ប្រធានាធិបតី​អ៊ុយក្រែន ថា​ជំហរ​របស់​ខ្លួន​និង​រុស្ស៊ី​ក្នុង​កិច្ចពិភាក្សា​ហាក់​មាន​ភាព​ប្រាកដ​ប្រជា​ជាងមុន

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។ (ធ្វីតទ័រ៖ Володимир Зеленський)

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងឱ្យដឹងនៅក្នុងសុន្ទរកថាជាវីដេអូមួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា ជំហររបស់អ៊ុយក្រែន និងរុស្ស៊ី ក្នុងកិច្ចចរចាស្ដីពីសន្តិភាព ហាក់មើលទៅមានភាពប្រាកដប្រជាជាងមុន។ ទោះជាយ៉ាងណា លោកថា ដំណើរការនេះត្រូវការពេលវេលាបន្ថែមទៀត។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបដែលបានឱ្យដឹងកាលពីថ្ងៃអង្គារថា កិច្ចពិភាក្សារវាងខ្លួនជាមួយនឹងរុស្ស៊ីមានការលំបាកខ្លាំង ប៉ុន្តែវានៅតែមានចន្លោះសម្រាប់ការសម្របសម្រួល ខណៈដែលការចរចានឹងបន្តនៅថ្ងៃពុធនេះបន្ថែមទៀត។

ជាមួយគ្នានេះ លោក Volodymyr Zelenskiy បន្ថែមថា៖ «កិច្ចប្រជុំនៅតែបន្ត ដោយខ្ញុំទទួលបានដំណឹងថា ជំហរក្នុងអំឡុងពេលការចរចាហាក់ស្ដាប់ទៅមានភាពប្រាកដប្រជាជាងពេលកន្លងទៅ។ ទោះជាយ៉ាងណា យើងត្រូវការពេលវេលាបន្ថែមទៀតសម្រាប់រាល់ការសម្រេចចិត្តទាំងឡាយណា ដើម្បីជាផលប្រយោជន៍របស់អ៊ុយក្រែន»។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធ​មកលើ​អ៊ុយក្រែន តាមរយៈការចលនា​ទ័ពរបស់ខ្លួនចូលមកឈ្លានពានប្រទេសជិតខាងមួយនេះ។

ទោះជាយ៉ាងណា ការឈ្លានពានពីសំណាក់រុស្ស៊ីនេះ នៅមិនទាន់សម្រេចបាននូវគោលបំណងរបស់ប្រធានាធិបតីរបស់ខ្លួន​ក្នុងការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ