ក្រសួង​ពាណិជ្ជកម្ម​ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ត្រួត​ពិនិត្យ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ដែល​លក់​ខុស​ពី​ការ​កំណត់​

បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិច​ នៅ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​ផ្លាស់​ប្តូរ​តារាង​តម្លៃ​ប្រេង​ឥន្ធនៈ​តាមការ​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​កាល​ពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ (រូប៖ ហង់ សុខហុង)

ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ជួយ​អន្តរាគមន៍​ចំពោះ​ដេប៉ូស្ថានីយ៍​ប្រេង​ឥន្ធនៈ​ឯកជន​មួយ​ចំនួន ដែល​លក់​រាយ​ខុស​ពី​ការ​កំណត់​របស់​ក្រសួង ឬ​ផ្អាក​លក់ដោយ​សារ​តែ​តម្លៃ​ប្រេង​ឥន្ធនៈនៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ប្រែប្រួល​ខ្លាំង។

ការស្នើសុំនេះ បានធ្វើឡើងបន្ទាប់ពីមានដេប៉ូស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនបានផ្អាកការលក់រាយរបស់ខ្លួន និងមួយចំនួនបានលក់ឡើងថ្លៃមុនកាលកំណត់ ដោយសារតែតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិបានហក់ឡើងថ្លៃមួយគុណជាបី (50$/Barrel, 180.93$/Barrel) ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២២មក។ ការហក់ឡើងថ្លៃ ដោយសារតែប្រទេសនៅលើពិភពលោកបានបើកប្រទេសឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងសង្គ្រាម​រវាងរុស្ស៊ីនិងអ៊ុយក្រែន។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបានស្នើឱ្យអភិបាលរាជធានីខេត្ត ចាត់តាំងមន្ត្រីថ្នាក់ស្រុក ឬ ថ្នាក់មូលដ្ឋានចូលរួមពិនិត្យ និងជួយជំរុញឱ្យដេប៉ូស្ថានីយ៍​ប្រេងឥន្ធនៈឯកជនទាំងនោះ អនុវត្តតាមគោលការណ៍ច្បាប់ ឬសហការផ្តល់ព័ត៌មានមកមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរាជធានី ខេត្ត មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធ។

ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មកំពុងស្នើសុំគោលការណ៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ដើម្បីស្នើសុំប្តូរការកំណត់រយៈពេល​នៃការចេញថ្លៃលក់រាយជូនក្រុមហ៊ុនប្រេងឥន្ធនៈក្នុងរយៈពេល ១៥ថ្ងៃម្តង មកជារយៈពេល ១០ ថ្ងៃម្តងវិញ និងស្នើសុំឱ្យមានការអនុវត្តការផ្លាស់ប្តូរការ​កំណត់តម្លៃនេះ ឱ្យបានលឿនស្របតាមសភាពការណ៍ទីផ្សារអន្តរជាតិ។

គួរជម្រាបជូនថា ចាប់ពីថ្ងៃទី១៦ ខែមីនាមក តម្លៃប្រេងឥន្ធនៈធម្មតា និងប្រេងម៉ាសូត បានបន្តហក់ឡើងដល់៥៣០០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងឥន្ធនៈស៊ូពែហក់ឡើងដល់៥៨៥០រៀល ក្នុងមួយលីត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ