លោក ហ៊ុន សែន ថា​មិន​មាន​ការ​ជម្លៀស​ពលរដ្ឋខ្មែរ​២៣គ្រួសារ​ចេញ​ពី​អ៊ុយក្រែន​ឡើយ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាមិនលើកទឹកចិត្តឱ្យមានការជម្លៀសប្រជាពលរដ្ឋខ្មែរចំនួន​២៣គ្រួសារចេញពីប្រទេសអ៊ុយក្រែនឡើយ ខណៈប្រទេសនេះកំពុងមានសង្គ្រាម ដោយត្រូវរួមសុខទុក្ខជាមួយគ្នា ដូចពលរដ្ឋអ៊ុយក្រែនដែលកំពុងរស់នៅក្នុងប្រទេសរបស់គេបច្ចុប្បន្នដែរ។

ការអះអាងនេះ ក្រោយពេលប្រទេសអ៊ុយក្រែនបានធ្លាក់ចូលក្នុងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី រយៈពេលជិត១ខែមកហើយ ពោលគឺគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈមក ខណៈរដ្ឋាភិបាលកម្ពុជាធ្លាប់បញ្ជាក់ថា មានពលរដ្ឋនិងអតីតនិស្សិតខ្មែរចំនួន២៣គ្រួសារកំពុងរស់នៅក្នុងប្រទេសមួយនេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ឬពេទ្យលោកសង្ឃ នាព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន មានប្រសាសន៍ថា ​មិនមាន​បញ្ជាណាមួយឱ្យពលរដ្ឋទាំង២៣គ្រួសារដែលកំពុងរស់នៅអ៊ុយក្រែនរត់ចោលប្រជាជនអ៊ុយក្រែនឡើយ។ លោកបន្តថា ពលរដ្ឋខ្មែរទាំងនោះត្រូវបន្តរស់នៅក្នុងប្រទេសអ៊ុយក្រែន។

លោក ហ៊ុន សែន បន្តថា៖ «ប្រជាជនអ៊ុយក្រែនគាត់រស់នៅយ៉ាងម៉េចបាន យើងរស់នៅជាមួយពួកគាត់ទៅ កុំរត់ចោលគ្នា»។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ​ក្នុងអំឡុងឆ្នាំ២០១៣​ ប្រទេសកូរ៉េខាងជើងគំរាមធ្វើសង្គ្រាមដាក់កូរ៉េខាងត្បូង ពេលនោះមានប្រទេសមិនតិចទេដែលលើកឡើងអំពីបញ្ហាត្រូវជម្លៀសពលករគេចេញពីកូរ៉េខាងត្បូង តែកម្ពុជាមិនបាន​ជម្លៀស​ពលរដ្ឋរបស់ខ្លួនឡើយ។

លោកបានឆ្លើយតបថា ពេលនោះ កម្ពុជាមិនមែនមិនយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់ខ្លួនទេ ប៉ុន្តែទីមួយគឺសមត្ថភាពនៃការដឹកជញ្ជូន ព្រោះពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងរស់នៅប្រទេសកូរ៉េខាងត្បូងមាន​ជាង៥ម៉ឺននាក់ ព្រមទាំង​បញ្ហារួមសុខរួមទុក្ខជាមួយគ្នាផងដែរ។  ​

ទន្ទឹមនឹងនេះ កាលពីពេលប្រទេសចិនផ្ទុះជំងឺកូវីដ-១៩ដំបូង កាលពីចុងឆ្នាំ២០១៩ លោកក៏មិនបានជម្លៀសនិស្សិតខ្មែរចេញពីប្រទេសចិនមកនោះដែរ។ ​

ផ្ទុយទៅវិញ លោក ហ៊ុន សែន ថែមទាំងបាន​នាំកូនប្រុសច្បងរបស់លោក និងប្រតិភូរដ្ឋាភិបាលផ្សេងទៀតទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីជួបជាមួយថ្នាក់ដឹកនាំចិន ​ដើម្បីបង្ហាញអំពីសាមគ្គីភាពក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ ទៀតផង។

លោក ហ៊ុន សែន បានលើកឡើងថា​៖ «ផ្ទុយទៅវិញ ខ្ញុំធ្វើដំណើរទៅកាន់ប្រទេសចិន ទៅប៉េកាំង ដើម្បីជួបប្រធានាធិបតី ស៊ី ជីនពីង ជួបនាយករដ្ឋមន្ត្រី លី ខឺឈាង នៅទីនោះ ដើម្បីបង្ហាញអំពីសាមគ្គីភាពក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ ហើយក៏ជំរុញឱ្យនិស្សិតខ្មែរដែលកំពុងសិក្សានៅទីនោះ បន្ដរួមរស់នៅជាមួយប្រជាជនចិន និស្សិតចិនតទៅទៀត»។ 

កន្លងមក មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានអះអាងថា ពលរដ្ឋនិងអតីតនិស្សិតខ្មែរ២៣គ្រួសារដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននោះ ពួកគេមានសុវត្ថិភាពជាធម្មតា ហើយមន្ត្រីទូតខ្មែរប្រចាំនៅប្រទេសរុស្ស៊ី ក៏បានទាក់ទងពួកគេជាប្រចាំផងដែរ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ