កញ្ញា ឈឹម ស៊ីថរ​៖ យើង​នឹង​ចូល​តុ​ចរចា​ដរាប​ណា​សមាជិក​សហជីព​៣​នាក់ទៀត​ត្រូវ​បាន​ដោះលែង

គំនូសខ្មៅដៃរបស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំនៅក្រុមហ៊ុនណាហ្កា គូសដោយអ្នកគាំទ្រ ដែលបានបង្ហោះនៅថ្ងៃ ព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ (រូបថត ផ្តល់ដោយ កញ្ញា ឈឹម ស៊ីថរ)

ថ្នាក់ដឹកនាំសហជីព​​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)​ បានអះអាងថា ពួកគេនឹងចូល​តុចរចាដើម្បីរកដំណោះស្រាយវិវាទនៅ​ក្រុមហ៊ុនល្បែងមួយនេះ ដរាប​ណាសមាជិក​សហជីព ៣នាក់ទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារ​រាជធានី​ភ្នំពេញ ត្រូវបាន​តុលាការ​ដោះលែ​ង។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែលទើប​ចេញ​ពីពន្ធនាគារប្រាប់វីអូឌីនៅថ្ងៃទី១៦ ខែមីនា ​​ថា ពួកគាត់​បាន​រង់​ចាំកិច្ចចរចា​ដោះស្រាយវិវាទជាមួយក្រុមហ៊ុនប្រមាណ៨ខែម​ក​ហើយ។

ជាមួយគ្នានេះ កញ្ញាថា ថ្នាក់ដឹកនាំសហជីពបានបន្ទន់ឥរិយាបថច្រើនណាស់មកហើយ ដើម្បីស្វែងរកដំណោះ​ស្រាយ​ពិត​ប្រាកដ​មួយ ជុំវិញវិវាទនៅក្រុម​ហ៊ុនណាហ្គានេះ​ រហូត​បានសន្យា​ថា នឹងមិនចូល​រួម​ធ្វើកូដកម្ម ហើយក៏មិនដឹកនាំការប្រជុំ​តវ៉ានានា បើទោះបីជាសកម្មភាពទាំងអស់នេះគឺជាសិទ្ធិ និងតួនាទីរបស់​ថ្នាក់ដឹកនាំសហជីព និង​​តំណាងកម្មករក៏ដោយ។

លើសពីនេះកញ្ញាថា ថ្នាក់​ដឹកនាំសហជីពថែមទាំងបានប្រាប់ទៅកម្មករនិយោជិតឱ្យផ្អាកការតវ៉ាមួយរយៈសិន ដើម្បីបង្កើតបរិយាកាសស្ងប់ស្ងាត់ក្នុងការចរចារកដំណោះស្រាយបញ្ចប់វិវាទទៀតផង។

យ៉ាងណា ពាក់ព័ន្ធការអញ្ជើញកោះប្រជុំរបស់ក្រសួងការងារ កាលពីថ្ងៃ​ម្សិលមិញ កញ្ញាថា ​ថ្នាក់ដឹកនាំសហជីពនិងក្រុមប្រតិភូចរចាមិន​អាចចូលរួមបានឡើយ ដោយសារតែសមាជិកសហជីពរបស់ខ្លួន៣នាក់ទៀត មិនទាន់ត្រូវបានដោះលែង។

កញ្ញា ឈឹម ស៊ីថរ បញ្ជាក់ថា«អីចឹងទៅ ការដែលឱ្យពួកយើងចូលតុចរចា ខណៈដែលក្រុមការងារយើង៣នាក់ទៀត កំពុងជាប់ពន្ធនាគារ គឺជាអ្វីដែលពួកយើង មិនអាចបន្ទន់ឥរិយាបថលើសហ្នឹងទៀតបានទេ​ គឺដាច់ខាតត្រូវតែដោះលែងពួកគាត់សិន ទើបពួកយើងអាចចូលទៅក្នុងតុចរចាហ្នឹងបាន។ បើមិនអីចឹងទេ គឺយើងត្រូវ[ស្ថិត]ទៅក្នុងស្ថានភាពមួយដែល វាអត់មានតុល្យភាពនៅក្នុងការចរចាទេ។ ខ្ញុំចង់រំលឹកថា បើទោះពីពួកខ្ញុំនៅខាងក្រៅ[ឃុំ]មែន ប៉ុន្តែបទចោទប្រកាន់នៅមិនទាន់ត្រូវបានទម្លាក់ចោលទេ ហើយពួកយើងសុខចិត្តបង្ហាញឆន្ទៈក្នុងការបញ្ចប់បញ្ហា ចង់រកដំណោះស្រាយ ចូលតុចរចាហ្នឹង ទាំងដែលនៅជាប់បទចោទប្រកាន់នៅតាមខ្លួននៅឡើយ»។

​​

កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ តុលាការបានសម្រេចដោះលែងថ្នាក់​ដឹក​នាំ​សហជីព​ណា​ហ្គា​វើលដ៍​ចំនួន ៨​នាក់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។

ដោយឡែក សមាជិកសហជីព​​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​៣នាក់ទៀតដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគាររាជធានីភ្នំពេញឬប៉េហ្ស៊ី(PJ) ដែលមិនទាន់​ដោះលែង ​ត្រូវបាន​តុលាការចោទពីបទរារាំងវិធានការសុខាភិបាលពាក់ព័ន្ធការការពារជំងឺកូវីដ-១៩។

យ៉ាងណា បើតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល​នៅថ្ងៃទី១៥ ខែមីនា​ បានឱ្យដឹងថា កូដករដែលកំពុងជាប់ឃុំ ៣នាក់ទៀត ក្រសួងការងារក៏បានរៀបចំសំណើដាក់ទៅកាន់ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាលដើម្បីពិនិត្យ និងរកអន្តរាគមន៍ដោះលែងតាមផ្លូវច្បាប់។

​​រដ្ឋាភិបាល​បញ្ជាក់ថា ក្រសួងការងារនឹងធ្វើការសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារក្រុមហ៊ុនល្បែងមួយនេះ ដោយបានអញ្ជើញភាគីទាំងពីរមកប្រជុំដោះស្រាយបន្តនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃម្សិលមិញ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ បង្ហាញការសោក​ស្តាយដោយសារដំណើរការប្រជុំរវាងភាគីនិយោជក និងតំណាងកម្មករនិយោជិត​ មិនអាចប្រព្រឹត្តទៅបាន ដោយសារអវត្តមានតំណាងកម្មករនិយោជិត។

ជាថ្មីម្តងទៀត ក្រសួងការងារ អំពាវនាវឱ្យភាគីតំណងកម្មករនិយោជិតចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ដើម្បីដោះស្រាយបញ្ចប់វិវាទរួមឱ្យបានឆាប់តាមផ្លូវច្បាប់ និងតាមការសន្យារបស់ខ្លួន នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ