ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រយ័ត្ន​ទិញ​ប៉ះឱសថ​ក្លែងក្លាយ​សម្រាប់​ព្យាបាល​ជំងឺកូវីដ-១៩

រូបភាពពលរដ្ឋនាំគ្នាធ្វើតេស្តសំណាកពីម៉ាស៊ីនធំ (PCR) ដើម្បីប្រាកដថាពួកគេឆ្លងឬ ជាសះស្បើយពីជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ឬពេទ្យរុស្ស៊ីនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។( សូត សុខប្រាថ្នា)

ក្រសួង​សុខាភិបាល អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មុន​នឹង​ទិញ​ឱសថ​គ្រប់ប្រភេទ​សម្រាប់​ព្យាបាលជំងឺ​កូវីដ-១៩ ត្រូវ​ពិនិត្យ​មើល​លតាបត្របញ្ជិកា​ដែល​មាន​បិទ​លើ​សំបក​វេច​ខ្ចប់ ហើយ​លតាបត្រ​ដែល​ត្រឹម​ត្រូវ គឺ​មាន​ពីរ​ផ្នែក ក្នុង​នោះ​ផ្នែក​ខាងលើ​មាន​ឈ្មោះ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ និង​ផ្នែក​ខាង​ក្រោម​មាន​លេខ​បញ្ជីកា។

បើតាមក្រសួងសុខាភិបាលឱសថពុំមានលេខបញ្ជីកាទាំងនោះ រួមមាន ឈ្មោះ MERIPIR 400mg, MERIPIR 200mg, MOLUZEN 800, MOLAZ, Molenzavir 200, MOLUZIR-US, MPIRAVIR 200mg, Molnupiravir Tablets 200mg កំប៉ុង ៣០គ្រាប់, និង MOLUNHEET នេះបើគិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ឱសថដែលពុំមានលេខទិដ្ឋាការ ឬបញ្ជិកាខាងលើបន្តទៀត ព្រោះឱសថទាំងនេះមិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ។ លើសពីនេះ វានឹងអាចបណ្ដាលឱ្យប៉ះពាល់សុខភាព បណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិតទៀតផង។

ក្រសួងសុខាភិបាលក៏បានព្រមានចាត់វិធានការជនទាំងឡាយណាដែលចែកចាយ និងផ្សព្វផ្សាយលក់ឱសថគ្មានលេខបញ្ជីកាខាងលើ និងអ្នកដែលនាំចូលមកតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថផងដែរ។

ក្រសួងសុខាភិបាលឱ្យដឹងទៀតថា គណនីហ្វេសបុកដែលបានបង្ហោះលក់ឱសថពុំមានបញ្ជីកាទាំងនោះ មានឈ្មោះ Solyna Pink, DL pharma, Chea Linda, Nana Flower…ជាដើម។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា  បច្ចុប្បន្ននេះ មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងសុខាភិបាល បានចុះធ្វើការស៊ើបអង្កេតករណីលក់ឱសថក្លែងក្លាយនេះ នៅតាមទីកន្លែងនានាដែលកំពុងដាក់លក់។

លោកស្រី និយាយថា៖ «ក្រសួងសុខាភិបាលសូមក្រសួងពាក់ព័ន្ធនិងសមត្ថកិច្ចសូមជួយទប់ស្កាត់ការផ្សាយបែបអាណាធិបតេយ្យនូវផលិតផលទាំងនេះនៅតាមប្រព័ន្ធអនឡាញ (Online) ដើម្បីរួមគ្នាទប់ស្កាត់ទង្វើអសកម្មនានាដែលប៉ះពាល់ដល់ការងារគ្រប់គ្រងថែទាំនិងព្យាបាលជំងឺកូវីដ-១៩ ហើយសូមអាជ្ញាធរចាត់វិធានការសមស្របផងដែរ»

លោកស្រី វណ្ណឌីន បន្ថែមថា ក្រសួងសុខាភិបាល ក៏អំពាវនាវដល់ម្ចាស់ឱសថស្ថានទាំងអស់ ពុំត្រូវដំឡើងថ្លៃខ្លាំងពេកលើឱសថ និងបរិក្ខាពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ផងដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះក៏ព្រមានដែរថា វីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុងនេះ ក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ-១៩អូមីក្រុងនេះ មិនបានតាមដាន ថែទាំ និងព្យាបាល ទាន់ពេលវេលាតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា មានប្រសាសន៍ថា លោកគាំទ្រលើវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការលក់ឱសថគ្មានបញ្ជីកាសម្រាប់ព្យាបាលជំងឺកូវីដ-១៩។

លោក វុទ្ធី អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមទប់ស្កាត់ប្រកបដោយឆន្ទៈ ដើម្បីបញ្ឈប់ការលក់ឱសថក្លែងក្លាយទាំងនេះ។

លោក និយាយថា៖ «ក្រសួងសុខាភិបាលដែលឱ្យថ្នាំចូលនីមួយៗសំខាន់ណាស់ ពេលណាដែលចុះបញ្ជីកាក្រសួងសុខាភិបាល ថ្នាំទាំងអស់ត្រូវចូលឡាបូថ្នាក់ជាតិ។ ពេលណាគេមើលទៅប្រសិទ្ធភាពវា១០០%ល្អចឹង ក៏គេឱ្យច្បាប់អនុញ្ញាតលក់តាមឱសថស្ថាន»

ឆ្លើយតបទៅនឹងការលក់​ឱសថព្យាបាលជំងឺកូវីដ-១៩គ្មានបញ្ជីកានេះ លោក ឆាយ ​គឹមឃឿន ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា អាជ្ញាធរតែងតែបើកការស៊ើបអង្កេត ក្នុងករណីមានបទល្មើសណាមួយកើតឡើង។

លោក និយាយថា៖ «ខ្ញុំមិនអាចប្រាប់បានធ្វើរបៀបណាទេ វាជាបច្ចេកទេសស៊ើបអង្កេតរបស់សមត្ថកិច្ច»

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានណែនាំឱ្យប្រើប្រាស់ថ្នាំប្រភេទ ម៉ូលនូពីរ៉ាវាកាប់​ស៊ុល ២០០ មីលីក្រាម សម្រាប់អ្នកជំងឺកូវីដ-១៩កម្រិតស្រាល ដែលអាចព្យាបាលខ្លួនឯង​បាននៅតាមផ្ទះ។ សម្រាប់ការប្រើប្រាស់ បន្ទាប់ពីការធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ហើយ គឺលេបម្ដង៤គ្រាប់ (កម្រិត២០០មីលីក្រាមក្នុងមួយគ្រាប់) និងលេបរៀងរាល់១២ម៉ោងម្ដង សម្រាប់រយៈពេល៥ថ្ងៃជាប់គ្នា។ ប៉ុន្តែពុំត្រូវប្រើឱសថនេះសម្រាប់ស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន និងមនុស្សក្រោមអាយុ១៨ឆ្នាំឡើយ។

យោងតាមសេចក្តីជូនដំណឹងថ្មីមួយរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនាថា ចាប់ពីថ្ងៃទី១៤ ខែមីនាតទៅ បុគ្គលម្នាក់អាចស្នើសុំទិញឱសថម៉ូលណាទ្រីស (MOLNATRIS ឬ Molnupiravir Capsules 200mg) ពី ១ ប្រអប់ ដល់ ១០ ប្រអប់ នៅឯក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងសាខាប្រៃសណីយ៍កម្ពុជាខេត្ត។ រីឯមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង អាចស្នើសុំទិញពី ១០ ប្រអប់ ដល់ ១០០ ប្រអប់ ដោយក្នុង១ប្រអប់ តម្លៃ៥០ដុល្លារអាមេរិក៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។