អាមេរិកផ្ដល់ថវិកាជាង៨៤លានដុល្លារដល់កម្ពុជា ដើម្បីផ្តល់​ស្បៀងអាហារ​ដល់កុមារ​តាមសាលារៀន

កុមារជនជាតិដើមភាគតិច​ដែល​រៀននៅសាលាពហុភាសា កាលពីពេលកន្លងទៅ

រដ្ឋាភិបាល​អាមេរិក បាន​ផ្ដល់​ថវិកា​​ជាង ៨៤​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​រៀបចំ​ស្បៀងអាហារ​ដែល​មានជីវជាតិ​ដល់​សិស្សថ្នាក់មត្តេយ្យនិងបឋម ចាប់តាំងពីឆ្នាំ២០២១មក។

កាលពីថ្ងៃទី១៧ ខែ​មីនា ឆ្នាំ២០២២ ម្សិលមិញ​ ក្រសួង​អប់រំ យុវជន និងកីឡា តំណាង​កម្មវិធីស្បៀងអាហារ​ពិភព​លោក(WFP) និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានធ្វើ​​​ទស្សនកិច្ចនៅ​​ខេត្ត​សៀមរាប ដើម្បីប្រារព្ធពិធីផ្តល់អាហារ​តាមសាលារៀន និងប្រគល់សម្ភារៈគាំទ្រ​ដល់​កម្មវិធី​នៅសាលា​រៀនចំនួន ៨៥បន្ថែមទៀត។ 

តំណាងកម្មវិធីស្បៀងអាហារពិភពលោក លោកស្រី គ្លែរ កូណាន់  លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន​ថា ចាប់តាំងពី​ឆ្នាំ​២០២១ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ទឹកប្រាក់​សរុប​ជាង​ ៨៤លានដុល្លារ សម្រាប់​គាំទ្រ​កម្មវិធី​ស្បៀង​អាហារ ដោយ​ធ្វើយ៉ាងណាឱ្យកុមារកម្ពុជា ដែលមកពីក្រុមគ្រួសារក្រីក្រទទួលបាន​អាហារ​ពេលព្រឹកដែលមានជីវជាតិ និងបានរួមចំណែកលើកកម្ពស់ការអប់រំ និងអាហារូបត្ថម្ភរបស់ពួកគេ។

លោកស្រី​បញ្ជាក់បន្ថែមថា៖«អ្វីដែលជាចំណុចសំខាន់បំផុតនោះ គឺ​វាជាមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីជាតិ ដោយជួយអភិវឌ្ឍសមត្ថភាពជាតិក្នុងការចាត់ចែងកម្មវិធី និងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទទួល​ទាន​អាហារ ទឹក​ស្អាត ក៏ដូចជាអនាម័យ នៅក្នុងសាលារៀនទូទាំងប្រទេស»

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick W. Murphy បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាន​ដែរ​ថា ការផ្ដល់អាហារប្រកបដោយគុណភាពតាមសាលារៀន មាន​សារៈសំខាន់​ណាស់​សម្រាប់សិស្ស និងក្រុមគ្រួសាររបស់ពួកគេ។ លោកបន្តថា សហរដ្ឋអាមេរិក​មានសេចក្តីសោមនស្សរីករាយ ក្រោយពីបានឃើញលទ្ធផលនៃការគាំទ្រកន្លងមករបស់សហរដ្ឋអាមេរិក ចំពោះអាហារូបត្ថម្ភតាមសាលារៀននៅកម្ពុជា។

លោក Patrick W. Murphy បន្ថែមថា​៖ «ការផ្ដល់អាហារប្រកបដោយគុណភាពតាមសាលារៀនមានសារៈសំខាន់ណាស់សម្រាប់សិស្ស និងក្រុមគ្រួសាររបស់ពួកគេ ហើយនេះគឺជាសកម្មភាពជាទីរីក​រាយនិងសាទរដែលក្រសួងអប់រំទទួលយកកម្មវិធីនេះ និងពង្រីកនៅតាមសាលារៀនទូទាំងប្រទេស»

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុន បានលើកឡើងថា ថវិកាដែលអាមេរិកបានផ្ដល់សម្រាប់គាំទ្រកម្មវិធីស្បៀងអាហារនៅតាមសាលារៀននេះ​មានសារៈ​សំខាន់ ជាពិសេស​ក្នុង​ការ​ជួយទប់​ទល់​ទៅនឹង​ផល​ប៉ះពាល់​ដែល​បង្ក​ដោយ​ជំងឺ​រាតត្បាតទៅលើការអភិវឌ្ឍ​ធនធានមនុស្ស។

លោក ហង់ ជួនណារ៉ុន ថ្លែងថា៖ «កម្មវិធីប្រគល់ជូននេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មវិធីផ្តល់ស្បៀង​អាហារតាមសាលារៀននៅកម្ពុជា។ វាបង្ហាញនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកកម្មវិធីនេះជាបណ្តើរៗ ដោយទទួលស្គាល់ពីឥទ្ធិពលជាវិជ្ជមានរបស់កម្មវិធីនេះទៅលើការអប់រំ អាហារូបត្ថម្ភ និង​កិច្ចគាំពារសង្គម»។ 

កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀន បានផ្តល់អាហារដែលមានជីវជាតិដល់សិស្ស ដើម្បីឱ្យពួកគេបានទទួលទាននៅតាមសាលារៀន ដោយការទទួលទានអាហារនៅសាលារៀននេះ មានសារសំខាន់ដោយបានរួមចំណែកដល់ការអប់រំតាមរយៈការបង្កើនការចុះឈ្មោះចូលរៀន វត្តមាន ការយកចិត្តទុកដាក់ និងភាពរហ័ស​រហួនរបស់សិស្សនៅក្នុងថ្នាក់រៀន។

 ជាមួយគ្នានេះ កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀន បាន​​ផ្តល់នូវរបបអាហារមានជីវជាតិ ដែលជួយរួមចំណែក​ឱ្យកុមារមានសុខភាពល្អ  និងដើរតួក្នុងការលើកកម្ពស់ដោយប្រយោល នូវប្រាក់ចំណូលរបស់ក្រុមគ្រួសារដែលងាយរងគ្រោះបំផុត ខណៈកម្មវិធីនេះ ក៏បានរួមចំណែកផងដែរក្នុងការជំរុញសេដ្ឋកិច្ចតាមមូលដ្ឋាន តាមរយៈការដាំដុះនិងទិញដូរកសិផលនៅក្នុងសហគមន៍។ 

នៅកម្ពុជា កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនផ្តល់អត្ថប្រយោជន៍ដល់សិស្សថ្នាក់មត្តេយ្យ និងបឋមសិក្សាចំនួន ២៨០ ០០០នាក់ នៅក្នុងសាលារៀនចំនួន ១ ១១៣ នៅក្នុងខេត្តចំនួន១០។ បច្ចុប្បន្នថវិកាដែល​ទទួលបាននេះ រដ្ឋាភិបាលកម្ពុជា ជាអ្នកផ្ដល់មូលនិធិ និងចាត់ចែងកម្មវិធីនៅតាមសាលាចំនួន​២៩០ (២៦%) និងបានបែងចែកថវិកាចំនួន២,៩លានដុល្លារ​ សម្រាប់កម្មវិធីផ្ដល់ស្បៀងអាហារនៅក្នុងឆ្នាំនេះ។

បើតាមមន្ត្រីផ្នែកទំនាក់ទំនងនិងរបាយការណ៍កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការ​សហប្រជា​ជាតិ​ប្រចាំកម្ពុជា លោកស្រី ជា ជូ ប្រាប់វីអូឌីកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ថា កម្មវិធី​ឧបត្ថម្ភ​កុមារ​នេះត្រូវបាន WFP ផ្ដើមធ្វើនៅកម្ពុជាតាំងពីឆ្នាំ១៩៩៩ ពីមានការសហការ​ជាមួយ​រដ្ឋាភិបាលកម្ពុជា​តាម​រយៈក្រសួងអប់រំ។ 

លោកស្រី ជា ជូ បន្តថា ខេត្តដែលកម្មវិធីស្បៀងអាហារពិភពលោក និងរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហការ​ផ្ដល់អា​ហារ​តាម​សាលារៀននៅក្នុងខេត្តចំនួន១០ ដូច​ជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ ឧត្ដរមានជ័យ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ