ស្ត្រី​ជន​ជាតិ​ថៃ​ថា​ខ្លួន​បាន​ប្រតិដ្ឋ​ព័​ត៌​មាន​ទាក់ទង​​ការ​​បូម​ឈាម​លក់​នៅ​កម្ពុជា

ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Surachate Hakparn(រូបកណ្តាល) ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ (Royal Thai Police)

ស្ត្រីជនជាតិថៃមួយរូប ដែលបានអះអាងកាលពីពេលកន្លងទៅថា ឈាមរបស់ខ្លួនត្រូវបានគេបូមយកទៅលក់​នៅក្នុងប្រតិបត្តិការឆបោកក្នុងខេត្តព្រះសីហនុ បាន​បញ្ជាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ​ខ្លួនបានប្រតិដ្ឋព័​ត៌​មាននេះឡើងក្នុងគោលបំណងដើម្បីឱ្យអាជ្ញាធរជួយសង្គ្រោះរូបនាងឱ្យបានឆាប់រហ័ស។

ការថ្លែងបញ្ជាក់របស់ស្ត្រីវ័យ ២៥ឆ្នាំខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងបាងកក ដែលរៀបចំឡើងដោយអាជ្ញាធរថៃ និងកម្ពុជា ខណៈដែលសមត្ថកិច្ចថៃបានលើកឡើងថា រឿងរ៉ាវរបស់ស្រ្តីរូបនេះដែលត្រូវបានសារព័​ត៌​មានមួយចំនួនយកទៅចុះផ្សាយនោះគឺជារឿងក្លែងក្លាយ។

សមត្ថកិច្ចបន្តថា ស្ត្រីរូបនេះក៏ត្រូវបានចោទប្រកាន់ពីបទចេតនារាយការណ៍អំពីឧក្រិដ្ឋកម្មមិនពិត រួមនឹងបទទាក់ទងនឹងការចេញទៅបម្រើការនៅបរទេសដោយខុសច្បាប់ផងដែរ។

ស្ត្រីដែលអះអាងថាខ្លួនបានប្រតិដ្ឋព័​ត៌​មាននេះថ្លែងថា៖ «អ្វីៗគ្រប់យ៉ាងដែលខ្ញុំបានលើកឡើង [ការត្រូវបានគេបូមឈាមយកទៅលក់] កាលពីពេលកន្លងទៅគឺជារឿងមិនពិតនោះទេ។ ខ្ញុំមិនត្រូវបានគេចាប់បង្ខំឱ្យធ្វើសកម្មភាពអ្វីនោះទេ។ ខ្ញុំ​បានប្រតិដ្ឋព័​ត៌​មាននេះឡើង​ដើម្បី​ទទួលបានការជួយសង្រ្គោះតែប៉ុណ្ណោះ។ ខ្ញុំធ្លាប់ឮថាមានករណីនេះកើតឡើង។ ដូច្នេះហើយខ្ញុំក៏សម្រេចប្រតិដ្ឋរឿងនេះ ដើម្បីស្នើសុំការជួយសង្រ្គោះពីអាជ្ញាធរឱ្យបានឆាប់រហ័ស»។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់សមត្ថកិច្ចថៃបានឱ្យដឹងថា ស្ត្រីរូបនេះបានទៅធ្វើការនៅក្នុងប្រតិបត្តិការឆបោកមួយក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីដើមឆ្នាំ២០២១ ហើយមិនដែលចាកចេញពីទីតាំងនេះនោះទេ​ ដោយមិនបានបញ្ជាក់​ថា​តើ​ស្ត្រីរូបនេះ​ត្រូវ​បាន​គេ​ជួញ​ដូរ ឬ​ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្តយ៉ាងណានោះឡើយ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា ស្ត្រីរូបនេះបានប្រតិដ្ឋព័​ត៌​មាន​ថាខ្លួន​ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ត្រូវបានគេ​ចាប់ជញ្ជូន​ពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀត ហើយ​ត្រូវ​បាន​ថៅកែ​ចាប់បូមឈាមរបស់ខ្លួនយកទៅលក់។

ជាមួយគ្នានេះដែរ ស្រ្តីរូបនេះក៏បានបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបង្ហោះការអះអាងរបស់ខ្លួននៅក្នុងក្រុមផ្សេងៗគ្នាកាលពីដើមខែមីនា ដើម្បីចែកចាយរឿងរ៉ាវរបស់ខ្លួន និងសុំឱ្យមានការជួយសង្រ្គោះពីអាជ្ញាធរឱ្យបានឆាប់រហ័ស ដើម្បីបញ្ជូនរូបនាងទៅកាន់ប្រទេសកំណើតវិញ​។

ដំបូងឡើយ សមត្ថកិច្ចថៃក៏បានផ្សព្វផ្សាយជាសាធារណៈនូវការអះអាងរបស់ស្ត្រីរូបនេះ បន្ទាប់ពីខ្លួនត្រូវបានគេជួយសង្រ្គោះឱ្យត្រឡប់មកកាន់ប្រទេសកំណើតវិញជាមួយជនជាតិថៃ ៧នាក់ផ្សេងទៀតកាលពីថ្ងៃទី៩ ខែមីនា ហើយសមត្ថកិច្ចនៅពេលនោះក៏បាន​ព្រមានដល់ពលរដ្ឋទាំងឡាយកុំឱ្យទទួលយកនូវការផ្តល់ជូនការងារក្រៅផ្លូវការនៅកម្ពុជា​។

ទោះជាយ៉ាងណា ជំនួយការ​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បានថ្លែងថា សមត្ថកិច្ចបានរកឃើញករណីរបស់ស្រ្តីខាងលើនេះហាក់មានភាពមិនប្រក្រតីក្នុងអំឡុងពេលសាកសួរចម្លើយ ដូច្នេះពួកគេបានបន្តការសាកសួររហូតដល់ស្រ្តីរូបនេះ នៅទីបំផុតបានឆ្លើយសារភាពពីការពិត។

ស្ត្រី​រូប​នេះ​បានឱ្យដឹង​ដែរថា រូបនាងបានសម្រេចប្រតិដ្ឋរឿងចាប់ពង្រត់និងបូមឈាមលក់ឡើងដោយសារតែខ្លួន​​ព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនក្នុង​ក្រុង​ប៉ោយ​ប៉ែត ដោយថាអ្នកគ្រប់គ្រងជនជាតិចិននៃករណីឆបោកតាមទូរសព្ទនៅកន្លែងដែលខ្លួនធ្វើការនោះ បានគំរាមរូបនាង បន្ទាប់ពីខ្លួនបានជួយបុគ្គលិកម្នាក់ទៀតឱ្យចាកចេញពីកម្ពុជា។

ស្ត្រីដដែលនេះបានបន្តដោយប្រាប់ពីអ្វីដែលអ្នកគ្រប់គ្រងគំរាមមកកាន់ខ្លួនថា៖ «ខ្ញុំ​នឹង​តាមរកអ្នកឱ្យទាល់តែឃើញ។ អ្នកនឹងមិនអាចចាកចេញ​ទៅកាន់​ប្រទេស​ថៃវិញបាននោះ​ទេ»។

លោក សុរាជិត ហាក់ផន ដែលបានទៅកាន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ ដើម្បីជួបស្រ្តីរូបនេះបន្ទាប់ពីត្រូវបានបញ្ជូនមកកាន់ប្រទេសវិញនៅថ្ងៃទី៩ ខែមីនា​ បានសួរចម្លើយនាងនៅចំពោះមុខអ្នកសារព័ត៌មានដោយសួរទាក់ទងនឹងទីតាំងដែលនាងស្នាក់នៅក្នុងក្រុងប៉ោយប៉ែត លក្ខខណ្ឌការងាររបស់ខ្លួន និងប្រភេទនៃប្រតិបត្តិការឆបោកដែលខ្លួនបានធ្វើនៅទីនោះ។

ជាមួយគ្នានេះ លោក​ក៏បាន​ស្នើ​ឱ្យស្រ្តីរូបនេះ​បកស្រាយ​ទៅកាន់ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងកម្ពុជា លោក សម វណ្ណវីរៈ ផងដែរ។

ស្រ្តីរូបនេះបានស្នើឱ្យលោក សម វណ្ណវីរៈ ជួយសង្គ្រោះជនជាតិថៃទាំងអស់នៅកន្លែងដែលខ្លួនធ្វើការក្នុង​ក្រុងប៉ោយប៉ែត ដោយលើកឡើងថាប្រតិបត្តិការឆបោកតូចៗគឺមានជាច្រើន ហើយមនុស្សជាច្រើន ក៏ត្រូវបានឃុំខ្លួន និងបង្ខំឱ្យធ្វើការ។

ទោះជាយ៉ាងណា ស្រ្តីដដែលនេះ​ក៏​បានថ្លែង​សុំ​ទោសទៅកាន់ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងរូបនេះដែរថា៖ ​«ខ្ញុំ​សូមអភ័យ​ទោស​ដែល​ខ្ញុំបាន​បង្ក​បញ្ហា​ដល់​អ្នក​រាល់​គ្នា»។

នាងបន្ត​ថា​​«​កំហុសទាំងឡាយគឺដោយសារតែខ្ញុំទាំងអស់។ ខ្ញុំ​បាន​​ប្រតិដ្ឋរឿង​គ្រប់​យ៉ាង​ឡើង»។

ស្ត្រីរូបនេះ ក៏ត្រូវបានរកឃើញថា បានចែកចាយការប្រតិដ្ឋព័ត៌មានដល់សមត្ថកិច្ច តាមរយៈការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយតាំងខ្លួនជាម្ចាស់ភោជនីយដ្ឋានថៃមួយរូបនៅខេត្តព្រះសីហនុ​។

ថ្លែងប្រាប់សារព័ត៌មានកាលពីថ្ងៃសុក្រ លោក សម វណ្ណវីរៈ បានឱ្យដឹងថា ករណីនេះបានធ្វើឱ្យខូចដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ខណៈរឿងនេះក៏បានបង្ហាញឱ្យឃើញពីការធ្វេសប្រហែស និងការមិនយកទុកដាក់របស់អាជ្ញាធរថៃផងដែរ។

ទោះជាយ៉ាង លោកក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចថៃដែលខិតខំប្រឹងប្រែងចូលរួមក្នុងការបង្ហាញពីការពិតដល់សាធារណជន ដោយលោកក៏បានក្រើនរំលឹកឡើងវិញពីផែនការរបស់កម្ពុជា ក្នុងការធ្វើការជាមួយមន្រ្តីនគរបាលថៃដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលស្ថិតក្នុងគ្រោះថ្នាក់។

ដោយមិនបានរៀបរាប់លម្អិតអំពីករណីជាក់លាក់ ឬចំនួនមនុស្សដែលត្រូវបានចោទប្រកាន់ លោក​​បន្ថែម​ថា កម្ពុជា​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​បុគ្គល​ជា​ច្រើន​នាក់រួចមកហើយ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តាញ​ឆបោក ដោយ​បញ្ជាក់​ថា​ឧក្រិដ្ឋជនទាំងនោះ​រួម​មាន​ជនជាតិ​ចិន ខ្មែរ និង​ថៃ។

លោក សម វណ្ណវីរៈ ក៏បានលើកឡើងពីករណីបុរសជនជាតិចិនមួយរូប ដែលដំបូងឡើយអះអាងថា ឈាមរបស់ខ្លួនត្រូវបានគេបូមយកទៅលក់ដោយក្រុមហ៊ុនឆបោកក្នុងក្រុងព្រះសីហនុ ប៉ុន្តែក្រោយមកបានបញ្ជាក់ថារឿងនេះគឺជាការប្រតិដ្ឋព័​ត៌​មានឡើង។

លោកបន្ថែមថា បុរសចិនខាងលើនេះគឺជាអ្នកជំនួញមួយរូបដែលចាញ់ល្បែងស៊ីសងអស់លុយ ហើយចង់ត្រឡប់ទៅប្រទេសចិនវិញ។ ដូច្នេះហើយគាត់ និងមិត្តភ័ក្តិចំនួន ៤ទៅ ៥នាក់ក៏ចាប់ផ្ដើមបង្កើតជារឿងរ៉ាវមួយឡើងដើម្បីសុំការជួយសង្រ្គោះពីអាជ្ញាធរចិន។

លោក​ថា​៖ «​បុរសរូបនេះ​បាន​សារភាព​រួច​ហើយ​ថា​ខ្លួនបានប្រតិដ្ឋព័​ត៌​មាននៅក្នុងករណីនោះ»។

គួរបញ្ជាក់ថា បុរសចិនរូបនោះ រួមនឹងប្រធានក្រុមស្ម័គ្រចិត្តកម្ពុជា-ចិនមួយរូប លោក Chen Baoron ក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់ ទាក់ទងនឹងករណីប្រតិដ្ឋព័ត៌មានបូមឈាមលក់នេះ​ផងដែរ៕

បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស របស់ Jintamas Saksornchai៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ