សិទ្ធិមនុស្ស UN ថា អ្នកស្លាប់ក្នុងពន្ធនាគារកម្ពុជាមិនទទួលបានយុត្តិធម៌

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (UN)

ការិយាល័យឧត្តម​ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR​) ជំរុញឱ្យ​មាន​វិធានទប់ស្កាត់ការធ្វើទារុណកម្ម​ទៅលើអ្នកជាប់ឃុំ ក្រោយរកឃើញ​តុលាការ​កម្ពុជា​ បានខកខានផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារអ្នកស្លាប់នៅក្នុងពន្ធនាគារ។

ការអះអាងនេះ OHCHR ធ្វើឡើងតាមរយៈការផ្សាយរបាយការណ៍នៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី​១៤ ខែមីនាកន្លងនេះ។

ក្នុងរបាយការណ៍នោះ បានលើកឡើងថា កាលពីឆ្នាំ២០២១ ចំនួន​អ្នក​ជាប់ពន្ធនាគារនៅកម្ពុជា មាន​ច្រើន​ជាង ៣ដង​នៃសមត្ថភាពដែលពន្ធនាគារអ្នកដាក់អ្នកជាប់ឃុំ​បាន គឺដល់ទៅ ៣៤៣ភាគរយ។ 

អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា ដោយសារតែកម្រិត​នៃ​ការឈឺចាប់​ផ្នែកស្មារតី ផ្លូវចិត្ត និងរាងកាយដែលអ្នកជាប់ឃុំជួបប្រទះ ដូចជា កន្លែងគេងមានសភាពចង្អៀត ណែន ខ្វះទឹកស្អាត និងអនាម័យ ខ្វះខ្យល់អាកាសបរិសុទ្ធ និងការថែទាំសុខភាពជាដើម។ ករណីនេះ UN ចាត់ទុកថា «ស្ថានភាពនៅក្នុងពន្ធនាគារ ជាហានិភ័យដែលអាចឈានទៅករណីបង្កឱ្យមានការប្រព្រឹត្តអំពើ​ដែលឃោរឃៅ អមនុស្សធម៌ ឬធ្លាក់ដុនដាបធ្ងន់ធ្ងរ»។

អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា៖ «របាយការណ៍នេះ សំដៅលើ​ការ​រាយ​​ការណ៍​​ពី​ការ​​ស្លាប់​គួរ​ឱ្យ​សង្ស័យ​ជា​ច្រើន​នាក់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំងមួយចំនួន។ គួរឱ្យសោក​ស្តាយ ជារៀងរាល់ឆ្នាំ ករណីបែបនេះត្រូវបានរាយការណ៍ ហើយកម្រនឹងនីតិវិធីតុលាការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង/ឬក្រុមគ្រួសាររបស់ពួកគេ»។

ដើម្បីជួយដោះស្រាយ​ស្ថានការណ៍​នេះនៅកម្ពុជា អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បញ្ជាក់ជំហរថា ខ្លួនបាននឹងកំពុងជំរុញការទប់ស្កាត់ការធ្វើទារុណកម្មក្នុងពន្ធនាគារ ជាមួយ​តួអង្គ​ជាច្រើនរបស់រដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការជាតិប្រឆាំងនឹងការធ្វើទារុណកម្ម (NCAT) និងសង្គមស៊ីវិលដែលពាក់ព័ន្ធ។

អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លើកឡើងបន្តទៀត​ថា កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ខ្លួន​បាន​ជួប​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ពិភាក្សា​អំពី​ការ​ទប់ស្កាត់​អំពើ​ទារុណកម្ម។ 

តាមរយៈសិក្ខាសាលា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសមាគមអាដហុក បានលើកនូវចំនុចខ្វះខាត និងការបង្ការអំពើទារុណកម្ម ពង្រឹងបច្ចេកទេសក្នុងការស៊ើបអង្កេតក្នុងករណីទារុណកម្ម ក្នុងនោះ ភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា និង​វសង្គមស៊ីវិល​ បានប្តេជ្ញាទប់ស្កាត់ការធ្វើទារុណកម្មក្នុងពន្ធនាគារឱ្យកាន់តែមានប្រសិទ្ធភាព។ 

វីអូឌី មិនអាចសុំប្រតិកម្មតបពី​អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានទេនៅថ្ងៃសុក្រនេះ។ 

ចំណែក អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ទទួលស្គាល់ថា កន្លងមក គណៈកម្មាធិការនេះ ពិតជាបានរកឃើញករណីសមត្ថកិច្ចប្រើទារុណកម្ម​លើ​អ្នក​ជាប់ឃុំប្រាក​ដមែន ខណៈមន្ត្រីដែលប្រព្រឹត្តត្រូវបានផ្តន្ទាទោស។ លោកថា ក្រៅពីនោះ មានទារុណកម្មរបស់អ្នកជាប់ឃុំទៅលើអ្នកជាប់ឃុំដូចគ្នា ក៏ត្រូវបានផ្តន្ទាទោសតាមច្បាប់ដែរ។

យ៉ាងណា លោកថា ករណីស្លាប់មួយចំនួនធំក្នុងពន្ធនាគារដែលត្រូវបានលើកឡើងដោយអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺមិនពាក់ព័ន្ធនឹងការធ្វើទារុណកម្មរបស់​សមត្ថកិច្ចទេ តែ​បណ្តាលមកពីអ្នកទាំងនោះមានជំងឺឈឺថ្កាត់ រហូតដល់សង្គ្រោះមិនបាន ទើប​បាត់​បង់​ជីវិត។

លោក ជិន ម៉ាលីន ថ្លែងថា៖ «អីចឹង​សូមឱ្យគេលើកករណីជាក់ស្តែងមក ថាតើករណីណាជាករណីទារុណកម្ម មានភស្តុតាងអ្វី បញ្ជាក់ថា ជាទារុណកម្មដែលបណ្តាលឱ្យអ្នកជាប់ឃុំនោះស្លាប់ មិនមានដំណោះស្រាយនិងស្វែងរកជនដៃដល់មកផ្តន្ទាទោស? អាហ្នឹងបញ្ជាក់ឱ្យច្បាស់មក កុំឱ្យតែឃើញថា ស្លាប់នៅក្នុងពន្ធនាគារសុទ្ធតែជាការធ្វើទារុណកម្មទាំងអស់នោះ។ ការស្លាប់ខ្លះដោយសារជំងឺ ដែលគេមានកោសល្យវិច័្ចយរបស់គេច្បាស់លាស់»។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា សមាគមនេះ បានកត់ត្រាករណីសង្ស័យ​ទៅ​លើអ្នកជាប់ឃុំមិនក្រោម ៦ករណីទេ ដែល​ត្រូវ​បាន​ធ្វើទារុណ​កម្ម​រហូតបាត់បង់ជីវិតនៅក្នុងពន្ធនាគារ​ ក្នុងចន្លោះឆ្នាំ២០២០ និង ២០២១កន្លងនេះ។ 

យ៉ាងណា លោកថា ក្រុមគ្រួសារអ្នកជាប់ឃុំដែលស្លាប់ទាំងនោះ បានប្តឹងទៅតុលាការផងដែរ ដូច​ជាករណីនៅខេត្តកណ្តាល កំពង់ចាម ឧត្តរមានជ័យ និងបាត់ដំបង។

លោកថា បញ្ហាប្រឈមដែលជួបប្រទះដើម្បីរកភស្តុតាងបញ្ជាក់ឱ្យចំៗ និង​ច្បាស់ៗ​ នោះគឺសង្គម​ស៊ីវិល​មានឧបសគ្គក្នុងកិច្ចសុំការសហការពីមន្ត្រីមានសមត្ថកិច្ច និងតុលាការជាដើម។ 

លោក នី សុខា បញ្ជាក់​ថា៖ «ករណីអំពើទារុណកម្មនេះ មិនមែនមានន័យថាកើតឡើង ប្រព្រឹត្តឡើងដោយប្រជាពលរដ្ឋធម្មតាទេ គឺថា អំពើទារុណកម្មគឺវាធ្វើឡើងក្នុងគោលបំណងដើម្បីយកចម្លើយដើម្បីយកការសារភាពទៅលើរឿងអីមួយ។ ដូច្នេះអ្នកដែលប្រព្រឹត្តអំពើទារុណកម្មនេះភាគច្រើនៗតែមន្ត្រីដែលមានសមត្ថកិច្ច ពិសេសប៉ូលីសព្រហ្មទណ្ឌ ប៉ូលីសយុត្តិធម៌ មន្ត្រីនគរបាលយុត្តិធម៌ ហើយដែលយើងមើលឃើញថាករណីដែលកើតឡើង [ស្លាប់] គឺពិបាកនឹងរកព័ត៌មានដោយសារយើងដឹងហើយថា សមត្ថកិច្ចហាក់បីដូចជាមានការលាក់លៀមនៅក្នុងព័ត៌មានទាំងអស់ហ្នឹង មានន័យថា ព្យាយាមនៅក្នុងការលាក់បាំងព័ត៌មានមួយចំនួនហ្នឹង ដែល​យើង​ពិបាករកឱ្យឃើញនូវបញ្ហាហ្នឹង»។

លោកបន្ថែម​ថា កម្ពុជាគួរតែបង្កើតឱ្យមានគណៈកម្មាការស៊ើបអង្កេតឯករាជ្យលើករណី​ធ្វើទារុណ​កម្មរហូតដល់ស្លាប់នេះ បើពុំដូច្នេះទេនឹងនៅតែមានករណីស្លាប់ដោយបន្សល់នូវការសង្ស័យ។ ក្រៅពីនេះ លោកចង់ឃើញមានការបើកទូលាយ អនុញ្ញាតឱ្យអង្គការជាតិ និងអន្តរជាតិ​ដែលមានភារកិច្ចពាក់ព័ន្ធ បានចូលពិនិត្យនៅតាមមន្ទីរឃុំឃាំងនានាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ