ការប្រមូលពន្ធ​ពីរខែ​ដើមឆ្នាំនេះ​កើន​ឡើង​ជាង​២០ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន

ទិដ្ឋភាពនៅពីមុខអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅជិតស្ពានអាកាស៥មករា ក្រុងភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ (ហួត វុទ្ធី)

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា រយៈពេល២ខែ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទប្រមូលបានសរុបមានចំនួន​ជាង៥០០លានដុល្លារ ដោយចំនួននេះ​កើនឡើងជាង២២​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​

តាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៤ ខែមីនា ដែលទើបនឹងផ្សព្វផ្សាយកាលពីម្សិលមិញ បានឱ្យដឹងថា​ ២ខែមកនេះ កម្ពុជាទទួលបានចំណូលពីពន្ធដារជាង២ ០៧៤​ពាន់លានរៀល ឬស្មើប្រមាណ៥១២លានដុល្លារ ដែលស្មើនឹង ១៨,១៧ភាគរយ នៃផែនការប្រចាំឆ្នាំ។ ចំណូលពន្ធដែលប្រមូលបានសម្រាប់ថវិកាជាតិនេះ កើនដល់ចំនួន ២២,៦៩ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។

ក្នុងខែកុម្ ភៈឆ្នាំ២០២២នេះ ចំណូលពន្ធសំខាន់ៗដែលធ្វើឱ្យមានការកើនឡើងនូវការប្រមូលពន្ធ ​មាន៥ប្រភេទ រួមមាន ពន្ធលើប្រាក់ចំណូល ពន្ធអាករ អាករពិសេស ពន្ធលើប្រាក់បៀវត្ស និងពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។

ក្នុងពិធីប្រកាសលទ្ធផលប្រមូលចំណូល​ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ កាលពីថ្ងៃទី១៤ ខែមីនា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ​ ​ ​ក៏បានក្រើនរម្លឹកពាក់ព័ន្ធទៅនឹងការគេចវេះពន្ធដារ ដោយ​ថា មានសហគ្រាសមួយចំនួនតូចមិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវ និងរហូតបង្កើតផែនការគេចវេះពន្ធ (Tax evasion) ក្នុងគោលបំណងកាត់បន្ថយការបង់ពន្ធ។

យ៉ាងណា លោកអះអាងថា សហគ្រាសទាំងនោះនឹងក្លាយជាគោលដៅនៃការស៊ើបអង្កេត ចំពោះបទល្មើសព្រហ្មទណ្ឌ និងករណីធ្ងន់ធ្ងរដែលអាចឈានដល់បទល្មើសសម្អាតប្រាក់ថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ