អាជ្ញាធរ​ខេត្ត​​ព្រះ​សីហនុ​បញ្ជូន​មនុស្ស​១០​នាក់​ទៅ​តុលាការ​ពាក់​ព័ន្ធការ​ទន្ទ្រា​ន​ដី​ព្រៃ​ក្នុ​ង​តំបន់​ការ​ពារ

អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជូនមនុស្ស១០នាក់ទៅតុលាការ ក្រោយពលរដ្ឋទាំងនោះធ្វើសកម្មភាពចូល​កាប់​ទន្ទ្រានដី​ព្រៃក្នុងតំបន់ការពារ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹ​ង​ថា កាលពីថ្ងៃទី១៣ ខែមិនានេះ សមត្ថ​កិច្ចចម្រុះ និង​មន្ត្រីបរិស្ថាន​ខេត្តព្រះសីហនុ បាន​ចុះ​បង្ក្រាបសកម្មភាព​កាប់ឆ្ការ​ព្រៃ​​ក្នុងតំបន់​ឧទ្យានជាតិ​ជួរភ្នំក្រវ៉ាញខាងត្បូង ដោយ​ឃាត់ខ្លួន​មនុស្ស ២៩៥​នាក់ (ស្រី​១១៣​នាក់) ក្នុង​នោះ​សមត្ថកិច្ចជំនាញបាន​បញ្ជូន​ខ្លួន​មនុស្ស​ ១០នាក់ ដើម្បីកសាងសំណុំរឿងទៅតុលាការ។

សេចក្តីប្រកាសព័ត៌មានដដែល​ ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះ អាជ្ញាធរដកហូតបានវត្ថុតាងមួយចំនួន ដូចជា​ ចបកាប់​១ដើម ចបជីក៥ដើម ញញួរ៣ដើម ពូថៅ១៨ដើម ដែកគាស់​២ ដែកគោល​៥គីឡូ កាំបិត​ផ្គាក់​២៣ដើម កាំបិតកួច៣តង់ រថយន្ត​៤គ្រឿង និងម៉ូតូ២គ្រឿង។

បើសេចក្តីប្រកាសព័ត៌មាននេះ កន្លងមក មន្ត្រីបរិស្ថានខេត្តព្រះសីហនុ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស រុករាន កាប់ឆ្លារព្រៃ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុព័ទ្ធ កាន់កាប់ជាកម្មសិទ្ធិដោយខុសច្បាប់ ស្ថិតក្នុងតំបន់ឧទ្យានជាតិជូរភ្នំក្រវាញខាងត្បូង ជាបន្តបន្ទាប់។

ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ​ លោក សាមុត សុធារិទ្ធិ ប្រាប់​វីអូឌីនៅថ្ងៃទី១៧ខែមីនានេះ​​ថា អាជ្ញាធរ​បាន​បញ្ជូន​ពលរដ្ឋទាំង ១០នាក់នោះ ទៅតុលាការហើយកាលពីរសៀលថ្ងៃម្សិលមិញ ក្រោយពីឃុំខ្លួន៤៨ម៉ោង​នៅស្នងការដ្ឋានខេត្តព្រះសីហនុ ខណៈពលរដ្ឋជាង២០០នាក់ទៀត ត្រូវបាន​សមត្ថកិច្ចជំនាញធ្វើការអប់រំ និងបានអនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះវិញ។ យ៉ាងលោកមិនផ្តល់ព័ត៌មានលម្អិតជុំវិញករណីនេះទេ។

មេឃុំកំពង់សីលាលោក ហុង គា មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលប្រមូលផ្តុំទន្ទ្រានដីព្រៃរបស់រដ្ឋនេះពុំមែន​ជា​ពលរដ្ឋនៅក្នុងមូលដ្ឋាននោះទេ គឺជាអ្នកចំណាកស្រុក​មកពីខេត្តផ្សេ​ងៗ ដូចជា ខេត្តកំពង់ស្ពឺ។ លោក​ថា ពួកគេមកតាមមេខ្យល់ ដើម្បីទៅចាប់​យកដី និងកាប់ឆ្ការព្រៃ។

បើតាម​មេឃុំរូបនេះ ពលរដ្ឋទាំងនោះ ទើបតែមកធ្វើសកម្មភាពកាប់ស្ការព្រៃជា​លើកដំបូង ហើយត្រូវបានបង្ក្រាបភ្លាមៗ​ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។

លោកបន្ថែមថា៖ «​ពួកគេ​ជឿ​ថា ទោះ​ចាញ់​ក៏​គេ​បាន​លុយ​ដែរ ហើយ​ប្រសិន​បើ​ពួកគេ​បាន​ដី​ ពួកគេ​នឹង​ញុះញង់​អ្នក​ភូមិ​ផ្សេង​ទៀត​ឱ្យ​​​ចូលរួម​ជាមួយ​ពួកគេ​ដើម្បី​ទាមទារ​ដីធ្លី​ [បន្ថែម​ទៀត​] ហើយ​ពួកគេ​ជឿ​ថា​អាជ្ញាធរ​មិន​អាច​ធ្វើ​អ្វី​ប្រឆាំង​ពួកគេ​បាន»

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង សាទរ​ចំពោះ​ចំណាត់​ការ​ទៅ​លើជន​ទាំង​ឡាយ​ណាដែលទន្ទ្រានយកដីព្រៃក្នុងតំបន់ការ​ពារ​នានា ប៉ុន្តែ​លោក​ជំរុញ​ដល់​អាជ្ញាធរពាក់ព័ន្ធ​អនុវត្ត​ឱ្យ​បានស្មើ​ភាព​គ្នា ដោយ​មិន​ថា ជននោះ​ជា​អ្នក​មាន​លុយ​មាន​អំណាច ឬពលរដ្ឋធម្មតានោះទេ។

មន្ត្រីសង្គមស៊ីវិលដែលធ្វើការផ្នែកព្រៃឈើរូបនេះ ក៏​ជំរុ​ញ​ឱ្យរដ្ឋាភិបាលមានចំណាត់ការលើអាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ចផងដែរ ចំពោះការធ្វេស​ប្រហែស​​ធ្វើ​ឱ្យ​មាន​បទ​ល្មើសកើត​ឡើង​ក្នុងតំបន់​ការ​ពារ​ទាំង​នោះ​ផងដែរ។

លោកបន្ថែមថា៖ «មន្ត្រីអាជ្ញាធរមូលដ្ឋានក៏ត្រូវទទួលដែរ ប្រសិនជាខ្លួនបានដឹងហើយនៅបន្តឱ្យ​មាន​ភាពធ្វេសប្រហែស​នៅក្នុងបទល្មើសទាំងអស់នោះ។ ចំណុចនេះផងដែរ ខ្ញុំយល់ថា មាន​តែ​ចូល​រួម​រឹត​បន្តឹង​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​មួយទៀត​ការគាំទ្រនិងលើកទឹកចិត្តឱ្យប្រជាសហ​គមន៍​ចូលរួមក្នុងការការពារធនធានធម្មជាតិ បានអាចការពារធនធានធម្មជាតិទាំងអស់ហ្នឹងបាន»។

មាត្រា៥៦ និងមាត្រា​៦២ នៃច្បាប់ស្តីពីព្រៃឈើ ចែងថា ជន​ទាំងឡាយណាដែលធ្វើសកម្មភាពកាប់គាស់ រុករាន ឈូសឆាយដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១៥លានរៀល ទៅ ១៥០លាន​រៀល។ ចំពោះបុគ្គលប្រព្រឹត្ត ជានីតិបុគ្គល និង​ត្រូវពិន័យជាប្រាក់ពី ១៥០លានរៀល ទៅ ២៥០លាន​រៀល ខណៈវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ