តំណាងគណបក្សភ្លើងទៀន អះអាងនៅចំពោះមុខក្រសួងមហាផ្ទៃ ពីការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ចំពោះគណបក្សក្រៅរដ្ឋាភិបាល ពីសំណាក់អាជ្ញាធរមូលដ្ឋាន នៅមុនការបោះឆ្នោតជ្រើសរើសក្រុមក្រុមប្រឹក្សាឃុំសង្កាត់ចូលមកដល់។
មន្រ្តីនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា នៅក្នុងជំនួបទ្វេភាគី ជាមួយតំណាងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ លោកបានលើកឡើងពីផលលំបាក នៅចំពោះមុខក្រសួងមហាផ្ទៃ អំពីការយាយី និងការគំរាមកំហែងទៅលើសកម្មជនគណបក្សភ្លើងទៀន ពីសំណាក់អាជ្ញាធរមូលដ្ឋាន។ លោកបន្តថា រូបភាព នៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនេះ បានកើតឡើងស្ទើរគ្រប់រាជធានី-ខេត្ត ដែលតំណាងគណបក្សភ្លើងទៀន ឈរឈ្មោះជាបេក្ខភាពមេឃុំចៅសង្កាត់។
លោកបន្តថា៖ «ទី១ យើងលើកជុំវិញការគំរាមកំហែង ការសម្លុត និងការទិញទឹកចិត្តអីហ្នឹងជាដើម ដើម្បីជំរាបក្រសួងមហាផ្ទៃឱ្យលោកបានដឹងពីរឿងហ្នឹង ហើយទី២ យើងនិយាយពីការចាប់ខ្លួនសកម្មជនយើងនៅខេត្តពោធិ៍សាត់ជាដើម »។
លោក ថាច់ សេដ្ឋា បញ្ជាក់ថា ជាការឆ្លើយតប តំណាងក្រសួងមហាផ្ទៃ ទទួលស្គាល់ពីសកម្មភាព នៃការគំរាមកំហែងនេះ ជាពិសេសនៅមុនពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មកដល់។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ ជុំវិញករណីនេះបានទេ។
បើតាមលោក ថាច់ សេដ្ឋា នៅក្នុងជំនួបទ្វេរភាគីនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រនេះ តំណាងគណបក្សភ្លើងទៀន ស្នើសុំឱ្យក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការមួយ ដែលមានការចូលរួមពីតំណាងគណបក្សនយោបាយ និងក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាពរួមគ្នា ដែលអាចឆ្លើយតបបានភ្លាមៗ ដើម្បីធានាឱ្យការបោះឆ្នោតមួយ ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕












