ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានរំពឹងថានឹងថ្លែងទៅកាន់ប្រធានាធិបតីចិនលោកស៊ី ជីនពីង នៅថ្ងៃសុក្រនេះ ថា ប្រទេសចិននឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើខ្លួនគាំទ្រប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលើការលើកឡើងនេះជាការព្រមានមួយស្របពេលជម្លោះរវាងប្រទេសទាំងពីរនេះកាន់តែឡើងកម្ដៅ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីនៃប្រទេសទាំងពីរនេះ នឹងជួបពិភាក្សាគ្នាតាមរយៈទូរស័ព្ទ ដែលគ្រោងនឹងធ្វើឡើងនៅម៉ោង ៩ព្រឹក ម៉ោងនៃតំបន់ភាគខាងកើត ខណៈដែលអាមេរិកកាលពីពេលកន្លងទៅ ក៏ធ្លាប់បានគំរាមកំហែងមន្ត្រីរដ្ឋាភិបាលថ្នាក់ទាបរបស់ចិនរួចមកហើយថា ការគាំទ្រកាន់តែខ្លាំងរបស់ពួកគេលើរុស្ស៊ីនឹងធ្វើឱ្យចិនប្រឈមមុខនឹងភាពឯកោនៅក្នុងពិភពលោក។
ជំនួបរវាងលោក ចូ បៃដិន និងលោកស៊ី ជីនពីង ដែលជាកិច្ចសន្ទនាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីខែវិច្ឆិកានេះ ក៏ត្រូវបានរំពឹងថានឹងមានភាពតានតឹងផងដែរ។
ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «លោកប្រធានាធិបតី ចូ បៃដិន នឹងធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនគឺនឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពណាមួយ ដែលខ្លួនធ្វើក្នុងការគាំទ្រដល់ការឈ្លានពានរបស់រុស្ស៊ី ខណៈដែលយើងក៏នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការលើពួកគេផងដែរ»។
រដ្ឋមន្ត្រីការបរទេសរូបនេះ បន្តថា៖ «យើងមានការព្រួយបារម្ភថាពួកគេ [ចិន] កំពុងតែពិចារណាជួយរុស្ស៊ីដោយផ្ទាល់នូវការផ្គត់ផ្គង់ឧបករណ៍យោធាសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន»។
ទោះជាយ៉ាងណា ប្រទេសចិន បានបដិសេធម្ដងហើយម្ដងទៀតនូវផែនការបែបនេះ ខណៈដែលខ្លួនកាលពីពេលថ្មីៗនេះ ក៏ធ្លាប់ច្រានចោលការអះអាងរបស់មន្ត្រីអាមេរិកដែលថា រុស្ស៊ីបានព្យាយាមស្វះស្វែងរកជំនួយយោធាពីខ្លួននៅអ៊ុយក្រែនផងដែរ និងបានចោទអាមេរិកថាបានផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានឈានចូលមកដល់សប្តាហ៍ទី៤ នេះបានបង្កឱ្យជនស៊ីវិលរាប់រយនាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនរងការវាយប្រហារ និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរមួយ ខណៈដែលមនុស្សរាប់លាននាក់បានភៀសខ្លួនចេញពីប្រទេស៕












