ជប៉ុន​ចង់ឃើញ​កម្ពុជា​លើក​កម្ពស់​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ជាផ្លូវការនៃដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​​​មេដឹ​​កនាំ​ជ​ប៉ុ​​​​នប​ង្ហាញចេ​តនា​​ច​ង់​​​​ឃើ​ញកម្ពុជា​លើ​កក​ម្ព​ស់លទ្ធិប្រជាធិ​បតេយ្យនិងនីតិរដ្ឋ​ ខ​​ណៈការបោះឆ្នោតជិតចូលមកដល់ ប៉ុន្តែគណប​ក្ស​ប្រ​ឆាំងដែលធ្លាប់ទទួលបានសំឡេង​ឆ្នោតគាំ​ទ្រប្រហាក់​ប្រហែលបក្សកាន់អំ​ណា​​ចដែរនោះ ត្រូវបាន​ប​​ន្ត​​រារាំងឱ្យនៅក្រៅឆាកនយោបាយក្រោមហេតុផល​អនុវត្តច្បាប់។

នេះ​​បើតាមសេ​ច​ក្ដីថ្លែងការណ៍រួមចេញផ្សាយកាលពីថ្ងៃអាទិត្យ ក្រោយជំនួបបិទទ្វាររវាងនាយករដ្ឋមន្ត្រីក​ម្ពុ​​ជា លោក ហ៊ុន​ សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមិអុ (Kishida Fumio)

សេ​ចក្ដីថ្លែងការណ៍រួម​បានលើកឡើងថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកា​រ​ផ្លាស់ប្ដូរទស្សនៈត្រង់​ទៅត្រង់មកលើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយផ្អែកលើការ​ទុកចិត្តគ្នាទៅវិញទៅមក។

សេចក្ដីថ្លែងការណ៍កម្រាស់១០ទំព័រដដែលបានគូសបញ្ជាក់​ថា ​នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា បានបង្ហាញចេតនាគាំ​ទ្រដ​ល់ការ​លើក​ក​ម្ពស់​លទ្ធិ​ប្រជា​ធិប​តេ​យ្យ ​និងនី​តិរដ្ឋ។

បន្ថែមពីនេះ​​ ជប៉ុ​ន​ច​ង់ឃើ​ញការ​បោះឆ្នោ​ត​​ឆ្លុះ​ប​​ញ្ចាំង​ពីសំ​ឡេងចម្រុះពីប្រជាជនកម្ពុជា ​លើកកម្ព​ស់កិច្ច​សន្ទ​នារវា​ងរ​ដ្ឋាភិបាលនិង​សង្គ​មស៊ី​វិល​ រួមទាំងការ​​ពង្រឹង​​អភិបាលកិច្ច តាមរយៈការចូ​ល​​រួ​​មរបស់ប្រជាព​ល​រដ្ឋ និងជំនួ​យបច្ចេកទេសផ្នែកច្បាប់ ជាដើម។

ការលើកឡើ​​ងរប​ស់នាយ​ករ​ដ្ឋមន្ត្រីជ​ប៉ុននេះ ស្រប​ពេល​ដែលកម្ពុ​ជាគ្រោ​ងនឹងរៀប​ចំកា​របោះឆ្នោតជ្រើសរើសសមាជិក​​ក្រុម​ប្រឹ​​ក្សា​​​ឃុំ-​​សង្កា​ត់​​នៅដើ​ម​ខែ​មិថុ​នា ​​ឆ្នាំ២០២២នេះ។

មួយវិញទៀត ក៏ចំពេលដែល​​គណ​បក្សស​ង្គ្រោះជាតិដែលតុលាការរំលា​យផាត់ចេញពីឆាកនយោបាយ ចា​ប់​​តាំងពីចុងឆ្នាំ២​០​១៧ រហូតបច្ចុប្បន្ន រួមទាំងថ្នាក់ដឹកនាំគណបក្សនេះ​ផង ត្រូ​​វបានរារាំងពីការចូលការបោះ​​ឆ្នោត តាមរយៈអំណាចតុលាការកំពូល។

លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ យល់ថា សាររបស់នាយករដ្ឋមន្ត្រីជប៉ុន ដូចគ្នាទៅនឹងមេដឹកនាំនៃប្រទេសប្រជាធិបតេយ្យមួយចំនួនទៀតដែរ គឺគេចង់ឃើញការប្រកួតអំណាចនៅកម្ពុជាឈរលើគន្លងប្រជាធិបតេយ្យ ឆ្លុះបញ្ចាំងពីឆន្ទៈរាស្ត្រពិតប្រាកដ រួមទាំងបញ្ឈប់ការប្រើប្រព័ន្ធតុលាការចោទប្រកាន់មេដឹកនាំរបស់ខ្លួនទាំងអយុត្តិធម៌។

លោកថា៖ «គេចង់ឃើញលោក កឹម សុខា មានសេរីភាពពេញលេញ មានសិទ្ធិធ្វើនយោបាយ អាហ្នឹងជាគីឡូប្រកួតរបស់អ្នកនយោបាយកំពូលៗនៃបក្សប្រឆាំង»។

នាយក​ទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា ជំនួបមេដឹកនាំកំពូលកម្ពុជា-ជប៉ុន មុនការបោះឆ្នោតមកដល់នេះ ជាសញ្ញាវិជ្ជមានមួយ ដោយសម្អាងថា កន្លងទៅ ជប៉ុនក៏ធ្លាប់ទម្លាយភាពទាល់ច្រកនៃវិបត្តិនយោបាយនៅកម្ពុជា ដើម្បីស្ដារប្រជាធិបតេយ្យផងដែរ។

តែយ៉ាងណា លោកបារម្ភថា កម្ពុជាអាចនឹងបន្តខាតបង់ បើរបត់នយោបាយនៅកម្ពុជាមិនមានអ្វីវិវត្តទេនោះ។

លោកថា៖ «ជាបទពិសោធន៍កន្លងមក បើកម្ពុជាយើងបើកលំហសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិមនុស្សនៅកម្ពុជា កម្ពុជាអាចនឹងចំណេញច្រើនតទៅមុខទៀត ប៉ុន្តែបើមិនមានអ្វីវិវត្តជាងនេះទេ អ៊ីចឹងវាមិនអាចទទួលបានផលចំណេញច្រើនទេ»។

សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា សាររបស់នាយករដ្ឋមន្ត្រីជប៉ុនពេលនេះ ជាការឆ្លុះបញ្ចាំងថា ជប៉ុននៅតែចង់ឃើញកម្ពុជាវិលទៅស្ដារប្រជាធិបតេយ្យឡើងវិញ។

ប៉ុន្តែលោកថា សារនេះគ្មានឥទ្ធិពលដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាទេ ដរាបណាក្រុមលោកសេរីមិនប្រើសំឡេងរួមគ្នា ដើម្បីជំរុញបញ្ហានេះនោះ។

លោកថា៖ «បើយើងគិត រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នហ្នឹងគាត់បានឈរជំហរនយោបាយការបរទេស គាត់[ងាក]មកបន្ទាត់នយោបាយការបរទេសរួមរបស់សហគមន៍អន្តរជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែនេះ។ ដូច្នេះ គាត់ក៏ជាអ្នកផ្ចុងផ្ដើមគំនិតនៃសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ហ្នឹងជាចំណុចមួយរួចផុតពីការរិះគន់ច្រើនឬក៏ដាក់សម្ពាធច្រើនហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ