ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកស្លាប់ដោយវីរុសកូវីដ-១៩ម្នាក់ ខណៈអ្នកឆ្លងថ្មីប្រភេទ»អូមីក្រុង» ចំនួនជិត ១០០ករណីបន្ថែមទៀត ដោយចំនួនឆ្លងថ្មីនេះមានការថយចុះ ២០ករណី បើធៀបនឹងការប្រកាសរកឃើញរបស់ក្រសួងកាលពីម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីម្សិលមិញ បានរកឃើញមានអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង»ចំនួន ៩៧នាក់។ អ្នកជំងឺដែលរកឃើញឆ្លងថ្មីទាំងនោះ មាន ៨៨ករណី ជាការឆ្លងចូលក្នុងសហគមន៍ និង៩ករណីទៀត ជាការនាំចូលពីក្រៅប្រទេស។ ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា មានករណីស្លាប់ថ្មីម្នាក់ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយថ្មីមានចំនួន១៥២នាក់ផងដែរ។
គិតមកទល់ព្រឹកទី២០ ខែមីនានេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ១៣ ២១៧ករណី។
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន «អូមីក្រុង» ជាលើកដំបូង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លើស្ត្រីខ្មែរម្នាក់ ដែលធ្វើដំណើរពីប្រទេសហ្គាណា នៃតំបន់អាហ្វ្រិកខាងលិច មកកម្ពុជា។
គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៤ ៩៨៦នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១៣០ ៩៥៦នាក់ អ្នកស្លាប់ចំនួន៣ ០៥១នាក់៕












