រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅសប្ដាហ៍ក្រោយនេះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងឈានទៅដល់ការបញ្ចប់អំពើហិង្សានៅក្នុងប្រទេសនោះ។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការបរទេស ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
ប្រភពដដែលថា ការទៅបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ខណៈការទៅទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នេះ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានប្តូរវេន។
ក្រសួងបញ្ជាក់ថា ដំណើរទស្សនកិច្ចជាលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពី មីយ៉ាន់ម៉ា មានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ។
មួយវិញទៀត ក្រសួងថា ដំណើរទស្សនកិច្ចនេះ ក៏ជាការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រ និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់ កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។
តែយ៉ាងណា ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នេះមិនបានបញ្ជាក់ពីគម្រោងជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំប្រជាធិបតេយ្យមីយ៉ាន់ម៉ានោះទេ។
គួរបញ្ជាក់ថា មេដឹកនាំរបបសឹកភូមាឬមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង និងមន្ត្រីផ្សេងទៀត មិនត្រូវបានអញ្ជើញឱ្យមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅឡើយ ក្រោយពីរបបសឹកយោធានៃប្រទេសនេះ មិនអាចអនុវត្តបាននូវកិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន៕












