ក្រសួងសុខាភិបាលបានណែនាំទៅអាជ្ញាធររាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស ឱ្យបន្តអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ក្រោមប្រធានបទ «កូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងខ្លាំងជាងមុន ដែលអាចបណ្ដាលឱ្យមានហានិភ័យដល់អ្នកនិងគ្រួសារ»។
ក្នុងលិខិតរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែមីនា បានឱ្យដឹងថា រហូតមកទល់ពេលនេះ វីរុសបំប្លែងខ្លួនថ្មីនៅតែបន្តរីករាលដាលក្នុងសហគមន៍ ដោយមន្ត្រីជំនាញនៅតែរកឃើញឆ្លងថ្មីជារៀងរាល់ថ្ងៃ ហើយក្នុងនោះក៏មានករណីឈឺធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានករណីស្លាប់មួយចំនួនផងដែរ។
ជាមួយគ្នានេះ ក្រសួងក៏បានណែនាំទៅអាជ្ញាធររាជធានី-ខេត្តទាំងអស់ បន្តអនុវត្តយុទ្ធនាការនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ និងបន្តធ្វើការអប់រំផ្សព្វផ្សាយនៅថ្ងៃបន្តបន្ទាប់ជាប្រចាំ នៅតាមមូលដ្ឋាន ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គី ដើម្បីទប់ស្កាត់នូវហានិភ័យធ្ងន់ធ្ងរដល់សុខភាព ដល់ដំណើរការសង្គម និងសេដ្ឋកិច្ច។
លិខិតបន្តថា៖ «វត្តមានរបស់វីរុសកូវីដ-១៩ បំប្លែងថ្មីនៅក្នុងពិភពលោក បង្ហាញថា ការរាតត្បាតជំងឺកូវីដ-១៩ នៅតែមិនទាន់បញ្ចប់នៅឡើយ ហើយនៅតែជាហានិភ័យសុខភាពសាធារណៈសម្រាប់បណ្ដាប្រទេសទាំងអស់ ទោះបីជាប្រទេសមួយចំនួនបានបន្ធូរបន្ថយវិធានការសុខាភិបាលមួយចំនួនហើយក៏ដោយ។ ដូច្នេះ យុទ្ធនាការ អប់រំ ផ្សព្វផ្សាយ ជាបន្តនាពេលនេះ នៅតែមានសារៈសំខាន់បំផុត ដើម្បីឈានទៅសម្រេចបានការផ្លាស់ប្ដូរឥរិយាបថ ប្រកបដោយនិរន្តរភាពរបស់ប្រជាជន ក្នុងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានវីរុសកូវីដ-១៩»។
លោក សួស សុភ័ក្រ ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានលើកឡើងថា ខាងខេត្តបាត់ដំបងនៅតែបន្តអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងវិធីព្យាបាលជំងឺកូវីដ-១៩ ដល់ពលរដ្ឋតាមរយៈទូរទស្សន៍ វិទ្យុ និងតាមផេករបស់ខាងមន្ទីរដែលមាន។
លោកបន្តថា ក្រោយសេចក្ដីណែនាំពីក្រសួងសុខាភិបាល អាជ្ញាធរខេត្តបាត់ដំបងបានលើកពីវិធានការនានាផងដែរ។
លោកមានប្រសាសន៍ថា៖ «ថ្មីៗនេះ អភិបាលក្រុងកំពុងតែរៀបចំសម្អាត អភិបាលខេត្តក្ដីក៏បានធ្វើការណែនាំបណ្ដាអង្គភាពមន្ទីរនានា ភូមិឃុំស្រុក រដ្ឋបាលមូលដ្ឋាន ឱ្យខិតខំយកចិត្តទុកដាក់ ទីមួយគឺសម្អាតបរិស្ថានអនាម័យ ដែលជាការចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដដែល»។
លោកបន្ថែមទៀតថា តាមពិធីនីមួយៗ អាជ្ញាធរតែងតែមានក្រុមសុខាភិបាល ក្រុមមន្ទីរពេទ្យដាក់ជាប្រចាំ ពិសេសនៅពេលមានពិធីធំៗម្ដងៗ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៤ ៣៥២នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១២៩ ៧១៧នាក់ និងអ្នកស្លាប់ចំនួន៣ ០៤៨នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះបានកើនដល់១២ ៦៦២នាក់៕












