សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបញ្ជូនជនជាតិវៀតណាម​ម្នាក់​ទៅ​តុលាការ​ក្រោយ​នេសាទ​ខុសច្បាប់​នៅ​បឹងទន្លេសាប

សកម្មភាពកម្លាំងព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងនិងខណ្ឌរដ្ឋបាលជលផល ចុះបង្ក្រាបករណីល្មើសក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ (រូបភាព៖ ហ្វេសប៊ុក លោក Sok Touch – សុខ ទូច)

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង អះអាងថា មន្ត្រីជំនាញបានបញ្ជូនជនជាតិវៀតណាមម្នាក់ទៅតុលាការ ក្រោយរកឃើញថាបាន​ធ្វើ​សកម្មភាពនេសាទ​ដោយខុសច្បាប់នៅបឹងទន្លេសាប។

ការបញ្ជូនជនជាតិវៀតណាមទៅតុលាការនេះ ធ្វើឡើងក្រោយពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ចុះទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប ស្ថិតក្នុងស្រុកបរិបូណ៍ កាលពីថ្ងៃ​ម្សិលមិញនេះ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ជនជាតិវៀតណាម​ឈ្មោះ ឡាំង យ៉ាងថាប់ ដែលលួចឆក់ត្រីនៅបឹងទន្លេសាបនោះ ត្រូវបានបញ្ជូនទៅតុលាការហើយកាលពីថ្ងៃម្សិលមិញនេះ។

លោកបន្ថែមថា៖ «យើងបានសហការជាមួយព្រះរាជអាជ្ញា ព្រោះយើងបានតាមដានជនសង្ស័យនេះ ពេលគាត់ចូលផ្ទះយើងសុំដីកាឆែកឆេរ​ និងឃាត់ខ្លួនគាត់តែម្តង គាត់ជាជនជាតិវៀតណាមនៅឆ្នុកទ្រូហ្នឹង»

លោក លី ឡា បន្ថែម​ថា​ នេះមិនមែនជាលើកទីមួយទេ ដែលសមត្ថកិច្ចជំនាញជលផលឃាត់ខ្លួន និងបញ្ជូនជនល្មើសទៅតុលាការពាក់ព័ន្ធការនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី​ខុសច្បាប់​ នៅបឹងទន្លេសាបនេះ ប៉ុន្តែភាគច្រើន​​ជាជនជាតិ​ខ្មែរ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពី ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានទេពាក់ព័ន្ធករណីនេះ។

ប៉ុន្តែលោកបានសរសេរ​នៅលើ​​ហ្វេសប៊ុករបស់លោកកាលពីថ្ងៃ​ម្សិល​មិញ​ថា រូបលោក​បាន​សហការជាមួយព្រះរាជអាជ្ញា និងខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​ ឃាត់​បានជនជាតិវៀតណាមម្នាក់​ និង​ទូក​ដែល​លួចធ្វើបទល្មើសឆក់ត្រីនៅបឹងទន្លេ​សាប​ស្ថិត​ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

លោកសរសេរបន្ត​​ថា៖ «សូម​អ្នក​កុំភ្លេច​ថា អ្នកអាច​ភ្លេច​ច្បាប់ តែ​ច្បាប់​មិន​ភ្លេច​អ្នក​ឡើយ។ សូមអរគុណដល់​កម្លាំង​ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង និងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដែលចាប់បានករណីល្មើសក្នុងឃុំឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង»

ក្នុងបទសម្ភាសន៍មួយរយៈពេលជាង២៥នាទី ដែលផ្សាយតាមបណ្តាញសង្គម លោក​បណ្ឌិត សុខ ទូច លើកឡើង​ថា បទល្មើស​នេសាទ​នៅតំបន់បឹង​​ទន្លេ​សាប​​បាន​ឈាន​ការ​ប្រកាស​សន្ន។ លោក​ថា ជនល្មើសបានប្រើប្រាស់ឧបករណ៍នេសាទខុស​ច្បាប់​ ដូច​ជា ស្បៃ​ម៉ុង អួន​ក្រឡាល្អិត​រាប់ពាន់​ម៉ែត្រ ឈិប​យន្ត និង​ឧបករណ៍ឆក់ត្រជាក់ ឆក់ក្តៅជាដើម ដើម្បីចាប់ត្រី ដែលធ្វើឱ្យត្រីទាំងតូចទាំងធំឆាប់វិនាសហិ​នហោច។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំងលោក ឡុង ស៊ីថា មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ​ទេ។

ប្រធាន​កម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ​នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង បាន​សាទរ​​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ទៅ​លើ​ជន​ល្មើស​ ​ដែលនេសាទខុសច្បាប់នៅបឹងទន្លេសាបនេះ ប៉ុន្តែលោកថា ចំណាត់ការនេះគួរតែត្រូវបានអនុវត្តតឹងរឹងតាំងយូរណាស់មកហើយ មិនមែនទើបតែធ្វើពេលលោកបណ្ឌិតលោក សុខ ទូច ចុះស្រាវជ្រាវនេះទេ។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា បទល្មើសនេសាទក្នុងបឹងទន្លេសាបដែល​បាន​កើតឡើងនេះ អាចជាប់ពាក់ព័ន្ធអំពើពុ​ក​រលួយ​​ជា​​ប្រព័ន្ធ រវាងអាជ្ញាធរពាក់ព័ន្ធ និងជនល្មើស ឬកម្សោយ នៃការអនុវត្តច្បាប់របស់មន្ត្រីជំនាញ។ 

លោក ហេង គឹម​ហុង ស្នើ​ដល់​​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ការ​ធ្វើ​ការ​ងារ និង​ការអនុវត្តច្បាប់របស់មន្ត្រីជំនាញ ឬធ្វើកំណែ​ទម្រង់​ប្រព័ន្ធ នៃការគ្រប់គ្រង​លើរដ្ឋបាល​ជល​ផល ដើម្បីការពារធន​ធាន​ជល​ផល​ឱ្យបានគង់យូរអង្វែង។

លោកបន្ថែមថា៖ «នេះជារឿងសំខាន់ណាស់ ប្រសិនបើមន្ត្រីទាំងអស់ហ្នឹង មានគ្រប់គ្រាន់ហើយ​ឬក៏មានជាប់ពាក់ព័ន្ធជាមួយ​អំពើ​ពុក​រលួយ ឬ​ក៏​មិន​យកចិត្តទុកដាក់នៅក្នុងការបំពេញមុខងាររបស់ខ្លួន ក្រសួងកសិកម្ម ជាពិសេសរដ្ឋាភិបាលគួរតែ​ធ្វើការចង្អុរបង្ហាញឱ្យមានការធ្វើកំណែទម្រង់​ឡើង​វិញ។ ហើយ​ឈានទៅរកការ​ទប់ស្កាត់ ឬឃាត់ខ្លួនមន្ត្រីទាំងឡាយ​ណាដែលមិន​បាន​បំពេញ​មុខ​ងារ ឬក៏មានជាប់ពាក់ព័ន្ធជាមួយ​បទល្មើសនេ​សាទ ឬក៏ប្រព្រឹត្តអំពើពុករលួយដែលជំរុញ​ឱ្យ​ការនេសាទ​នេះ​ប៉ះពាល់ដល់មច្ឆាជាតិ»

​កាលពីថ្ងៃទី១១ ខែមីនានេះ អាជ្ញាធរនៅខេត្តប៉ែកខាងត្បូង​បឹងទន្លេសាប​ ក៏បានបញ្ជូនជនជាតិវៀតណាម៨នាក់ទៅសាលាដំបូងខេត្តពោធិ៍សាត់ ក្រោយពួកគាត់ប្រើប្រាស់ឧបករណ៍ឆក់ និងឈិប​​យន្តសម្រាប់នេសាទត្រីនៅបឹងទន្លេសាប។

អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោកស្រី ផាន់ សុគន្ធថង មានប្រសាសន៍ថា ជនជាតិវៀតណាមទាំង៨នាក់នោះត្រូវបានតុលាការចោទប្រកាន់ពីបទ «នេសាទដោយអូសអួនទឹកសាបនិងឈិបយន្ត»

តាមមាត្រា៩៩ នៃច្បាប់ស្ដីពីជលផល ចែងថា បើជនទាំងឡាយណាដែល​នេសាទ​ដោយ​អូសអួន​ទឹក​សាប និងឈិបយន្តត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ៥០លានរៀល។

មាត្រា៩៨ នៃច្បាប់ដដែលនេះ ចែងថា ជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសដោយប្រើឧបករណ៍ឆក់ និងស្បៃមុងគ្រប់​ប្រភេទ​ខុស​ពីច្បាប់​កំណត់ ត្រូវផ្ដទ្ទាទោសដា​ក់​ពន្ធនាគារ​ពី​៣​ទៅ​៥​ឆ្នាំ ខណៈ​មាត្រា​១០១ នៃ​ច្បាប់​នេះ​បាន​កំណត់​ថា អ្នក​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស ដោយ​ប្រើម​ង ឬអួនគ្រប់ប្រភេទ ដែលមានក្រឡាតូចជាង១សង់ទីម៉ែត្រ ក្នុងដែនទឹកសាប ត្រូវផ្ដទ្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀល។

ចំណែកមាត្រា១០២ នៃច្បាប់ដដែលនេះ ចែងថា ប្រសិនបើសកម្មភាពបទល្មើសនោះប្រព្រឹត្តឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល និងមន្ត្រីអាជ្ញាធរផ្សេងទៀត ដោយបានអន្តរាគមន៍ដោយផ្ទាល់ ឬប្រយោល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់៥លានរៀលទៅ៥០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ