតគោលនយោបាយសម្រាប់អនុវត្តការបណ្ដេញចេញដែលគោរពតាមគោលការណ៍សិទ្ធិមនុស្ស និងបញ្ឈប់ការបណ្ដេញសហគមន៍ចេញដោយ មិនទុកឱកាសឱ្យពួកគេទទួលបានជំនួយផ្នែកច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ