UN បារម្ភ​ថា​កម្ពុជា​បាន​ប្រើ ACU ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​លើ​សង្គមស៊ីវិល

សារ «អរគុណសន្តិភាព អរគុណសម្ដេចតេជោសែន» ដែលត្រូវបានបង្ហាញនៅជាប់របងអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ​បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះកម្ពុជា ក្នុងការប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាឧបករណ៍យាយីនិងធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស គណបក្សប្រឆាំងនានា និង​អ្នក​លើកឡើង​ពីអំពើពុករលួយ តាម​ការចោទប្រកាន់​ដែលខុសពីការពិត​។

ការបង្ហាញក្ដីបារម្ភនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ និងត្រូវបានផ្សព្វផ្សាយសាធារណៈ​ ខណៈកម្ពុជាក៏បានចូលរួម​ផងដែរ។

គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី M. KRAN ថ្លែងក្នុងកិច្ចប្រជុំនោះថា សម្រាប់បញ្ហាដែលជាក្ដីកង្វល់ដ៏ធ្ងន់ធ្ងរមួយរបស់គណៈកម្មការសិទ្ធិមនុស្ស​ គឺ​អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា ជានិច្ចកាល តែងតែយាយីនិងធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស និងគណបក្សប្រឆាំងនានា​។

លោកស្រី M. KRAN ថាជាឧទាហរណ៍ ក្នុងឆ្នាំ២០១៨ ​តុលាការបានកាត់ទោស​មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) ចំនួន៤រូប និងអតីតមន្ត្រីអាដហុកមួយរូបទៀត ​ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ តាមរយៈការស៊ើបអង្កេត និងបណ្ដឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU។

លោកស្រីបន្តថា៖ «ជាមួយគ្នានេះ ខ្ញុំក៏បានរកឃើញផងដែរថា សម្រាប់អ្នកផ្ដល់ព័ត៌មាន ឬសាក្សីទាំងឡាយដែលរាយការណ៍អំពីអំពើពុករលួយ គឺមិនទទួលបានការការពារនោះទេ ដែលករណីនេះអាចនឹងបង្កើតជាការភ័យខ្លាច និងការស្ទាក់ស្ទើរក្នុងការរាយការណ៍ព័ត៌មានទាំងនេះ»។

គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានស្នើឱ្យតំណាងកម្ពុជាពន្យល់ពីជំហាននានាដែលនឹងត្រូវអនុវត្ត ដើម្បីធានាឱ្យបានថា ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺត្រូវបានធ្វើឡើងដោយស្របច្បាប់ ឯករាជ្យ មិនរងឥទ្ធិពលណាមួយ និងមិនត្រូវបានប្រើប្រាស់ដើម្បីយាយីដល់អ្នកការពារសិទ្ធិមនុស្ស ឬអ្នកដែលលើកឡើងអំពីអំពើពុករលួយនោះឡើយ។

កាលពីខែមេសា ​ឆ្នាំ​២០១៦ អ្នកការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុកចំនួន​៤​រូប គឺលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុនី ព្រមទាំង​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគមអាដហុក លោក នី ចរិយា ត្រូវបានចាប់ខ្លួន ដោយ​ចោទ​ប្រកាន់​ពី​បទ​ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​» ក្នុង​សំណុំរឿងផ្ដល់ប្រាក់ជាង២០០ដុល្លារ ទៅ​នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ក្នុងនាមជនរងគ្រោះដែលរត់មករកអាដហុក​ឱ្យជួយ​ពេលនោះ។ ​

​ពួកគេទាំង៥នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គា​ព្រៃ​ស​ កាលពី​ថ្ងៃ​ទី​១​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែ​មិ​ថុ​នា ​ឆ្នាំ​២០១៧​ ក៏ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។

យ៉ាងណា កាលពីថ្ងៃ​ទី​២៦​ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ ​​សា​លា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទា​ទោស​ពួក​គេ​ដាក់​ពន្ធ​នា​គារ​ម្នាក់ៗ​​ ​៥​​ឆ្នាំ​ ដោយ​ត្រូវ​អនុ​វត្ត​ក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​១៤​​ខែ ​និង​ទោសសល់​ត្រូវ​​ព្យួរ​។

ដោយមិនពេញចិត្តចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ កាល​ពី​ថ្ងៃ​ទី​​២៣ ​ខែ​តុ​លា ​ឆ្នាំ​២០១៨​ អ្នក​ទាំង​៥​រូប តាមរយៈមេធាវី បានសម្រេច​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍ជំទាស់នឹងការសម្រេចនោះ។

ចាប់តាំងប្ដឹងឧទ្ធរណ៍មក សំណុំរឿងនេះក៏ស្ងាត់សូន្យ ទើបតែមានកិច្ចប្រជុំគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលលើកឡើងអំពីសំណុំរឿងអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់នេះ ក៏មានលេចចេញនូវលិខិតរបស់តំណាងអយ្យការអមសាលាឧទ្ធរណ៍ កាលពីពេលថ្មីៗនេះ ដោយអញ្ជើញមេធាវី​ការពារឱ្យ​មន្ត្រីនិងអតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុកទាំង៥រូប​ ចូលរួមសវនាការនៅថ្ងៃទី២៥ ខែមិថុនា ខាងមុខ។​

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ​សកម្មភាពនៃការចោទប្រកាន់និងចាប់ខ្លួនមន្ត្រីអាដហុកពីសំណាក់អាជ្ញាធរកម្ពុជាពេលនោះ ត្រូវបានសហគមន៍ជាតិ-អន្តរជាតិ រិះគន់យ៉ាងខ្លាំង ដោយចាត់ទុកថាជារឿងអយុត្តិធម៌។

លោកថា៖ «ការចាប់ខ្លួនពួកយើង [មន្ត្រីអាដហុកបច្ចុប្បន្ន] ៤នាក់អ៊ីចឹងទៅ គេមើលឃើញថា ការពិត វាមិនមែនមានរឿងពាក់ព័ន្ធនឹងអំពើពុករលួយ អំពើសូកប៉ាន់សាក្សីអីហ្នឹងទេ។ ហើយគេក៏បានបង្ហាញអំពីទិន្នន័យនៃអំពើពុករលួយជាច្រើនទៀត ដែលអ្នកមានអំណាចធំៗដែលប្រព្រឹត្តអំពើពុករលួយហ្នឹង ត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ទៅទៀត។ ហើយចំពោះយើងៗគ្រាន់តែថា យើងធ្វើការក្នុងបេសកកម្មរបស់យើង! ហើយលុយ ២០៤ដុល្លារ ជាលុយនៅក្នុងបេសកកម្ម ជាលុយម្ចាស់ជំនួយដែលគេផ្ដល់ឱ្យត្រឹមត្រូវ មានលិខិតស្នាម ឯកសារប្រគល់ប្រាក់អីត្រឹមត្រូវ ហើយគាត់មកចោទយើងថាសូកប៉ាន់សាក្សី។ អាហ្នឹងដែលគេមើលឃើញថា វាមានភាពអយុត្តិធម៌»។  

ដោយឡែក មន្រ្តីជាន់ខ្ពស់​សមាគមការពារសិទ្ធិមនុស្សអាដហុកមួយរូបទៀត ​លោកស្រី លឹម មុនី ប្រាប់ថា លោកស្រីនៅតែមានមោទកភាពដែលគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានលើកពីករណីរបស់លោកស្រីនិងមន្ត្រីអាដហុកដទៃទៀតក្នុងកិច្ចប្រជុំដ៏សំខាន់មួយនេះ។ ​លោកស្រីចាត់ទុកថា អ្វីដែលលោកស្រីបាន​លះបង់សម្រាប់ការការពារសិទ្ធិមនុស្សជូនពលរដ្ឋកន្លងមក គឺជារឿងមានប្រយោជន៍។

លោកស្រីថា៖ «ការងារសង្គមដែលកើតឡើងកន្លងមកហ្នឹង គឺជាភារកិច្ចរបស់រដ្ឋទេ។ ហើយយើងជួយការងារហ្នឹងដល់រដ្ឋាភិបាល សមណាស់តែយើងបានទទួលនូវការលើកទឹកចិត្ត ក៏ដូចជាការលើកស្ទួយផ្នែកសិទ្ធិមនុស្ស និងការផ្ដល់សិទ្ធិដល់ពួកយើង។ តែផ្ទុយស្រឡះ បែរជាត្រូវបានការចោទប្រកាន់រហូតដល់ការផ្ដន្ទាទោស ធ្វើទុក្ខបុកម្នេញដល់ពួកយើងវិញ»។

ប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ថ្លែងថា គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ពិតជាបានបង្ហាញក្ដីបារម្ភពីការប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទុក្ខបុកម្នេញសកម្មជន អង្គការសង្គមស៊ីវិល។

យ៉ាងណា លោកថា ប្រតិភូកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់លាស់ទៅវិញហើយថា អង្គភាព ACU បំពេញភារកិច្ចរបស់ខ្លួនទៅតាមច្បាប់ដែលបានបញ្ញត្តិ។

លោកថា ពាក់ព័ន្ធករណីសកម្មជនស៊ីវិលខាងលើ មិនមែនជាការធ្វើទុក្ខមុកម្នេញទេ តែជាវិធានការរបស់សមត្ថកិច្ច ខណៈមានភស្តុតាងបញ្ជាក់ច្បាស់លាស់។

លោកថា៖ «វាអត់មានពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញទេ ដោយសារអ្នកទាំងនោះបានប្រព្រឹត្តល្មើសទៅនឹងផ្លូវច្បាប់។ […] គាត់ត្រូវបានរងការចោទប្រកាន់ ផ្ដន្ទាទោស មិនមែនដោយសារតែការធ្វើទុក្ខបុកម្នេញ គឺដោយសារតែគាត់ល្មើសផ្លូវច្បាប់។ ហើយប្រតិភូបានពន្យល់ពីអង្គហេតុនិងអង្គច្បាប់ បញ្ជាក់យ៉ាងច្បាស់លាស់ថា អាហ្នឹងជាអំពើល្មើសផ្អែកលើច្បាប់កម្ពុជា»។

សេចក្ដីប្រកាសព័ត៌មានរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីម្សិលមិញ បានឱ្យដឹងថា បុគ្គលិកនិងអតីតបុគ្គលិកអាដហុកទាំង៥រូប នឹងចូលរួមសវនាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញ តាមការកំណត់នៅថ្ងៃទី២៥ ខែមីនា ខាងមុខ។ 

សម្រាប់លោក នី សុខា យល់ឃើញ​ថា ពលរដ្ឋសង្ឃឹមលើប្រព័ន្ធយុត្តិធម៌ក្នុងការដោះស្រាយបញ្ហារបស់ខ្លួន។ យ៉ាងណា ប្រសិនបើប្រព័ន្ធយុត្តិធម៌កម្ពុជាមិន​ឯករាជ្យ នៅរងសម្ពាធពីអ្នកនយោបាយ រងឥទ្ធិពលពីអ្នកមានអំណាច ឬក៏ប្រព័ន្ធយុត្តិធម៌នៅមានអំពើពុករលួយ នោះមិនអាចជាទីទុកចិត្តរបស់ពលរដ្ឋបានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ