តុលាការ​នឹង​សម្រេច​លើ​ការ​ដាក់​ភស្តុតាងថ្មី​ដោះបន្ទុក​លោក កឹម សុខា នៅ​សប្ដាហ៍​ក្រោយ

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើសេចក្ដីសម្រេចលើការដាក់ភស្តុតាងថ្មីដើម្បីដោះបន្ទុកលោក កឹម សុខា នៅសប្ដាហ៍ក្រោយ ខណៈក្រុមមេធាវីទទូចឱ្យតុលាការបន្ថែមថ្ងៃបើកសវនាការ។

មេធាវីការពារក្ដីលោក កឹម សុខា គឺលោក អាង ឧត្ដម បានប្រាប់ក្រុមអ្នកកាសែតនៅខាងក្រៅតុលាការនៅថ្ងៃពុធនេះថា សវនាការនៅថ្ងៃនេះ បានផ្ដោតសំខាន់ទៅលើការសន្និដ្ឋានស្ដីពីការដាក់ភស្តុតាងថ្មីចំនួន២៨ ដើម្បីដោះបន្ទុកលោក កឹម សុខា ហើយតុលាការនឹងធ្វើការសម្រេចនៅសប្ដាហ៍ក្រោយ។ ភស្តុតាងទាំង២៨នោះ រួមមាន ភស្តុតាងជាវីដេអូ និងជាប្រតិចរិតមួយចំនួន បន្ថែមលើភស្តុតាងកន្លងមក។

លោកមេធាវី អាង ឧត្ដម បានថ្លែងថា៖ «សេចក្ដីសន្និដ្ឋានស្ថាពររបស់តំណាងអយ្យការបញ្ជាក់ច្បាស់ហើយ ថាមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ មានពិរុទ្ធភាពគ្រប់គ្រាន់ហើយ រឿងអីមកដាក់នៅពេលនេះទៀត។ វាខុសពីភាគីផ្សេង អាហ្នឹងយើងបានតតាំងអ៊ីចឹង […] យើងអត់បាននិយាយចំណុចត្រង់ហ្នឹងទេ យើងគ្រាន់តែបានដេញដោល ទី១ យើងឱ្យច្រានចោលភស្តុតាងថ្មីរបស់អយ្យការទាំងអស់។ ហើយតំណាងអ​យ្យការបានច្រានចោលឯកសារយើងមួយចំនួន មិនទាំងអស់ទេ ដោយផ្អែកលើមូលហេតុថា អត់មានភស្តុតាងច្បាស់​លាស់»។

គិតត្រឹម​ថ្ងៃទី១៦ ខែមីនានេះ សវនាការលោក កឹម សុខា មានចំនួន៣៣លើកហើយ ខណៈមេធាវី​បានបន្តអំពាវនាវឱ្យតុលាការពន្លឿននីតិវិធី ដើម្បីផលប្រយោជន៍កូនក្ដីរបស់ខ្លួន។

លោក អាង ឧត្ដម បន្ថែមថា៖ «យើងថាតុលាការមិនគួរសម្រេចតាមសំណើបែបនេះទេ ហើយខាងភាគីផ្សេងគេប្រឆាំងយើង គេថាយើងលើកហ្នឹងអត់បានមើលវិធានការសុខាភិបាល។ ខ្ញុំថាវិធានការសុខាភិបាលមិនធំជាងអនុសាសន៍របស់នាយករដ្ឋមន្ត្រីទេ ដែលគាត់ថា នណាឈឺ អ្នកហ្នឹងទៅពេទ្យ! គាត់ថាស្ថាប័នណា អង្គភាពណា នៅកន្លែងណាក៏ដោយ អ្នកណាឈឺ ទៅពេទ្យ! ហើយអ្នកណាទៀតនៅដើរ នៅធ្វើការដដែល នៅតែមានដំណើរការដដែល ហើយយើងសុំកុំឱ្យមានតទៅទៀតអារឿងហ្នឹង»។

សវនាការលោក កឹម សុខា កាលពីថ្ងៃទី៩ ខែកុម្ភៈ បានលើកពេលសវនាការម្ដង ដោយមកធ្វើនៅថ្ងៃទី១៦ ខែកុម្ភៈវិញ ដោយសារមេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់នៃភាគីដើមបណ្ដឹងរដ្ឋប្បវេណី ប៉ះពាល់ផ្ទាល់អ្នកបានឆ្លងជំងឺកូវីដ-១៩។ បន្ទាប់មក សវនាការបានលើកពេលម្ដងទៀត កាលពីថ្ងៃទី៩ ខែមីនា មកធ្វើនៅថ្ងៃទី១៦ ខែមីនា នេះវិញ ដោយសារតែតំណាងអយ្យការម្នាក់ គឺលោក ប្លង់ សុផល បានឆ្លងជំងឺកូវីដ-១៩ ផងដែរ។

មន្ត្រីសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលចូលរួមឃ្លាំមើលសវនាការនៅថ្ងៃនេះ បានកត់សម្គាល់ថា សវនាការនៅថ្ងៃនេះ មានភាពតានតឹង ដោយសារតែមានការជជែកគ្នាច្រើនទៅលើការលើកពេលសវនាការលោក កឹម សុខា ម្ដងហើយម្ដងទៀត ដោយយកហេតុផលជំងឺកូវីដ-១៩។

លោកថា៖ «ហើយមុនមានការជជែកដល់សេចក្ដីសន្និដ្ឋាននេះ យើងឃើញថា មានការលើកឡើងអំពីការពន្យារពេលបន្តបន្ទាប់ដោយសារតែបញ្ហារឿងកូវីដនេះ គឺមានសភាពតានតឹង ការជជែកនេះរហូតទៅដល់៥៥នាទី តាមដែលខ្ញុំពិនិត្យមើលម៉ោងហ្នឹង! ហើយការជជែកហ្នឹងដូចមានការបញ្ជាក់ពីខាងចៅក្រម ក្រុមប្រឹក្សា[ជំនុំជម្រះ]អំពីរឿងដែលថាការលើកពេលវេលាហ្នឹងសុទ្ធតែមានហេតុផល មានអំណះអំណាងច្បាស់លាស់អំពីការគោរពទៅតាមវិធានរដ្ឋបាល អំពីច្បាប់កូវីដអ្វី ជាដើម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលអីមកហ្នឹង»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនឆ្លើយតបនឹងសំណួររបស់វីអូឌី ចំពោះការលើកឡើងរបស់មេធាវីការពារក្ដីលោក កឹម សុខា នោះទេ។

សវនាការលោក កឹម សុខា នឹងបន្តធ្វើនៅថ្ងៃពុធ សប្ដាហ៍ក្រោយ ដែលចៅក្រមនឹងធ្វើសេចក្ដីសម្រេចទទួលយក ឬច្រានចោលលើការដាក់ភស្តុតាងចំនួន២៨របស់ក្រុមមេធាវីការពារក្ដីដើម្បីដោះបន្ទុកលោក កឹម សុខា។

សវនាការលោក កឹម សុខា បានចាប់ផ្ដើមធ្វើឡើងវិញកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ