លោក ប្រាក់ សុខុន ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ជា​លើកដំបូង​ក្នុង​គោលបំណង​ឱ្យ​មាន​កិច្ចសន្ទនា​នយោបាយ

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ (ហ្វេសប៊ុក៖ ក្រសួងការបរទេស)

ប្រសិតពិសេសរបស់ប្រធានអាស៊ាន និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានដឹកនាំប្រតិភូរបស់ខ្លួនចាកចេញពីកម្ពុជា ​ទៅធ្វើទស្សនកិច្ចការងារលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ​ដើម្បីលើកទឹកចិត្តឱ្យមានការពិគ្រោះយោបល់លើកិច្ចនយោបាយនិងមនុស្សធម៌ ខណៈប្រទេសនេះកំពុងមានវិបត្តិផ្ទៃក្នុងធ្ងន់ធ្ងរ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ទស្សនកិច្ច​នេះមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងមានការយល់ព្រមពីមេដឹកនាំប្រទេសនេះ គឺលោក មីន អ៊ុងឡាំង ផងដែរ។ ​

លើសពីនេះទៅទៀត គោលបំណងនៃដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសនេះ គឺដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដែលឈានទៅដល់ការបញ្ចប់អំពើហិង្សា ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ ជាដើម។

វិបត្តិផ្ទៃក្នុងមីយ៉ាន់ម៉ា ឬភូមា បានកើតឡើងកាលពីដើមឆ្នាំ២០២០ ក្រោយមេដឹកនាំយោធា លោក មីន អ៊ុងឡាំង បាន​ធ្វើរដ្ឋប្រហារ និងចាប់ខ្លួនលោកស្រី អ៊ុងសាន សូជី ដែលឈ្នះការបោះឆ្នោត និងជាតំណាងឱ្យអ្នកប្រជាធិបតេយ្យនៅប្រទេសនេះ។ វិបត្តិនយោបាយក្នុងប្រទេសនេះបានបង្កទៅជាសង្គ្រាមផ្ទៃក្នុងអូសបន្លាយជាង១ឆ្នាំមកហើយ ថែមទាំងបានសម្លាប់ពលរដ្ឋស៊ីវិលរាប់ពាន់នាក់ថែមទៀតផង។

​យ៉ាងណា ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់កម្ពុជា-ជប៉ុន កាលពីម្សិលមិញ បានជំរុញឱ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាត្រូវអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុចរបស់អាស៊ានឱ្យបានឆាប់រហ័ស និងជួយសម្រួលដល់ការចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាម៉ា។ ​

កិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុចស្ដីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ត្រូវបានដាក់ចេញដោយកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ​រួមមាន តម្រូវឱ្យ​របបយោធាភូមាបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។ បន្ថែមពីនេះ ការចាប់ផ្ដើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ដោយឡែក ចំណុចទី៣ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួលនៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ហើយអាស៊ានត្រូវផ្ដល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ។ ជាងនេះទៀត ប្រេសិតពិសេស និងគណៈប្រតិភូ នឹងធ្វើទស្សនកិច្ចនៅ​មីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ