លោក ហ៊ុន សែន កុំ​ឱ្យ​ពលរដ្ឋ​«ជេរលោក»​រឿង​សាំង​ឡើង​ថ្លៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

នា​យករ​ដ្ឋ​មន្ត្រីកម្ពុជា​ បានផ្ញើ​សារ​​កុំឱ្យ​ព​ល​រដ្ឋ​ជេរ​លោករឿងសាំង​ឡើង​ថ្លៃ ​ដោ​យលោកស​ម្អាងថា ​​វាជា​បញ្ហា​​ស​កល​ប​ណ្ដាល​មក​ពី​​​សង្គ្រា​​ម​រវា​ងរុ​ស្ស៊ី ​និងអ៊ុ​យក្រែ​ន។

​ការ​ថ្លែ​ងរបស់លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​សម្ពោ​ធ​ភូ​មិកុ​មារ S​OS ​នៅខេ​ត្តព្រៃ​វែង នា​ព្រឹ​កថ្ងៃ​ព្រហ​ស្បតិ៍នេះ​។​

លោ​កថា​៖ «​សាំង​ឡើង​ថ្លៃ សូ​​មកុំ​ជេ​រ​ ហ៊ុ​ន សែន​ អី​! រឿង​ហ្នឹង វា​​​ជារឿ​ងស​​ភាព​កា​រណ៍​អន្តរជា​តិដែល​បា​​​​​នកើ​តឡើង សង្គ្រាមរវាងរុស្ស៊ី​និង​អ៊ុយ​ក្រែ​ន ​ដែល​បាន​បង្កើ​តជា​បញ្ហាសម្រា​ប់សេ​ដ្ឋកិ​ច្ចសក​ល ហើ​យ​​អ​​តិ​​ផ​រណា [ការកើនឡើងថ្លៃទំនិញនៅទីផ្សារ] នៅសហរដ្ឋអាមេរិក គឺថាមិនធ្លាប់មានក្នុងរយៈពេ​ល៤​០​​ឆ្នាំៗ ​នៅអឺរ៉ុបក៏កំពុងរងផលប៉ះពា​ល់»។

ប៉ុន្មា​នថ្ងៃមកនេះ ទំនិញនៅលើទីផ្សារបានហក់ឡើងថ្លៃ ក្នុងនោះមានទាំងប្រេងឥន្ធនៈផងដែរ ដែលការឡើងថ្លៃនោះបានឡើងពីជាង៤ ០០០រៀងក្នុងមួយលីត្រ សម្រាប់សាំងស៊ុបពែ ដល់ទៅ៥៨៥០រៀលក្នុងមួយលីត្រ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ​២​០២២នេះ។

ការដែលនាយករដ្ឋមន្ត្រីផ្ញើសារបែបនេះ ក៏ស្របគ្នាទៅនឹងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក្នុងនោះក៏មានទាំងមេដឹ​កនាំសហជីព និងអ្នកនយោបាយក្រៅរដ្ឋាភិបាលផង បានបញ្ចេញមតិបង្ហាញពីការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើ​ពល​រដ្ឋដែលមា​នប្រាក់ចំណូលទាប។

​ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៦ ខែមីនានេះថា ការហក់ឡើងនូវតម្លៃប្រេងឥន្ធនៈនាប៉ុន្មានខែចុងក្រោយនេះ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋមួយចំនួន ពិសេសអ្នកមានចំណូលទាប ដូចជា កម្មករ អាជីវករ កសិករ មន្ត្រីរាជការ រួមទាំងអ្នកប្រកបមុខរបរមិនរៀបរយ។

សេចក្ដីថ្លែងការណ៍បានអះអាងថា បញ្ហានេះ រដ្ឋាភិបាលមិនទាន់មានវិធានការ ដើម្បីដោះស្រាយនៅឡើយទេ។

បន្ថែមពីនេះ លោក រ៉ុង ឈុន ឱ្យដឹងនៅថ្ងៃនេះថា ការដែលនាយករដ្ឋមន្ត្រីសម្អាងការហក់ឡើងថ្លៃប្រេងដោយសារបញ្ហាសកល ជារឿងសមហេតុផលមួយ។ ប៉ុន្តែលោកថា ការបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ វាជាទំនួលខុសត្រូវរបស់រដ្ឋាភិបាល។

លោកថា៖ «បើរដ្ឋាភិបាលខ្លាចការស្ដីបន្ទោស ហើយខ្លួនមិនព្រមមានវិធានការ ទាល់តែលាឈប់ដឹកនាំទៅ ឱ្យអ្នកដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដឹកនាំម្ដងទៅ។ ហើយធម្មតា អ្នកដឹកនាំមានការទទួលខុសត្រូវចំពោះបញ្ហារបស់ប្រជាពលរដ្ឋ»។

ប្រធានគណបក្សកម្ពុជានិយម និងអតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក យ៉ែម បុញ្ញឬទ្ធិ ផ្ដល់ជាយោបល់ថា រដ្ឋាភិបាលអាចទប់ស្កាត់ស្ថានភាពនេះបាន តាមវិធានកាត់បន្ថយពន្ធទៅលើការនាំចូលប្រេងសាំងជាអន្តរកាល ប្រើប្រាស់ទុនបម្រុងរបស់ជាតិ ពិសេសថវិកាជាតិ ស្ដីពីគម្រោងឥតព្រាងទុក សម្រាប់គ្រោះមហន្តរាយ ឬវិបត្តិផ្សេងៗ រួមទាំងថវិកាបម្រុង សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩។

លោកថា៖ «ពីព្រោះតម្លៃប្រេងសាំងនេះ បើប្រៀបធៀបជាមួយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ គឺមានលក្ខណៈធ្ងន់ធ្ងរ ហើយនាំឱ្យទំនិញឡើងថ្លៃយ៉ាងគំហុកនៅថ្ងៃខាងមុខបន្តបន្ទាប់ទៀត»។

អ្នករត់រ៉ឺម៉កកង់បីនៅភ្នំពេញមួយរូប លោក ប៊ុន ប៉ិច អះអាងថា ការហក់ឡើងតម្លៃប្រេង និងហ្គាស នាប៉ុន្មានខែមកនេះ ធ្វើឱ្យការរកប្រាក់ចំណូលរបស់គាត់ធ្លាក់ចុះពី៥ម៉ឺនរៀលក្នុង១ថ្ងៃ មកនៅ២ម៉ឺនរៀលក្នុងមួយថ្ងៃវិញ ក្រោយពីផាត់ថ្លៃហ្គាសរួច។

លោកថា៖ «គ្រាន់តែបានមួយទប់ទល់ទិញម្ហូបទិញអីបាន បើថាឱ្យបានសល់សងធនាគារអី អត់មានសល់ទេ រកលុយសងមិនបានទេ»។

បញ្ហាប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នេះ លោកអំពាវនាវទៅរដ្ឋាភិបាលឱ្យជួយទម្លាក់តម្លៃប្រេង នៅត្រឹម៣ ០០០រៀលក្នុងមួយលីត្រ ទើបពួកគាត់អាចមានលទ្ធភាពសន្សំប្រាក់ខ្លះសម្រាប់សងត្រលប់ទៅធនាគារវិញបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ