អគ្គនាយកពន្ធដារ បានអះអាងពីរកឃើញករណីគុបគិតគ្នាជាប្រព័ន្ធ ដើម្បីកឹបកេងប្រាក់ពន្ធរាប់រយលានដុល្លារ ដោយស្ថាប័ននេះកំពុងមានវិធានការផ្លូវច្បាប់ទៅលើអ្នកពាក់ព័ន្ធ។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បាននិយាយប្រាប់គេហទំព័រហ្វ្រេសញ៉ូ កាលពីថ្ងៃម្សិលមិញថា ថ្មីៗនេះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សមួយចំនួន រួមទាំងបុរសជាកម្មករម្នាក់នៅភោជនីយដ្ឋានមួយ ដែលគាត់ត្រូវបានគេឱ្យឈរឈ្មោះជាតំណាងក្រុមហ៊ុនប៊ុនឆ្លាត។
លោក វិបុល គូសបញ្ជាក់ថា ក្រុមហ៊ុនប៊ុនឆ្លាត មានជាប់ពាក់ព័ន្ធទៅនឹងជនជាតិចិន ហើយថា ក្រុមហ៊ុននេះ បានចេញវិក័យប័ត្រក្លែងក្លាយ ឬវិក័យប័ត្រខ្យល់ ដើម្បីយកទៅទូរទាត់ប្រាក់ពន្ធចំនួន ៩៩២សន្លឹក គិតជាទឹកប្រាក់ពន្ធជាង ៨០លានដុល្លារ។
លោក វិបុល បន្តថា ក្រៅពីនេះក្រុមហ៊ុនប៊ុនឆ្លាត ក៏បានលក់វិក័យប័ត្រ«ខ្យល់»ទៅឱ្យសហគ្រាស ប្រមាណជិត២០០ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីកឹបកេងប្រាក់ពន្ធនេះដែរ ដែលគិតជាទឹកប្រាក់រាប់រយលានដុល្លារ។
លោកថា៖ «យើងខ្ញុំពិនិត្យឃើញថា [ក្រុមហ៊ុន]ប៊ុនឆ្លាត ចេញ[វិក័យប័ត្រ]ឱ្យគេ រាប់រយលានដុល្លារ ដោយអត់មានបង់ប្រាក់ពន្ធ អ៊ីចឹងយើងបិទ(Lock)ភ្លាមមិនឱ្យធ្វើឥណទានយោង មិនឱ្យកាត់កងអីទេ?[…] ពីព្រោះយើងដឹងថាវិក័យប័ត្រខ្យល់ហើយ។ អ៊ីចឹងមានន័យថា សហគ្រាសដែលចូលរួមទាំងអស់ហ្នឹង គឺទិញខ្យល់ដើម្បីយកមកកាត់កងពន្ធលើប្រាក់ចំណូលនេះឯង និងកាត់កងឥណទាន អាករលើតម្លៃបន្ថែមដើម្បីគេចនូវការបង់ពន្ធ»។
លោក គង់ វិបុល បានលើកឡើងទៀតថា ប្រតិបត្តិការចេញវិក័យប័ត្រក្លែងក្លាយនេះ ក៏មានមន្ត្រីភ្នាក់ងារផ្តល់សេវាពន្ធដារមួយចំនួន ជាអ្នករៀបចំគម្រោងឱ្យក្រុមហ៊ុនប៊ុនឆ្លាតនេះដែរ។
បញ្ហានេះ លោកបានអំពាវនាវឱ្យអ្នកពាក់ព័ន្ធ ត្រូវប្រញាប់ដកខ្លួនពីបទឧក្រិដ្ឋនេះ ដើម្បីចៀងវាងវិធានការច្បាប់ ហើយទៅចូលខ្លួនបង់ពន្ធ ស្របច្បាប់ឡើងវិញ ដែលក្នុងនោះ លោកថា មានទាំងក្រុមហ៊ុនសាងសង់នៅក្នុងខេត្តព្រះសីហនុផងដែរ។
លោកថា៖ «សហគ្រាសដែលពាក់ព័ន្ធ ប្រហែលជាមិនតិចជាង២០០សហគ្រាសទេ ដែលពាក់ព័ន្ធទៅនឹងការកាត់កឹបកេងពន្ធជាប្រព័ន្ធបែបនេះ»។
VOD មិនអាចសុំការបញ្ជាក់បន្ថែម ពីលោក គង់ វិបុល ជុំវិញវិធានស្វែងរកចាប់ខ្លួនជនជាតិចិន ដែលលោកអះអាងថា ជាអ្នកនៅពីក្រោយប្រតិបត្តិការនេះ បាននៅឡើយទេ គិតត្រឹមថ្ងៃសុក្រនេះ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាគាំទ្រយុទ្ធនាការប្រមូលពន្ធ ដើម្បីទប់ទល់ទៅនឹងការចំណាយរបស់រដ្ឋាភិបាល។
បើតាមលោក ហ៊ុន សែន ជាង២ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ២០២០មក រដ្ឋាភិបាល បានចាយវាយច្រើនជាងប្រាក់ចំណូលដែលស្ថាប័នពាក់ព័ន្ធរកបាន ហើយថា ប្រាក់ដែលបានសន្សំទុកច្រើនឆ្នាំមកនោះ ក៏ត្រូវបានដកចំណាយកាន់តែខើចទៅៗដែរ ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ន ជាអនុប្រធានបណ្តោះអាសន្នគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញថា ជាការល្អមួយដែលនាយកដ្ឋានសាម៉ីនេះ បានរកឃើញអំពើពុករលួយកឹបកេងលុយរដ្ឋជាប្រព័ន្ធនេះ បើទោះបីជាលោកថាជំងឺនេះបានកើតឡើងយូរណាស់មកហើយ។
លោកយល់ថា ដើម្បីលុបបំបាត់ប្រតិបត្តិការកឹបកេងលុយជាតិជាប្រព័ន្ធបាន លុះណាតែការអនុវត្តច្បាប់អាចកាត់ផ្តាច់ប្រព័ន្ធពុករលួយអំណាច ឬខ្នងបង្អែកបាន។
លោកថា៖ «ខ្ញុំយល់ថា អ្នកពាក់ព័ន្ធអីហ្នឹងមិនគួរថាត្រូវដកខ្លួនចេញពីផ្លូវច្បាប់អីទេ គួរតែអនុវត្តទោសទណ្ឌ ដូច្នេះមិនអាចដោយសារគ្នាហើយឱ្យរួចខ្លួន អាហ្នឹងមិនមែនជាទង្វើមួយស្របច្បាប់ទេ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា ការប្រមូលពន្ធដោយគ្មានអំពើពុករលួយ នឹងធ្វើឱ្យកម្ពុជាអាចពង្រឹងស្ថិរភាពហិរញ្ញវត្ថុដោយខ្លួនឯងបាន រួមទាំងកាត់បន្ថយការខ្ចីបុលពីបរទេសផងដែរ។
លោកថា៖ «បើសិនជាយើងមានលទ្ធភាពប្រមូលពន្ធឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមច្បាប់ ដោយមិនមានការបាត់បង់តាមរយៈប្រព្រឹតអំពើពុករលួយផ្សេងៗ ខ្ញុំគិតថា យើងនៅតែអាចជួយកសាងហេដ្ឋរចនាសម័ន្ធប្រើប្រាស់ថវិកាជាតិរបស់យើងទៅលើវិស័យអាទិភាពយើងបាន ពិសេសការពង្រឹងវិស័យអប់រំ សុខាភិបាល ហើយនឹងការពង្រីកទឹកភ្លើងជូនប្រជាពលរដ្ឋអីជាដើម»។
ករណីសិក្សាអំពីប្រព័ន្ធពន្ធដារចេញផ្យាយដោយអង្គការតម្លាភាពកម្ពុជា អំឡុងឆ្នាំ២០១៦ បានរកឃើញថា អំពើពុករលួយក្នុងរដ្ឋបាលសាធារណៈត្រូវបានយល់ឃើញថាជារឿងធម្មតា ហើយបន្តកើតមានជាលក្ខណៈប្រព័ន្ធនៅកម្ពុជា ដែលទីបំផុតជំរុញឱ្យការដឹកនាំខ្វះគណនេយ្យភាព និងតម្លាភាព។
ការសិក្សានេះ ក៏បានរកឃើញដែរថា អំពើពុករលួយ គឺជាកត្តាចម្បងមួយដែលកាត់បន្ថយចំណូលពន្ធរបស់រដ្ឋាភិបាលកម្ពុជា និងបង្ខំឱ្យរដ្ឋស្វែងរកប្រភពហិរញ្ញវត្ថុដទៃទៀត សម្រាប់ការចំណាយរបស់ខ្លួន ដូចជា ត្រូវខ្ចីកម្ចីហិរញ្ញវត្ថុពីប្រទេសផ្សេងទៀត៕