តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បដិសេធអត្ថាធិប្បាយជុំវិញដំណើរការក្ដីរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី ក្រោយតុលាការសម្រេចបំបែកសំណុំរឿងជា២ករណី ខណៈក្រុមអង្គការផ្នែកសិទ្ធិមនុស្សចាត់ទុកថា អ្វីដែលតុលាការញែកសំណុំរឿងនេះទៅជា២បន្ថែមទៀតនោះ គ្រាន់តែធ្វើឡើងដើម្បីឱ្យភាគីពាក់ព័ន្ធមានភាពស្ងប់ចិត្តប៉ុណ្ណោះ។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានឱ្យដឹងតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) នៅថ្ងៃអង្គារនេះថា ស្ថាប័នអយ្យការមិនមានព័ត៌មានជាក់លាក់ឬតម្រុយណាមួយអំពីការបំបែករឿងក្ដីព្រហ្មទណ្ឌនេះ ទៅជា២ករណីទេ។
លោកបន្តថា៖ «ខ្ញុំមិនមានព័ត៌មានខាងលើនេះទេ ព្រោះសំណុំរឿងមិនស្ថិតនៅក្នុងដំណាក់កាលអយ្យការទេ»។
ជុំវិញរឿងក្តីនេះ កាលពីដើមខែមីនា ឆ្នាំ២០១៧ ចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក លាង សំណាត់ បានសម្រេចផ្ដន្ទាទោស លោក អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត។ ក្នុងថ្ងៃតែមួយនៃការផ្ដន្ទានេះដែរ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដើម្បីស្វែងរកអ្នកនៅពីក្រោយនៃអំពើបាញ់ប្រហារនេះ ក្រៅពីឈ្មោះ ជួប សម្លាប់ តុលាការបានបំបែករឿងក្ដីនេះទៅជា២ករណី។
គិតចាប់ពីថ្ងៃដែលសំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានបំបែកជា២ករណី មានរយៈពេលប្រមាណ៦ឆ្នាំមកហើយ។ ក្នុងរយៈពេលនេះ តុលាការមិនទាន់បានបង្ហាញតម្រុយណាមួយថ្មីនៃការស៊ើបអង្កេត ដែលអាចឈានទៅកំណត់មុខសញ្ញាអ្នកដែលនៅពីក្រោយនៃអំពើបាញ់ប្រហារនៅកណ្ដាលទីក្រុងនេះនៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា រឿងក្ដីនេះ ប្រាកដណាស់នឹងមិនអាចលេចចេញជារូបរាងបានទេ។ លោកបន្តថា តាមបទពិសោធន៍រឿងក្ដីដូចគ្នាទៅលើលោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ព្រមទាំងមនុស្សសំខាន់ៗមួយចំនួនទៀត ក៏មិនខុសគ្នាដែរ គឺតុលាការនៅបន្តផ្អឹបរហូតមកដល់ពេលនេះ ពោលគឺមិនមានភាពជឿនលឿននៃសំណុំរឿងណាមួយឡើយ។
លោក អំ សំអាត បន្តថា៖ «អ៊ីចឹងបើយើងមើលទៅ វាហាក់បីដូចជាគ្រាន់តែថាជាលេសមួយដោះសារនៅក្នុងការដែលគេថានៅក្នុងរឿងលោកបណ្ឌិត កែម ឡី ហ្នឹងត្រូវបានបញ្ចប់ ឬក៏មិនមានភាពយុត្តិធម៌ គឺតុលាការនិងអាជ្ញាធរលើកឡើងអំពីដំណើរការកំពុងបន្តនីតិវិធី ដូច្នេះនេះគ្រាន់តែលេសដើម្បីឆ្លើយតបទេ»។
បើតាមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ យល់ឃើញថា ចេតនានៃកាបំបែកសំណុំរឿងជា២ករណី ដើម្បីវែកមុខរកជនសមគំនិត ឬអ្នកនៅពីក្រោយបន្ថែមទៀត ក្រៅពីឈ្មោះ អឿត អាង នេះ គ្រាន់តែជាផ្នែកមួយ ដើម្បីធ្វើឱ្យសាច់ញាតិឬអ្នកមានភក្តីភាពចំពោះលោកបណ្ឌិត កែម ឡី ស្ងប់ចិត្តតែប៉ុណ្ណោះ។
មិនខុសគ្នាទេ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ក៏ឯកភាពដែរថា ការបន្តនៅទ្រឹងនៃរឿងក្តីមួយនេះបានបង្ហាញឱុ្យឃើញពីការទុកចោលនៃសាច់រឿងទាំងមូលរបស់ស្ថាប័នជំនាញ។ លើសពីនេះទៅទៀត លោកថា ការសន្យាបើកការស៊ើបអង្កេត ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀត ធ្វើយ៉ាងណាឱ្យអ្នកដែលធ្លាប់មានភក្តីភាពចំពោះអ្នកវិភាគពីបញ្ហាសង្គមនិងនយោបាយដ៏មានប្រជាប្រិយភាពនេះ រំសាយចិត្តប៉ុណ្ណោះ។
លោកបន្តថា៖ «ក្នុងករណីនេះ យើងឃើញថាវាគ្រាន់តែធ្វើឡើងម្តងម្កាល ដើម្បីរម្ងាប់អារម្មណ៍សាធារណជនដែលជាអ្នកតាមដានទៅលើសំណុំរឿងលោកបណ្ឌិតតែប៉ុណ្ណឹង»។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងម៉ាតមួយដែលស្ថិតនៅក្នុងស្ថានីយប្រេងឥន្ទនៈកាល់តិច ស្តុបបូកគោ ទាំងព្រឹកព្រលឹម ហើយក្រោយអំពើឃាតកម្មកើតឡើង មានតែមនុស្សម្នាក់គត់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។
ទណ្ឌិតឈ្មោះ អឿត អាង បានប្រាប់នៅចំពោះមុខសមត្ថកិច្ចថា ខ្លួនគឺជាឃាតករតែម្នាក់គត់ដែលចូលទៅបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ព្រោះតែលោកបណ្ឌិតជំពាក់លុយ៣ ០០០ដុល្លារ។
វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមជុំវិញបញ្ហានេះបានទេពីលោក យុង ផានិត មេធាវីការពារក្ដីឱ្យលោក អឿត អាង ហៅ ជួប សម្លាប់។
ប៉ុន្តែនៅក្រោយប្រកាសសាលក្រម មេធាវីដែលត្រូវបានគណៈមេធាវីចាត់តាំងឱ្យការពារក្ដីក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ស្វាគមន៍ចំពោះការបំបែករឿងក្ដីនេះទៅជា២ករណីទៀត។
ដោយឡែក លោក សេង លាង ចៅក្រមស៊ើបសួរដែលកាន់រឿងក្តីនេះ វីអូឌី មិនអាចស្នើសុំការបញ្ជាក់បានដែរ នៅថ្ងៃអង្គារនេះ។
នៅចំពោះមុខចៅក្រម កាលពីដើមខែមីនា ឆ្នាំ២០១៧ លោក អឿត អាង ហៅ ជួប សម្លាប់ បានប្រាប់អង្គសវនាការថា អ្នកដែលណែនាំឱ្យលោកបណ្ឌិត កែម ឡី បានខ្ចីលុយពីរូបខ្លួននោះ គឺឈ្មោះ លីស។ ចំណែកមនុស្សម្នាក់ទៀតដែលខ្លួនទិញកាំភ្លើង ដើម្បីបាញ់លោកបណ្ឌិត កែម ឡី គឺទិញពីឈ្មោះ ចក់។ ភ្លាមៗ បន្ទាប់ពីតុលាការសម្រេចផ្ដន្ទាទោសទណ្ឌិតឈ្មោះ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត អង្គការសង្គមស៊ីវិលចំនួន៦០ស្ថាប័នបានទាមទារឱ្យតុលាការបន្តបើកការស៊ើបអង្កេត និងស្វែងរកអ្នកពាក់ព័ន្ធឱ្យបានឆាប់៕