ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​តវ៉ា​មុខ​សាលាខណ្ឌ​ព្រែកព្នៅ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី

ពលរដ្ឋជិត​១០០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​​៨៨គ្រួសារ រស់​នៅ​ជាប់​បឹង​តាមោក ក្នុងសង្កាត់​​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នាតវ៉ាមុខ​សាលាខណ្ឌ ដើម្បីទាមទារឱ្យអាជ្ញាធរ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ដីធ្លី។ (ផ្ដល់ឱ្យ)

អ្នក​ភូមិ​​អះអាង​ថា ពួក​គាត់​​ជិត​១០០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​​៨៨គ្រួសារ រស់​នៅ​ជាប់​បឹង​តាមោក ក្នុងសង្កាត់​​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នាតវ៉ាមុខ​សាលាខណ្ឌ ដើម្បីទាមទារឱ្យអាជ្ញាធរ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ដីធ្លី។

លោក ជ័រ សារិន ដែលអះអាងថា​​ជាតំណាង​ប្រជាពលរដ្ឋ ប្រាប់វីអូឌីថា អ្នកភូមិប្រហែល​៨០នាក់សម្រេចទៅតវ៉ានៅមុខសាលាខណ្ឌព្រែកព្នៅនេះ ដោយសារ​អាជ្ញាធរនៅសង្កាត់បដិសេធមិនដោះស្រាយដីធ្លីជូនពួក​គាត់ ខណៈដីដែលកំពុងមានជម្លោះដីនោះត្រូវបានក្រុមហ៊ុនពុះជាឡូត៍ និងកំពុងផ្សព្វផ្សាយ​លក់។

តំណាងពលរដ្ឋរូបនេះអះអាងថា ដី៧៩ហិកតា​​​របស់​​អ្នក​ភូមិ​៨៨គ្រួសារ ដែលនៅ​ជាប់បឹងកប់​ស្រូវ ឬបឹងតាមោក ស្ថិតក្នុងភូមិកប់ស្រូវ សង្កាត់គោករកា ត្រូវ​បានក្រុម​ហ៊ុន​ឯកជនមួយមិនស្គាល់ឈ្មោះ បាន​ធ្វើសកម្មភាពដឹក​ដី​ចាក់លុប​យក​ធ្វើ​កម្ម​សិទ្ធិ​តាំង​ពី​ចុង​ឆ្នាំ២០២១ ដោយមិនបានដោះស្រាយផលប៉ះពាល់ឡើយ ខណៈអ្នកភូមិបានចូលទៅអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។

លោកបន្ថែមថា៖ «ចូលមកឆ្នាំ១៩៨២ និង១៩៨៣ហ្នឹង យើង​បាន​ចូល​បង្ក​បង្កើន​ផល ដោយ​ធ្វើស្រែ​ប្រាំង ដាំឈូក និងបន្លែបង្ការផ្សេងៗហ្នឹង។ ប៉ុន្តែមកដល់ឆ្នាំ២០២១ និង២០២២ហ្នឹង ស្រាប់តែឃើញគេមកចាក់ដីលុប​ លុប​​ទាំងដីខ្ញុំកំពុង​ដាំឈូកទៀត។ អ៊ីចឹង​សំណង គឺខ្ញុំទាមទារជាគោលនយោបាយឱ្យពួកខ្ញុំបានរស់ផង ព្រោះខ្ញុំអស់កន្លែងបង្ក​បង្កើនផលទៀតហើយហ្នឹង»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ម៉ោង ស្រីណាក់ អះអាងថា គ្រួសារអ្នកស្រីបានអាស្រ័យផលលើដីទំហំទទឹង​៥០ម៉ែត្រ និងបណ្ដោយជាង១០០ម៉ែត្រ ដោយធ្វើស្រែប្រាំង ដាំឈូក និង​ដាំបន្លែផ្សេងៗ​ជា​បន្ត​បន្ទាប់តាំង​ពី​ឆ្នាំ១៩៨៥​ រហូតដល់ឆ្នាំ២០២១ ទើបមានក្រុមហ៊ុនឯកជនមួយចាក់លុប ហើយ​នៅ​ឆ្នាំ២០២២នេះ ក្រុមហ៊ុននោះ​បាន​ពុះជាឡូត៍សម្រាប់​ដាក់​លក់។

អ្នកស្រី​​បាន​បង្ហាញការខកចិត្តចំពោះអាជ្ញាធរ​ដែលមិនដោះស្រាយសំណងផលប៉ះពាល់ជូនពួកគាត់​ ខណៈ​ក្រុមហ៊ុនមកក្រោយមានសិទ្ធិ​ទិញលក់លើដីនោះ។

អ្នកស្រីបន្ថែមថា៖ «បើសិនជារដ្ឋ​គាត់យក គាត់ចេញថ្លៃអាស្រ័យផលយើងតិច​តួច ហើយគាត់ទៅកន្លែងអីមួយ​ជា​របស់​រដ្ឋ អាហ្នឹងយើងក៏មិន​អន់ចិត្ត មិនតូចចិត្តដែរ។ តែនេះ ​គេយក​មកពុះដីឡូត៍លក់ ធ្វើផ្ទះល្វែងលក់ ហើយអត់បានដោះស្រាយសំណងអីឱ្យផង ចុះដីដែលយើងខំអាស្រ័យជាង៣០ឆ្នាំ គ្មានប្រយោជន៍ទេ! អ៊ីចឹងហេតុ​អី​បាន​ជាក្រុមហ៊ុន​មាន​សិទ្ធិ​កាន់​កាប់ ហើយ​យើងគ្មានសិទ្ធិ»។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ បានទេ ពាក់ព័ន្ធករណីនេះ។

ប៉ុន្តែបើតាម​ចៅសង្កាត់​គោក​រកា លោក សន ស៊ីន ប្រាប់ ​វីអូឌី​ កាលពីថ្ងៃទី២៥ ខែកុម្ភៈថា ដីដែលកំពុងរងការ​ចាក់​លុបនោះជាដីរបស់រដ្ឋ ដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យផ្ដល់ជូនទៅក្រសួងមួយចំនួន ដើម្បីសាង​សង់​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោត លោក ឯម ខេមរា បានស្នើដល់អាជ្ញាធរពាក់ព័ន្ធពិចារណាដោះស្រាយជូនពលរដ្ឋ ដើម្បីធានាពីសិទ្ធិទទួលបានជីវភាពសមរម្យដែលមានចែងក្នុងច្បាប់ជាតិនិងអន្តរជាតិ ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញ ខណៈ​រដ្ឋាភិបាល​បាន​កាត់ដី​តំបន់​បឹង​តាមោក​អស់​រាប់​ពាន់ហិកតា​ឱ្យអ្នក​មានលុយ​មាន​អំណាច និងក្រុមហ៊ុនឯកជន។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ប្រសិនបើពុំមានការដោះស្រាយសមស្របណាមួយជូនពលរដ្ឋទេ នឹងអាចកើត​មាន​សកម្មភាពតវ៉ាផ្សេងៗ និងប៉ះពាល់ដល់ជីវភាពរស់​​នៅរបស់ប្រជាពលរដ្ឋទាំងនោះផងដែរ។

លោកបន្ថែមថា៖ «រដ្ឋាភិបាលបានកាត់ដី​ជូន​ក្រុមហ៊ុន​ឯក​ជន និង​បុគ្គល​ឯក​ជន​ហ្នឹង គឺរដ្ឋកាត់បាន។ ចុះហេតុ​អី​បាន​ឯកជន​ទាំង​ហ្នឹង​​មាន​​សិទ្ធិ​ទទួល​​បាន​​ដី​សាធារណៈរបស់រដ្ឋ? ចុះហេតុអីបានប្រជាពលរដ្ឋអត់មាន​សិទ្ធិ​ប្រកបមុខរបរ ឬក៏ទទួលផលពីដីកន្លែង ដើម្បី​ចិញ្ចឹមរបស់ពួកគាត់ពីផ្ទៃបឹងតាមោកនេះបាន?»

​បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានី​ភ្នំពេញ ហើយ​បឹ​ងមួយនេះ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​មួយ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​​២០២១ ផ្ទៃបឹងតាមោកសរុប​ជាង២ ០០០​ហិកតា ហើយត្រូវបានរដ្ឋាភិបាល​កាត់​​ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​​រដ្ឋ ​ក្រុមហ៊ុន​​​ឯក​ជន និង​បុគ្គលឯកជនមួយចំនួន​ ដែលគេដឹងថា ជាអ្នក​មាន​ប្រាក់និងមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ