រុស្ស៊ី​ដាក់​បម្រាម​មិន​ឱ្យ​លោក ចូ បៃឌិន និង​នាយករដ្ឋមន្ត្រី​កាណាដា​ចូល​ប្រទេស​របស់ខ្លួន

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន (Vladimir Putin) និងសមភាគី​អាមេរិក លោក ចូ បៃឌិន (Joe Biden) ក្នុងកិច្ចពិភាក្សាមួយតាមប្រព័ន្ធវីដេអូ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Vladimir Putin)

រុស្ស៊ីបាន​ឱ្យដឹង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ដាក់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ចូ បៃឌិន និងនាយក​រដ្ឋមន្ត្រីកាណាដា លោក Justin Trudeau រួមនឹងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកមួយចំនួនទៀតនៅក្នុងបញ្ជីមួយដែល​ហាមឃាត់មិនឱ្យចូលប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters

ក្រៅពីលោក ចូ បៃឌិន មន្ត្រីអាមេរិ​ក​នៅក្នុងបញ្ជី​ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យចូលប្រទេសរុស្ស៊ីផ្សេ​ង​ទៀត ​រួមមាន រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin, ប្រធាន​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ (CIA) លោក​ William Burns, ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan និងអតីត​រដ្ឋមន្ត្រី​ការ​បរទេស​ និងជាបេក្ខភាពប្រធានាធិបតី​ លោកស្រី​ Hillary Clinton។

ការដាក់បម្រាម​នេះ​ជា​ការ​ឆ្លើយ​តបទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​​ដោយ​​អាមេរិក​​មក​​លើ​មន្ត្រី​រុស្ស៊ី បន្ទាប់​ពីការឈ្លាន​ពាន​អ៊ុយ​ក្រែន ខណៈដែលលោក Justin Trudeau បន្ទាប់មក​ក៏ត្រូវបានដាក់ដោយ​ក្រសួង​ការ​បរទេសរុស្សីទៅ​ក្នុង​បញ្ជី​នេះផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនមកលើអ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​​សមុទ្រ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ដែលបានធ្វើឱ្យបណ្ដាប្រទេសជាច្រើននៅលើពិភពលោក​ សម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់​លើ​រុស្ស៊ីផង​ដែរ។

ទោះជាយ៉ាងណា រុស្ស៊ីបានលើកឡើងថា ខ្លួនកំពុងអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែន​ពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានប្រទេស​លោកខាងលិច​ចាត់ទុកថា ជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ