សមត្ថកិច្ច​ចាប់​កូដករ​ណា​ហ្គាវើលដ៍​រាប់​សិប​នាក់​ ​ខណៈ​ពួកគេ​បន្ត​ចេញ​តវ៉ា​​​ឱ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ

សមត្ថកិច្ច និងកងកម្លាំងសណ្តាប់ធ្នាប់រាជធានីភ្នំពេញ បន្តចាប់ក្រុមកូដករណាហ្គាវើលដ៍ជាថ្មីទៀត  ខណៈពួកគេចេញធ្វើកូដកម្មទាមទារឱ្យថៅកែក្រុមគោរពច្បាប់ការងារ និងទាមទាររកដំណោះស្រាយបញ្ចប់វិវាទឱ្យបានឆាប់។

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា ប្រាប់វីអូឌីនៅថ្ងៃអាទិត្យទី២០ ខែមីនានេះថា នៅម៉ោងជាង២រសៀល សមត្ថកិច្ច និងកងកម្លាំងសណ្តាប់ធ្នាប់ បានចាប់ពួកគាត់រាប់សិបនាក់ដាក់រថយន្តក្រុង ទៅរក្សាទុកនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខណ្ឌព្រែកព្នៅ។  ការចាប់កូដករនេះ កញ្ញាថា នៅពេលពួកគេបន្តចេញធ្វើកូដកម្មជាថ្មីទៀត ដើម្បីទាមទារឱ្យក្រុមហ៊ុនគោរពលក្ខខណ្ឌការងារ ទាមទារឱ្យតុលាការទម្លាក់បទចោទលើសហជីព សមាជិកសហជីព និងកូដករសរុប១៥នាក់ ទើបពួកគេចូលតុចរចារកដំណោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុន។

កញ្ញាព្រមានថា បើសិនជាក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធមិនធ្វើតាមការស្នើសុំរបស់ពួកគាត់ទេ នោះក្រុមកូដករ នៅតែបន្តតវ៉ារហូតមានដំណោះស្រាយ ។

កញ្ញាព្រមានដូចនេះថា៖ «ពួកខ្ញុំតវ៉ាទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ចេញមកដោះស្រាយ និងទម្លាក់បទចោទទាំងអស់ទៅលើតំណាងពួកខ្ញុំទាំង១៥នាក់ និងចូលតុចរចារដោយភាពស្មោះត្រង់ ដោយឆន្ទៈ មិនមែនគាត់សង្ងំនៅស្ងៀម គាត់អត់មានដំណោះស្រាយឱ្យខ្ញុំចឹងទេ។ បើអត់ដោះស្រាយទេ ពួកខ្ញុំនៅតែតវ៉ារាល់ថ្ងៃ រហូតមានដំណោះស្រាយ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ  លោក ហេង សួរ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានទេនៅរសៀលថ្ងៃអាទិត្យនេះ ។

វិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្ដាលរាជធានីភ្នំពេញនេះ បានអូសបន្លាយរយៈពេលជិត១ឆ្នាំមកហើយ។ ការអូសបន្លាយនេះ ឈានទៅដល់ការចាប់ខ្លួនថ្នាក់ដឹកនាំនិងសកម្មជនសហជីព ១១នាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់ចាប់តាំងពីយប់ឆ្លងឆ្នាំសកលមកដោយចោទពីបទញុះញង់ និងល្មើសច្បាប់កូវីដ-១៩  ដោយគ្រាន់តែពួកគេប្រើប្រាស់សិទ្ធិស្របច្បាប់ ធ្វើកូដកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិកម្មករនិងសហជីព។

ក្រោយមក កាលពីពេលថ្មីៗនេះ តុលាការសម្រេចដោះលែងថ្នាក់ដឹកនាំនិងសកម្មជនសហជីព ១១នាក់ ជាបណ្តោះអាសន្ន ដើម្បីឱ្យពួកគេមានសេរីភាពវិញ ដើម្បីចូលរួមតុចរចាបញ្ចប់វិវាទជាមួយក្រុមហ៊ុន។ ប៉ុន្តែដោយសារតែមិនទាន់ទម្លាក់បទចោទលើអ្នកទាំង១១នាក់នោះ ក្រុមកូដករនៅតែបន្តតវ៉ាជាថ្មីទៀត ដើម្បីទាមទារទម្លាក់ចោលបទចោទ ប៉ុន្តែរហូតមកដល់ថ្ងៃអាទិត្យទី២០ ខែមីនានេះ នៅមិនទាន់មានសេចក្តីសម្រេចតាមការទាមទាររបស់ពួកគេនៅឡើយ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់អះអាងថា លោកក៏បានជំរុញទៅភាគីពាក់ព័ន្ធម្តងជាពីរដង ឱ្យពន្លឿនការដោះស្រាយវិវាទក្រុមហ៊ុនល្បែងមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវិវាទនៅតែបន្តអូសបន្លាយ។

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជំរុញទៅអាជ្ញាធរកម្ពុជា ត្រូវចូលរួមពិភាក្សាដោះស្រាយតាមការទាមទាររបស់កូដករណាហ្គាវើលដ៍តាមផ្លូវច្បាប់ និងបញ្ឈប់ការរារាំង ធ្វើទុក្ខបុកម្នេញកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ក្រោមហេតុផលទប់ស្កាត់កូវីដ-១៩បន្តទៀត៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ