បទយកការណ៍៖ កម្ចី​ពី​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​ជួយ​សម្រួល​ជីវភាព​ពលរដ្ឋ តែ​ទាមទារ​ឱ្យ​មាន​ផែនការ​ច្បាស់លាស់​ដើម្បី​ចៀស​ពី​អន្ទាក់​បំណុល

ធនាគារ ABA ស្ថិតនៅកែងស្តុបសន្ធរម៉ុក ក្រុងភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ហង់ សុខហុង)

ពលរដ្ឋមួយចំនួនអះអាងថា កម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុ បានជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់ច្រើន ជាពិសេស​តម្រូវការជីវភាពទៅលើគោលដៅសំខាន់ៗ ខណៈអ្នកជំនាញថាការប្រើប្រាស់កម្ចីបែបនេះទាមទារឱ្យមានផែនការប្រើប្រាស់ច្បាស់លាស់និងចំគោលដៅ ដើម្បីចៀសវាងការធ្លាក់ក្នុងអន្ទាក់បំណុល។

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅខេត្តពោធិ៍សាត់ លោក ស៊្រុន តារាពង្ស លើកឡើងថា បច្ចុប្បន្ន លោកចិញ្ចឹមមេជ្រូកចំនួន៣០ក្បាល និងកូនជ្រូកជាច្រើនក្បាលទៀត។ លោកថា របរនេះក៏ទាមទារឱ្យលោកមានប្រាក់កាសសម្រាប់បង្វិលលើការថែទាំ ទិញចំណី និងសង់រោងចិញ្ចឹមជ្រូកថ្មីជាដើម។

លោកថា រយៈពេលជាង៣ឆ្នាំដែលលោកចិញ្ចឹមនេះ គឺចាំបាច់ត្រូវតែមានកម្ចីពីធនាគារជាដើមទុនបម្រុងបន្ថែមទៀត បើទោះលោកមានប្រាក់បម្រុងខ្លះសម្រាប់ផ្គត់ផ្គង់លើការចិញ្ចឹមរួចទៅហើយក៏ដោយ។

លោកថា៖ «លុយពីធនាគារហ្នឹង ជួយដោះស្រាយពេលយើងកង្វះម្ដងៗ បានន័យថា បើសិនជាអត់មានធនាគារឱ្យខ្ចីទេ គឺយើងចប់ហ្មង! យើងអត់មានទុនឯណា ដើម្បីយកមកបង្វិលនៅក្នុងកសិដ្ឋានរបស់យើងទេ អត់មានសោះហ្មង! ចំពោះខ្ញុំ បើសិនជាខ្ញុំខ្វះខាតថវិកា បើខ្ញុំមិនខ្ចីធនាគារទេ បានន័យថា កសិដ្ឋានខ្ញុំត្រូវតែដួលរលំហើយ! ដូចថាអ៊ីចឹង អាសត្វហ្នឹងមានជំងឺផងអីផង និយាយទៅមានបញ្ហាច្រើន»។

លោក ស៊្រុន តារាពង្ស ថាមកទល់ពេលបច្ចុប្បន្ន លោកជំពាក់បំណុលធនាគារជិត២ម៉ឺនដុល្លារអាមេរិក។ យ៉ាងណា លោកថា មុននឹងសម្រេចខ្ចីប្រាក់ទាំងនេះពីធនាគារ លោកបានពិចារណានិងរៀបផែនការចាយវាយច្បាស់លាស់ហើយ។

លោកគូសបញ្ជាក់ថា៖ «យើងត្រូវដឹងខ្លួនឯងឱ្យច្បាស់ថាយើងអាចយកបានត្រឹមប៉ុនណា? មុខរ​បរយើង បើសិនជាយើងខាត ខាតហើយ! តើយើងអាចត្រឡប់ថា ទោះជាយើងខាតមួយវគ្គហ្នឹង តែយើងនៅតែមានលុយសងទៅគេ [ដេប៉ូលក់ចំណីជ្រូក] វិញ។ ដូចខ្ញុំឥលូវ បើសិនជាខ្ញុំខាត ក៏ខ្ញុំនៅតែមានលុយបង្វិល ដូចលក់សាច់លក់អីអ៊ីចឹង ដើម្បីបង្វិលទៅគេវិញ។ និយាយរួមទៅ យើងធ្វើម៉េចបម្រុងខ្លួនឯង យើងខ្ចីក្នុងកម្រិតប៉ុនណា ដែលយើងអាចធ្វើវាវិញបាន។ បើយើងខ្ចី​ [ប្រាក់ពីធនាគារ] លើសសមត្ថភាព ក៏វាពិបាកដែរ»។

កសិករមួយរូប​នៅ​ខេត្ត​សៀម​រាប អ្នកស្រី ប៊ុន កិមឡា ប្រាប់​ថា អ្នកស្រីខ្ចីប្រាក់ពីធនាគារ ដើម្បីទិញជីកសិកម្មមកស្តុកទុកសម្រាប់សមាជិកសហគមន៍នារដូវធ្វើស្រែ។ អ្នកស្រីថា ​ជីវភាពប្រជាសហគមន៍ច្រើនតែលំបាកខ្លាំងនារដូវដកស្ទូង ខណៈពួកគាត់ពុំសូវមានលុយគ្រប់គ្រាន់សម្រាប់ទិញជីទេ។

អ្នកស្រីបន្ថែមថា បើអ្នកភូមិទៅខ្ចីជីដោយផ្ទាល់ពីអាជីវករដែលលក់នៅទីផ្សារនោះ ហើយសឹមសងប្រាក់វិញនៅពេលប្រមូលផលស្រូវនោះក៏បានដែរ តែគេទាមទារការប្រាក់ថ្លៃណាស់។ ដូច្នេះ អ្នកស្រីក្នុងនាមតំណាងសហគមន៍ បានខ្ចីថវិកាពីធនាគារដើម្បីទិញជី រួចបង់រម្លស់ទាំងថ្លៃដើមនិងការប្រាក់បណ្ដើរៗ។ បន្ទាប់មក នៅពេលដែលប្រមូលផលស្រូវ ទើបកសិករលក់ស្រូវ រួចបង់ប្រាក់ថ្លៃជីទាំងដុលវិញ។

សំឡេងភ្លេងការលាន់ឮ អមដោយស្នូរចិញ្ច្រាំសាច់​តុកតាក់ៗ ជាមេចុងភៅតាមរោងការផងនោះ អ្នកស្រី ប៊ុន កិមឡា ប្រាប់ថា យ៉ាងហោចណាស់ កម្ចីធនាគារ និងហិរញ្ញវត្ថុ បានជួយសម្រាលបន្ទុករបស់អ្នកភូមិនៅពេលទីទ័លក្រ ខណៈពួកគាត់មួយចំនួនប្រកបរបរធ្វើស្រែសុទ្ធសាធ ពុំមានមុខរបរផ្សេងដូចជាអ្នកស្រីទេ។

អ្នកស្រី ប៊ុន កិមឡា ថា៖ «បើយើងអត់ខ្ចីធនាគារ យើងអត់មានជីលក់ឱ្យប្រជាជនក្នុងភូមិ! ប្រជាជនទៅទិញនៅឯផ្សារ វាការ [ប្រាក់] ថ្លៃ។ វាមានបញ្ហាច្រើនសម្រាប់អ្នកក្រ ដោយសារគេគិតការវាច្រើន។ កម្ចីធនាគារ វាជួយយើងកាត់ [បន្ថយ] បំណុលជី។ បើសិនជាយើងទិញពីទីផ្សារផ្ទាល់ យើងអត់មានប្រាក់ឡើង [ដល់ដៃ] ឱ្យគេអ៊ីចឹង ក្រុមហ៊ុនជី គេគិតការប្រាក់ពីយើងមួយតង់ [បន្ថែម] ទៀត»។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ អ្នកស្រី ឡឹង លក្ខិណា ប្រាប់ថា គាត់បានខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះតម្លៃ៥ម៉ឺនដុល្លារអាមេរិក ដែលតម្រូវឱ្យអ្នកស្រីត្រូវបង់ការប្រាក់និងប្រាក់ដើមទៅធនាគារវិញប្រចាំខែ។ យ៉ាងណា អ្នកស្រីថា គាត់មានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់បង់វិញ គ្រាន់តែទាមទារឱ្យមានការត្បិតត្បៀតលើការចំណាយជាងមុន ក្នុងអំឡុងពេលកូវីដ-១៩។

អ្នកស្រីថា៖ «និយាយរួមមួយម៉ាត់ថា យើងអត់មានដើមទុន យើងអត់អាចធ្វើនំអត់ម្សៅបានទេ។ អ៊ីចឹងយើងត្រូវតែដាច់ចិត្តថា គេឱ្យលុយយើងខ្ចី គេប្រាកដជាត្រូវតែទទួលបានការប្រាក់ត្រលប់ទៅវិញហើយ គ្រាន់តែថាការប្រាក់ធនាគារវាធូរ ហើយលក្ខខណ្ឌនៃការបង់គឺវាទៅទាំងដើមទាំងការ វាល្អជាងយើងយកលុយឯកជនអីអ៊ីចឹង»។

ក្នុងឯកសណ្ឋានពណ៌ស ពាក់ម៉ាស់ និងស្រោមដៃ ​កំពុងមមាញឹករៀបកញ្ចប់ថ្នាំពេទ្យដាក់ក្នុងទូកញ្ចក់ អ្នកស្រី ឡឹង លក្ខិណា ប្រាប់ថា ទាំងគាត់និងស្វាមីសុទ្ធតែមានចំណូលប្រចាំខែរៀងៗខ្លួន ហើយនិងអាចរកចំណូលបានពីអាជីវកម្មខាងក្រៅបន្ថែមទៀត។

ទោះជាបែបនេះក្ដី អ្នកស្រីថា គាត់នៅតែប្រយ័ត្នប្រយែងខ្លាំងលើការចំណាយ ដោយសារមានកូន២នាក់ក្នុងបន្ទុកដែលកំពុងរៀនសូត្រ ដោយអ្នកស្រីថា ក្រៅពីការបង់ការប្រាក់ធនាគារ បូកនឹងការចាយវាយ គ្រួសារអ្នកស្រីចំណាយក្នុងមួយខែៗមិនក្រោម២ ៥០០ដុល្លារអាមេរិកទេ។

អ្នកស្រីថា៖ «[សម្រាប់ពលរដ្ឋ] គាត់មានបំណុល! អ៊ីចឹងប្រាក់ដែលគាត់រកបាន អាហ្នឹងគឺយើងហៅថា priority [អាទិភាព] គឺគាត់ត្រូវដកអាហ្នឹងមុនគេទុក មុននឹងគាត់ធ្វើអ្វីផ្សេងទៀត។ ហើយទី២ ប្រាក់ដែលគាត់រកបាន គឺមុននឹងគាត់ចំណាយទៅលើអីវិញ គឺគាត់ត្រូវគិតៗឱ្យល្អិតល្អន់មែនទែនហ្មង ថារបស់ដែលគាត់ចំណាយ​[លុយទិញ]ហ្នឹង ចាំបាច់អត់? និយាយរួម សូម្បីតែ១ពាន់ ២ពាន់ ៣ពាន់លុយខ្មែរ លុយរៀលយើងហ្នឹងក៏ដោយ ក៏គាត់ត្រូវគិតដែរ»។

អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី លើកឡើងថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រៀបបីដូចជាសរសៃឈាមសម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជាយ៉ាងដូច្នេះដែរ។

ក្រៅពីនោះ លោកថា ស្ថាប័នបរទេសជាច្រើនបានសិក្សានិងរកឃើញថា ស្ថាប័នធនាគារនិងហិរញ្ញវត្ថុបានជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ តាមរយៈការប្រមូលធនធានដែលពលរដ្ឋមិនប្រើប្រាស់ ទៅដាក់ឱ្យពលរដ្ឋដែលត្រូវការដើមទុនបង្កើត ពង្រីកមុខរបរ បង្កើនប្រាក់ចំណូល ជាដើម ខណៈអ្នកដែល​ដាក់ប្រាក់នៅធនាគារបានទទួលមកវិញនូវការប្រាក់សមរម្យទៀតផង។

យ៉ាងណា លោកថា ពលរដ្ឋដែលខ្ចីក៏ត្រូវមានភាពស្មោះត្រង់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះវិញ ថានឹងយកកម្ចីទៅប្រើលើអ្វីឱ្យប្រាកដ ហើយថាតើនឹងមានលទ្ធភាពសងវិញឬយ៉ាងណា ដោយលោកលើកទឹកចិត្តឱ្យមានការពិភាក្សាជាមួយមន្ត្រីស្ថាប័នផ្ដល់កម្ចីឱ្យបានច្បាស់លាស់ផងដែរ។

អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ ចង់ឃើញពលរដ្ឋយកកម្ចីទៅបង្កើតមុខរបរ ទិញរបស់ចាំបាច់និងចំគោលដៅ ជាជាងយកទៅចាយវាយលើសម្ភារហ៊ឺហារសម្រាប់សម្ញែង ដោយលោកថា នោះពុំមែនជាតម្រូវការចាំបាច់ទេ ហើយអាចរុញច្រានឱ្យពលរដ្ឋមានបន្ទុកលើសដើម។

លោក តុងងី ថា៖ «កាលណាដែលយើងខ្ចីឥណទានទៅប្រើប្រាស់ទៅលើរបស់ដែលមិនចាំបាច់ វានឹងមិនជួយឱ្យប្រជាពលរដ្ឋយើងរីកចម្រើនទេ ផ្ទុយទៅវិញ វាអាចក្លាយជាសម្ពាធឬក៏បន្ទុកបន្ថែមលើការចំណាយប្រចាំថ្ងៃ ប្រចាំខែរបស់ប្រជាពលរដ្ឋយើង។ អ៊ីចឹងដើម្បីឱ្យរីកចម្រើន សូមប្រើប្រាស់ឥណទានហ្នឹងទៅលើអ្វីដែលចាំបាច់ ប្រើប្រាស់ឥណទានហ្នឹងទៅលើអ្វីដែលជួយឱ្យប្រជាពលរដ្ឋយើងមានការកើនប្រាក់ចំណូលជាប្រចាំ»។

លោក កាំង តុងងី លើកទឹកចិត្តឱ្យពលរដ្ឋដែលមានប្រាក់នៅសល់ គួរយកទៅដាក់សន្សំនៅធនាគារនិងហិរញ្ញវត្ថុ ដើម្បីសុវត្ថិភាព ទទួលកំណើនប្រាក់កាស និងទទួលបានអត្រាការប្រាក់សមរម្យ ព្រមទាំងបានជួយសេដ្ឋកិច្ចជាតិឱ្យដើរទៅមុខ។

អ្នកជំនាញផ្ដល់ប្រាក់កម្ចីនៅស្ថាប័នធនាគារពាណិជ្ជ និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដើម្បីការវិនិយោគ អ្នកនាង តាត លាងគុណ សង្កេតឃើញថា ជាទូទៅ វត្ថុបំណងនៅក្នុងការប្រើប្រាស់សេវាកម្មកម្ចីពីធនាគារ​ មានដូចជាការប្រើប្រាស់ផ្ទាល់ខ្លួន ការកសាងគេហដ្ឋាន ការទិញទ្រព្យ មធ្យោបាយធ្វើដំណើរ ​ដើមទុនដើម្បីពង្រីកអាជីវកម្មក្នុងគោលដៅបង្កើនប្រាក់ចំណូល ជាដើម។

អ្នកនាងចាត់ទុកថា វត្ថុបំណងទាំងនេះជាក្តីសុបិនដែលអាចបំពេញតាមរយៈកិច្ចសហការល្អពីសំណាក់ដៃគូជំនួយការហិរញ្ញវត្ថុ គឺធនាគារ បើសិនជាលទ្ធភាពរបស់ពួកគេនៅមានកម្រិត។

សម្រាប់អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះថា ធនាគារបាននិងកំពុងដើរតួនាទីជាដៃគូដ៏សំខាន់នៅក្នុងការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងជ្រោមជ្រែងលើកតម្កើងសេដ្ឋកិច្ចគ្រួសារពលរដ្ឋ តាមរយៈការប្រើប្រាស់សេវាកម្មធនាគារនិងប្រាក់កម្ចី ដើម្បីពង្រីកអាជីវកម្ម និងការអភិវឌ្ឍ។

ស្របពេលដែលកំពុងផ្ដោតលើជំនាញអភិវឌ្ឍន៍អាជីវកម្ម SME និងប្រភពហិរញ្ញវត្ថុដើម្បីការវិនិយោគអាជីវកម្មផង អ្នកនាង តាត លាងគុណ យល់ថា ធនាគារក៏បានផ្ដល់ជាចំណេះដឹងហិរញ្ញវត្ថុមួយផ្នែកដល់ពលរដ្ឋដែលជាអតិថិជន តាមរយៈការផ្ដល់សេវាកម្មប្រឹក្សា ផ្ដល់ព័ត៌មាន និងពន្យល់ណែនាំ ជាដើម។ ​

បើនិយាយអំពីការដាក់ពាក្យស្នើសុំប្រាក់កម្ចីវិញ អ្នកជំនាញ​រូបនេះថា​ មន្ត្រីធនាគារជួយច្រើនលើការរៀបចំឯកសារ ផ្ដល់ជាយោបល់ទៅលើគោលបំណងនៃការប្រើប្រាស់ប្រាក់កម្ចី និងជួយសម្រួលដល់ដំណើរការនានាទៀតផង។

អ្នកនាង លាងគុណ និយាយថា៖ «ខ្ញុំយល់ថា នេះជាការជួយសម្រួលដល់ការកសាងសេដ្ឋកិច្ចគ្រួសារ ក៏ជាលក្ខខណ្ឌបន្ធូរបន្ថយពីសំណាក់ធនាគារជាតិនៃកម្ពុជាផងដែរ ព្រោះថាបើផ្អែកលើចំណេះជំនាញជាក់ស្ដែងរបស់ពលរដ្ឋ សូម្បីគោលដៅនៃប្រើប្រាស់ប្រាក់កម្ចី ការរៀបចំផែនការលើការពង្រីកអាជីវកម្ម ក៏ភាគច្រើន ពលរដ្ឋយើងមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ហេតុនេះហើយ គឺទាល់តែខាងភាគីធនាគារផ្ដល់ការយោគយល់ និងមានការសម្របសម្រួលច្រើន ទើបអាចដំណើរការពាក្យស្នើសុំប្រាក់កម្ចីយកមកប្រើប្រាស់បាន»។

យ៉ាងណា អ្នកជំនាញដែលធ្វើការផ្នែកហិរញ្ញវត្ថុជាង១០ឆ្នាំរូបនេះបន្តថា ដើម្បីប្រើប្រាស់កម្ចីឱ្យចំគោលដៅ គឺអ្នកខ្ចីត្រូវមានផែនការជាក់លាក់ និងមានភាពប្រាកដនិយមទៅលើការអនុវត្តផែនការនោះ។

អ្នកនាងបន្តថា៖ «គិតហើយគូស គូសវាសហើយ ដើរទៅតាមប្លង់ដែលបានគិតទុកនោះតែម្ដង។ ហើយប្រសិនបើមានស្ថានការណ៍តម្រូវឱ្យមានភាពបត់បែនខ្លះនៅក្នុងដំណើរការអនុវត្តផែនការ ក៏មិនជាអ្វីដែលមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយក៏ជារឿងធម្មតា។ ប៉ុន្តែប្រសិនបើការប្រើប្រាស់ប្រាក់កម្ចីមិនចំគោលដៅ ឬមិនអនុវត្តផែនការដែលបានគ្រោងទុកទេនោះ ពិតណាស់ គឺនឹងមានផលប៉ះពាល់ដល់អនាគត»៕

បើតាមលោក កាំង តុងងី ឱ្យដឹងតាមរយៈរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២» ​ថាប្រជាពលរដ្ឋកម្ពុជាមានជំនឿទុកចិត្តមកលើប្រព័ន្ធធនាគារ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់បញ្ញើអតិថិជន (Deposit) ដែលមានជាង៣៨ប៊ីលានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ២០២១។ ក្នុងនោះ គណនីប្រាក់បញ្ញើកើនដល់១២លានគណនី (១២ million Deposit Accounts) ។

ដោយឡែក ឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ មាន​ជិត៤៦ប៊ីលានដុល្លារអាមេរិក ដែលត្រូវបានបែងចែកទៅគ្រប់វិស័យ។ ក្នុងនោះ គណនីឥណទានអតិថិជនកើនដល់៣,៣លានគណនី។

បើតាមរបាយការណ៍ទទួលបានពីមន្ត្រីធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២២នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពជាដែលផ្ដល់កម្ចីមានធនាគារពាណិជ្ជ ៥៦ (បង្កើតឡើងក្នុងស្រុក ២៦), ធនាគារឯកទេស១០, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់​បញ្ញើ ៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៧៩ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៣២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ